ប្រជាពលរដ្ឋ​នៅ​ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ចំនួន ៨៤១​ប័ណ្ណ ពី​អភិបាលខេត្ត

(​កំពង់ធំ​)៖ ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ទទួលបាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​៨៤១​ប័ណ្ណ ដែល​បាន​ចែកជូន​ដោយ​អភិបាលខេត្ត​កំពង់ធំ នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ ដែល​ពិធី​ចែក​វិញ្ញាបនបត្រ សម្គាល់​ម្ចាស់​អចលនវត្ថុ​ជូន​ប្រជាពលរដ្ឋ បានធ្វើ​នៅក្នុង​បរិវេណ​វត្ត​ឈើទាល ឃុំ​ឈើទាល ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ។​

​ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ ជូន​ប្រជាពលរដ្ឋ ដែល​បានទទួល​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ អញ្ជើញ​មកពី​ឃុំ​ឈើទាល ។ ក្នុងឱកាស​នោះ ឯកឧត្តម សុខ លូ បាន​ថ្លែងថា សុខទុក្ខ​របស់​ប្រជាពលរដ្ឋ គឺជា​សុខទុក្ខ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​បាន​ជំរុញ​ឲ្យ​ជំនាញ​សុរិយោដី ចេញ​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ឲ្យ​អស់​ក្នុង​រយៈពេល​ពីរ​ឆ្នាំ ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​ចាត់ចែង​ស្របច្បាប់ ។​

​ឯកឧត្តម​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ភូមិ​ផង​របង​ជាមួយគ្នា សូម​ឲ្យ​មានការ​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក ដើម្បី​សេចក្តីសុខ របស់​កូនចៅ​យើង ជំនាន់​ក្រោយ កុំ​ឲ្យ​ស្គាល់​ការលំបាក និង​សង្គ្រាមរ៉ាំរ៉ៃ ជាពិសេស​អំពាវនាវ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ទៅពិនិត្យ​ឈ្មោះ​បោះ ឆ្នោត​ចំពោះ​បងប្អូន​ណា​ដែល​អត់​ទាន់ មានឈ្មោះ​សូម​ទៅ​ចុះឈ្មោះ​បោះឆ្នោត ឲ្យ​បាន​គ្រប់គ្នា​ដើម្បី​មាន​សិទ្ធិ ក្នុងការ​សម្រេចចិត្ត​ជ្រើសរើស​បុគ្គល​ដែល​យើង​ពេញចិត្ត​ឲ្យ​បំ​ម្រើ​ប្រជាពលរដ្ឋ ក្នុង​អាណត្តិ​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់ តែបើ​បងប្អូន​ពុំមាន​ឈ្មោះ​បោះឆ្នោត គឺ​មិន​អាចមាន​សិទ្ធិ​បំពេញ​កាតព្វកិច្ច​បាន​នោះទេ ។​

​ឯកឧត្តម សុខ លូ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ចូលរួម​ការពារ​ទប់​ស្កាត់​ការឆ្លង​រីក​រាលដាល មេរោគ​កូ​វីដ​១៩ ដល់​ប្រជាពលរដ្ឋ និង​សហគម​យើង​ព្រោះ​មេរោគ​កូ​វិដ​១៩​នេះ មិនទាន់​ទៅណា​ឆ្ងាយ​ពី​យើង​នោះទេ ដូច្នេះ​ត្រូវ​ចូលរួម អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល អោយបាន​ជាប់​ជានិច្ច ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ធំ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​