អភិបាលខេត្តព្រះវិហារ ចុះពិនិត្យស្ថានភាពទឹកជំនន់ នៅក្នុងភូមិសាស្ត្រខេត្ត គ្រាដែលទឹកស្ទឹងសែន បានបន្តហក់ឡើងលើសកម្ពស់ គួរអោយប្រុងប្រយ័ត្ន !

(ព្រះវិហារ)៖ អភិបាលខេត្តព្រះវិហារ ឯកឧត្តមប្រាក់ សុវណ្ណ និងប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមឡុង សុវណ្ណ បានដឹកនាំមន្ត្រីខេត្ត ក្រុង ស្រុក មន្ទីរ និងអង្គភាពពាក់ព័ន្ធ ចុះតាមដាន និងពិនិត្យស្ថានភាពជំនន់ ទឹកភ្លៀងជាច្រើនកន្លែង នៅក្នុងភូមិសាស្ត្រខេត្ត ស្របពេលដែលដំណក់ទឹកភ្លៀង នៅតែបន្តធ្លាក់ជាប់ៗគ្នា នាច្រើនថ្ងៃនេះ រីឯទឹកស្ទឹងសែន បានបន្តហក់ឡើងលើសកម្ពស់កម្រិតប្រកាសអាសន្ន នាព្រឹកថ្ងៃទី១៦តុលា ឆ្នាំ២០២០នេះ។

នៅក្នុងដំណើរចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនាថ្ងៃនេះ អភិបាលខេត្តព្រះវិហារ ឯកឧត្តមប្រាក់ សុវណ្ណ ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្ត រួមនឹងមន្ត្រីសំខាន់ៗជាច្រើនរូបទៀត បានចុះទៅពិនិត្យទឹកស្ទឹងសែន ,ទំនប់បង្ហៀរទឹក នៃតំបន់ ទេសចរណ៍ទំនប់៩៥ ស្ថិតក្នុងក្រុងព្រះវិហារ និងបានបន្តដំណើរឆ្ពោះទៅកាន់ឃុំពុទ្រ្ធា ស្រុកជ័យសែន ថែមទៀតផង។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះវិហារ លោក ចាប កុយ បានថ្លែងប្រាប់ឲ្យដឹងថា បន្ទាប់ពីពិនិត្យឃើញថា ភ្លៀងបានបន្តធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ និងទឹកស្ទឹងសែន ក៏
ដូចជាទំនប់បង្ហៀរ ទឹកនានាទៀត បានបន្តហក់ឡើងខ្ពស់នោះ រដ្ឋបាលខេត្ត និងមន្ទីរធនធានទឹក បានចេញសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹងសែន ត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈបង្ការទុកមុន ព្រោះកម្ពស់ទឹកស្ទឹងសែន អាចហក់ឡើងលើសនេះបន្តទៀត។ លោក ចាប កុយ បានស្នើដល់រដ្ឋបាលខេត្ត មេត្តាផ្តល់ព័ត៌មាននេះ ជូនដល់ប្រជាពលរដ្ឋឲ្យបានដឹងជាមុនផង គ្រាដែលទឹកស្ទឹងសែន នៅថ្ងៃទី១៦តុលា នេះ បានបន្តហក់ឡើងដល់កម្ពស់ ១១.៥៨ម៉ែត្រ ខុសពីថ្ងៃម្សិលមិញ ទឹកមានកម្ពស់ ១១.៥០ម៉ែត្រ និងនៅថ្ងៃ នេះទឹកឡើងលើសកម្រិត ដែលត្រូវប្រុងប្រយ័ត្ន ០.០៨ម៉ែត្រ។

អភិបាលខេត្តព្រះវិហារ ឯកឧត្តមប្រាក់ សុវណ្ណ បានមានប្រសាសន៍ថា នៅពេលថ្មីៗកន្លងមកនេះ រដ្ឋបាលខេត្ត បានចេញសេចក្តីជូនដំណឹង ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដងស្ទឹងសែន ដងទន្លេ មេគង្គ និងតំបន់ទំនាបនានាទៀត ឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះគ្រោះទឹកជំនន់នេះ រួចមកហើយ។ លោកបានបន្តថា នៅថ្ងៃនេះបន្ទាប់ពីទឹកស្ទឹងសែន បានបន្តហក់ឡើងលើសកម្ពស់ប្រកាសអាសន្ន ឯកឧត្តមអភិបាលខេត្ត និងប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីចុះពិនិត្យពីស្ថានភាពជំនន់ទឹកភ្លៀងនេះ និងបាន ដាក់បទបញ្ជាដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងគ្រប់ប្រភេទ ត្រូវត្រៀមមធ្យោបាយ សម្ភារៈ និងកម្លាំងសរុប ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា។ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់មន្ត្រីមូលដ្ឋាន ត្រូវបន្តតាមដានពីស្ថានភាពទឹកភ្លៀង នៅតាមមូលដ្ឋានរៀងៗ ខ្លួន ឲ្យបានជាប្រចាំ និងត្រូវបន្តផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមដងស្ទឹងសែន ត្រូវមានការ ប្រុងប្រយ័ត្នគ្រប់ពេលវេលា ហើយក៏ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាង ដើម្បីសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទី ទួលមានសុវត្ថិភាព គ្រាទឹកជំនន់បន្តហក់ឡើង បង្កជាគ្រោះមហន្តរាយ បំផ្លិចបំផ្លាញលំនៅដ្ឋាន ភូមិករ និងទ្រព្យសម្បត្តិរបស់ពួកគាត់ ។

អភិបាលខេត្តព្រះវិហារ ឯកឧត្តមប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមឡុង សុវណ្ណ បានដាក់បទបញ្ជាដល់មន្ត្រីខេត្ត ក្រុង ស្រុក និងកងកម្លាំងទាំង៣ ត្រូវត្រៀមមធ្យោបាយសរុប និងកម្លាំង សរុប ដើម្បីចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋ នៅក្នុងរដូវភ្លៀងធ្លាក់ និងគ្រោះទឹកជំនន់នេះ ឲ្យបាន ទាន់ពេលវេលា ដោយមិនត្រូវទុកប្រជាពលរដ្ឋណាម្នាក់ ឲ្យរងគ្រោះដោយសារជំនន់ទឹកភ្លៀងជាដាច់ខាត៕

ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ

សម្រួលផ្សាយ៖ ខៀវ យុទ្ធវង្ស