អភិបាលខេត្តរតនគិរីចុះពិនិត្យសកម្មភាពការជួសជុលថែទាំផ្លូវជាតិ៧៨Cពីចំណុចរង្វង់មូលស្រុកអូរជុំដល់ស្រុកវើនសៃ

រតនគិរី ៖ ឯកឧត្តម ថង សាវុនអភិបាលខេត្តរតនគិរីនៅព្រឹកថ្ងៃសុក្រ ទី១៦ខែតុលាឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីជំនាញ និងអង្គភាពជុំវិញខេត្តអញ្ជើញ ចុះពិនិត្យការជួសជុលថែទាំផ្លូវជាតិ ៧៨Cប្រវែង ២៨,៥២kmតភ្ជាប់ត្រង់ចំណុចរង្វង់មូលស្រុកអូរជុំ ដល់ស្រុកវើនសៃ។

លោក សាយ សាមាន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានអោយដឹងថាឆ្នាំកន្លងមកដោយសារមានភ្លៀងជោគជាំខ្លាំងទើបបណ្តាលអោយផ្លូវជាតិ៧៨Cដែលជាផ្លូវក្រាលគ្រួសក្រហមនេះបានទទួលរងការខូចខាតយ៉ាងដំណំជាហេតុពិបាកក្នុងធ្វើដំណើរទៅមករបស់ប្រជាពករដ្ឋទូទៅ។ លោក ប្រធានមន្ទីរបន្តថា ដោយមានការគិតគូរយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ថង សាវុន អភិបាលខេត្តបានអោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តធ្វើការជួសជុលថែទាំផ្លូវនេះដោយក្រាលគ្រួសក្រហមដែលមានប្រវែង២៨,៥២km ទទឹង៩ម៉ែត្រដើម្បីសម្រួលដល់ធ្វើចរាចរណ៍ផ្លាស់ប្តូរពាណិជ្ជកម្មទៅមករបស់ប្រជាពលរដ្ឋបានងាយស្រួលឡើងវិញដោយប្រើប្រាស់
ថវិការបស់ក្រសួងទម្លាក់ជូនមន្ទីរប្រមាណ២.៥៧០លានរៀល។ លោកថា បច្ចុប្បន្ន ការជួលជុលថែទាំសម្រេចបាន ប្រមាណ ៨៦%ហើយ គ្រោងនឹងបញ្ចប់រួចរាល់នាពេលឆាប់ៗនេះ។

ឯកឧត្តម ថង សាវុន មានប្រសាសន៍ថាកន្លងមក អាជ្ញាធរខេត្តតែងតែបានយកចិត្តទុក ដាក់ ប្រឹងប្រែងគិតគូរជំរុញការជួសជុលឡើងវិញ នូវរាល់ផ្លូវដែលរងការខូចខាតនៅតាម បណ្តាស្រុកក្រុងឃុំសង្កាត់ភូមិដោយកន្លែងខ្លះការស្ថាបនាឡើង ដោយចាក់បេតុងក្រាល កៅស៊ូ និងខ្លះទៀតជួសជុលដោយក្រាលក្រួសក្រហម ទៅតាមលទ្ធភាពថវិកា ដែលយើងមានដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម អភិបាលខេត្តបានបន្ថែមថា ជានិច្ច កាលរាជ រដ្ឋាភិបាល កម្ពុជាដែល មាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា នាយក រដ្ឋមន្ត្រី តែង ផ្ដោត សំខាន់បន្តការ យក ចិត្តទុកដាក់ លើការអភិវឌ្ឍ វិស័យ ផ្លូវថ្នល់ ក្នុង នោះ មិន ថា ផ្លូវជាតិ ផ្លូវលំនៅ គ្រប់ ទីកន្លែង នោះ ទេ ត្រូវ បាន ស្ថាបនា ពីតំបន់ដែល គ្មាន ផ្លូវ ទៅជាមាន ផ្លូវ ក្រាល គ្រួស ក្រហម ប្រែក្លាយ ទៅ ជា
ផ្លូវ បេតុង ឬ កៅ ស៊ូ ផ្សាភ្ជាប់ ពីទី ជនបទ មក ទី ប្រជុំជន ខេត្ត ស្រុក ក្រុងដើម្បីឆ្លើយតបទៅ នឹង អនុសាសន៍របស់សម្តេចតេជា គឺមាន ផ្លូវ មាន ក្តី សង្ឃឹម ។

ឯកឧត្តម ថង សាវុន បានថ្លែងការកោតសរសើរដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដែល បានអនុវត្តតួនាទីភារកិច្ចបានទាន់ពេលវេលា តាមការណែនាំរបស់អាជ្ញាធរខេត្ត និងជំរុញឱ្យ មន្ទីរសាធារណការ និងដឹកជញ្ជូន រួមសហការជាមួយអាជ្ញាធរ ដែនដីត្រូវបន្តការយកចិត្តទុក ដាក់ពិនិត្យមើលផ្លូវថ្នល់ដែលរងការខូចខាត ត្រូវប្រញាប់ ប្រញាល់ធ្វើការជួសជុលឡើងវិញ មិនត្រូវទុកចាំដល់ខូចធ្ងន់ធ្ងរនោះទេ និងបានអំពាវនាវ ដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត សូមឱ្យចូលរួមទាំងគ្នាថែទាំផ្លូវថ្នល់ដែលបានជួសជុល ស្ថាបនាហើយនៅតាមមូលដ្ឋានឱ្យប្រើប្រាស់បានយូរអង្វែង៕

ដោយ៖ មន្ទីរព័ត៌មានខេត្តរតនគិរី

សម្រួលផ្សាយ៖ ខៀវ យុទ្ធវង្ស