អាជ្ញាធរ​ខេត្តសៀមរាប ជំរុញ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ត្រៀមលក្ខណៈ សង្គ្រោះ​ប្រជាពលរដ្ឋ ចេញពី​គ្រោះធម្មជាតិ !

(​សៀមរាប​)៖ នៅក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​ទប់ទល់​ប្រឆាំង​បាតុកម្ម ទប់ទល់​ប្រឆាំង​ភេរវកម្ម និង​ចាប់ខ្លួន​ជនល្មើស​បែប វី អាយ ភី អាជ្ញាធរខេត្ត បាន​ជម្រុញ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ទាំងអស់ ត្រៀម​ទទួលបញ្ជា​ប្រតិបត្តិ​ការសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ ក្នុងករណី​ដែល​អាច​កើតមាន​គ្រោះទឹកជំនន់​ជាយថាហេតុ នៅពេល​ខាងមុខ !

​អាកាសធាតុ​នៅ​កម្ពុជា ដែល​រង​សម្ពាធ​ទាប​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​កន្លងមកនេះ បណ្តាល​ឲ្យ​បណ្តា​ខេត្ត​ចំនួន​១៩ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ហើយ​បើទោះបីជា​ខេត្តសៀមរាប​ពុំទាន់​ទទួលរង​ធ្ងន់ធ្ងរ​នៃ​វិបត្តិ​ទាំងនោះ​ក៏ពិតមែន ក៏ប៉ុន្តែ​ឥទ្ធិពល​ដ៏​អាក្រក់​ទាំងនោះ ពុំទាន់​បាន​ឆ្លង​ផុត​នៅឡើយ​នោះទេ ដែល​តម្រូវ​ឲ្យ​កងកម្លាំង​សមត្ថកិច្ច​គ្រប់​ប្រភេទ ដែលជា​កម្លាំង​ស្នូល​របស់​គណៈកម្មការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត ត្រៀមលក្ខណៈ មធ្យោបាយ និង​សម្ភារ ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ទាន់ពេលវេលា ក្នុងករណី​ដែល​គ្រោះទឹកជំនន់​អាច​កើតមាន​ឡើយ​នៅពេល​ខាងមុខ​។​

​ទាំងនេះ​គឺជា​ការអំពាវនាវ​រប​ស់លោក លី សំរឹទ្ធ អភិបាលរង​ខេត្តសៀមរាប នៅក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ ទប់ទល់​ប្រឆាំង​បាតុកម្ម ភេរវកម្ម និង​ការចាប់ខ្លួន​ជនល្មើស​បែប វី អាយ ភី នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០​។ លោក​អភិបាលរង​ខេត្ត បាន​ឲ្យ​និយមន័យ​នៃ​គ្រោះ​ជំនន់​ទឹកភ្លៀង​ឆ្នាំនេះ ថា​ភេ​វរ​កម្ម​ធម្មជាតិ​ដ៏​កាច​សាហាវ ទន្ទឹមនឹង​ការកើតឡើង​នៃ​ភេរវកម្ម​ថ្មី ( កូ​វីដ​-១៩ ) កំពុង​វាយលុក​ជា​សកល​នៅលើ​ពិភពលោក បណ្តាល​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ទោះ​តិច​ឬ​ច្រើន កំពុងមាន​ផលប៉ះពាល់ ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃនោះ​។​

​លោក​បាន​បញ្ជាក់ដែរថា បើទោះជា​គ្រោះធម្មជាតិ​ដែល​វា​ត្រូវ​កើតឡើង និង​បង្ក​មហន្តរាយ ដោយ​គ្មាន​អ្នកបញ្ជា គ្មាន​មុខសញ្ញា ចាប់បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ក្លាយជា​ជនរងគ្រោះ​យ៉ាងណាក្តី តែ​បច្ចេកវិទ្យា​មាន​សមត្ថភាព​អាច​ព្យាករណ៍​បាន និង​ត្រៀមលក្ខណៈ​បង្កា​សង្គ្រោះ កាត់បន្ថយ​ហា​នី​ភ័យ​តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន​។​ក៏​ជាការ​លើកឡើង​ផងដែរ​របស់លោក​អភិបាលរង​ខេត្ត នៅក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​នោះ លោក​ថា យោងតាម​បទពិសោធន៍​នៃ​ការអង្កេត​តាមដាន​សកម្មភាព​នៃ​ជន​អគតិ យក​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ធ្វើជា​ឈ្នាន់​នយោបាយ​នោះ រាល់​សកម្មភាព​បាតុក​ម្ម និង​អាច​ក្លាយជា​អំពើ​ភេរវកម្ម ដោយ​ការចាត់តាំង ញុះញង់ ពី​ក្រុម​ភេរវជន​សម្ងាត់​។ ដោយ​យ៉ាងដូច​នេះហើយ វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ជំនាញ​នេះ វា​មិន​ត្រឹមតែ​ជា​លំ​ហាត់​ពង្រឹង​កាយសម្បទា​របស់​កងក​ម្លាំ​ង​សមត្ថកិច្ច​ឲ្យ​រឹងមាំ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​វា​ជាការ​ពង្រឹង​បន្ថែម​លើ​ជំនាញ ដោយ​ស្របតាម​បរិបទ​ដ៏​សំខាន់​ផងដែរ គឺ​ការថែរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណ​:​។ ពិតណាស់ថា សៀមរាប​អង្គរ គឺជា​តំបន់​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និង​ធម្មជាតិ​ដ៏​ទាក់ទាញ នៃ​កម្ពុជា ព្រះរាជាណាចក្រ​អច្ឆរិយ​: ក៏ប៉ុន្តែ​សន្តិសុខ​គឺជា​អាហារ​បំប៉ន​ដ៏​ចាំបាច់​សម្រាប់​ការពង្រឹង និង​ពង្រីក​វិសាលភាព​នៃ​វិស័យ​ទេសចរណ៍​។ ទន្ទឹមនេះដែរ អសន្តិសុខ វា​ជាស​ត្រូវស្លាប់​រស់​នៃ​វិស័យ​ទេសចរណ៍ ភ្ញៀវ​អ្នកដើរ​កំសាន្ត គេ​មិនអាច​ស្នាក់នៅ​ក្នុង​តំបន់​ដែលមាន​អសន្តិសុខ​នោះឡើយ​។​

​បើតាម​របាយការណ៍​ដែល​បង្ហាញ​ដោយ ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា​៖ វគ្គ​បំប៉ន​ជំនាញ​ទប់ទល់​ប្រឆាំង​បាតុកម្ម ទប់ទល់​ប្រឆាំង​ភេរវកម្ម និង​ការចាប់ខ្លួន​ជនល្មើស​បែប វី អាយ ភី ត្រូវបាន​គាំទ្រ​ដោយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មាន​កម្លាំង​ជំនាញ​ជា​សិក្ខាកាម​១៣៥​នាក់ ប្រើប្រាស់​រយៈពេល​ហ្វឹកហាត់​១០​ថ្ងៃ ក្រុម​គ្រូ​បង្គោល​មកពី​ការិយាល័យ​អន្តរាគមន៍​និង​តម្រួត​បទបញ្ជា​។ វិញ្ញាសារ​សំខាន់ៗ​នោះ​គឺ​ការ​ទប់ទល់ រុញច្រាន ព័ទ្ធចាប់​ហ្វូង​បាតុករ សម្រុកចូល​កម្ទេច​ចាប់ខ្លួន​ក្រុម​ភេរ​វករ រំដោះ​ចំណាប់ខ្មាំង ចាប់ខ្លួន​មុខសញ្ញា​ក្នុង​អគារ បញ្ជូន​ជនល្មើស​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព ដើម្បី​បញ្ជៀ​ស​ការប្រឆាំង​តវ៉ា​ផ្សេងៗ ៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​