ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ស្រុក​ស្រីស្នំ ចុះ​ពិនិត្យ​ជំនន់​ទឹកភ្លៀង ស្របពេល​ប្រទេស​ថៃ ជូនដំណឹង​ពី​ការបើក​ទម្លាក់​ទឹក​មក​ប្រទេស​កម្ពុជា !

(​សៀមរាប​)៖ នៅ​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម ស៊ាន បូរ៉ាត់ រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ស្រុក​ស្រីស្នំ បាន​ដឹកនាំ​ក្រុមការងារ និង​អាជ្ញាធរ​ស្រុក ចុះ​ពិនិត្យ​ស្ថានភាព​ក​ម្រឹត​ទឹក​ក្នុង​ទំនប់​អាងទឹក​ស្ទឹង​ស្រែង នៃ​ស្រុក​ស្រីស្នំ ខេត្តសៀមរាប ស្របពេល​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានប្រកាស​កាលពី​យប់​មិញ​នេះ ថា​ប្រទេស​ថៃ នឹង​បើក​ទម្លាក់​ទឹក​មក​ប្រទេស​កម្ពុជា ហើយ​ខេត្តបន្ទាយមានជ័យ អាច​នឹងរង​ផលប៉ះពាល់​បន្ថែមទៀត​។​

​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ហ៊​ន់ ឫទ្ធិ អភិបាលស្រុក​ស្រីស្នំ បង្ហាញថា ទំនប់​អាងទឹក​ស្ទឹង​ស្រែង​១ របស់​ខេត្តសៀមរាប មាន​ប្រភពពី​ទំនប់​អាងទឹក​ស្ទឹង​ស្រែង​២ របស់​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែលជា​ខេត្ត​ជាប់​ព្រំប្រទល់​ប្រទេស​ថៃ​។ ប៉ុន្តែ​នៅ​ព្រឹក​នេះ ក​ម្រឹត​ទឹក​ក្នុង​ទំនប់​អាងទឹក​ស្ទឹង​ស្រែង​១ ពុំមាន​ការកើនឡើង គួរ​ឲ្យ​ព្រួយបារម្ភ​នោះឡើយ​។​

​យោងតាម​របាយការណ៍ គណៈកម្មាធិការ​គ្រោះមហន្តរាយ​ស្រុក​ស្រីស្នំ បង្ហាញថា ចាប់ពី​ថ្ងៃទី​០៤ ដល់ទី​១៤ ខែតុលា​ឆ្នាំ​២០២០​កន្លង ក្នុងស្រុក​ស្រីស្នំ មាន​ភ្លៀង​បាន​ធ្លាក់​ជា​បន្តបន្ទាប់ និង​បណ្ដាល​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង ហូរ​កាត់​ភូមិ​មួយចំនួន នៃ​ឃុំ​ទាំង​០៦ របស់​ស្រុក រួមមាន ឃុំ​ក្លាំងហាយ ឃុំ​ជ្រោយ​នាង​ងួន ឃុំ​ត្រាំសសរ ឃុំ​ប្រី​យ៍ ឃុំ​មោង និង​ឃុំ​ស្លែង​ស្ពាន ប៉ុន្តែ​ផលប៉ះពាល់​នោះ ពុំ​បង្ក​ឲ្យ​មាន​ភាព​ធ្ងន់ធ្ងរ​ឡើយ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​