ខេត្តកំពង់ធំ​ប្រារព្វ​ទិវា​ពិភពលោក​ស្អាត​និង​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ ២០២០ ​ក្រោម​ប្រធានបទ (​ទេសចរណ៍ និង​ការអភិវឌ្ឍ​ជនបទ​)

(​កំពង់ធំ​)៖ ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី ទិវា​ពិភពលោក​ស្អាត​និង​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ ២០២០​ក្រោម​ប្រធានបទ​(​ទេសចរណ៍ និង​ការអភិវឌ្ឍ​ជនបទ​) ។​

​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​លោកជំទាវ អភិបាលរង​ខេត្ត ប្រធាន​មន្ទីរ​នានា​ជុំវិញ​ខេត្ត​កងកំលាំង​ទាំងបី មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ នៅ​ព្រឹក​ថ្ងៃទី ១៤ ខែតុលា​ឆ្នាំ ២០២០ នៅ​សួនច្បារ មាត់​ស្ទឹងសែន ខេត្តកំពង់ធំ​។​

​ថ្លែង​ក្នុង​កម្មវិធី​នេះ​ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ​បាន​មានប្រសាសន៍ ពី​ការផ្លាស់ប្ដូរ​ចំណង់​ចំណូលចិត្ត​របស់​អ្នក​ទេសចរណ៍ ឱ្យ​ងាក​ទៅរក​ការដើរ​កម្សាន្ត​តាម​តំបន់​ជនបទ .​សហគមន៍​ទេសចរណ៍ . តំបន់​អេកូ​ទេសចរណ៍ និង​តំបន់​ធម្មជាតិ​នានា​កាន់តែខ្លាំង​ឡើងៗ​។ ដើម្បី​ឲ្យ​វិស័យ​ទេ​ចរណ៍​ក្លាយជា​ចលករ​មួយ​កាន់​តែមាន​ប្រសិទ្ធភាព ចូលរួម​ធ្វើឱ្យ​សេដ្ឋកិច្ច​ជា​ក្បាលម៉ាស៊ីន​បង្កើត​ការងារ​ដ៏​ចម្បង និង​មាន​ប្រសិទ្ធភាព មាន​ឥទ្ធិពល​ខ្ពស់ ជួយ​ទ្រទ្រង់​វិស័យ​ផ្សេងៗ​ទៀត​។​នៅ​តំបន់​ជនបទ​គឺ អាជ្ញាធរ​ពាក់ព័ន្ធ​នានា​ត្រូវ​កំណត់​យក​វិស័យ​ទេសចរណ៍​ជា​សសរស្ដម្ភ​យុទ្ធសាស្ត្រ​មួយ ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ជនបទ​ដែល​ត្រូវមាន​ផែនការ​អភិវឌ្ឍ​ជាក់លាក់​ស្របតាម​សក្តានុពល​ទេសចរណ៍​នៃ​តំបន់​នីមួយៗ​។

ការអភិវឌ្ឍ​ជំនាញ និង​ការអប់រំ​ជា​គន្លឹះ​នៃ​ការអភិវឌ្ឍ​ទេសចរណ៍​ជនបទ និង​ផ្សព្វផ្សាយ​ផលិតផល​ទេសចរណ៍​ថ្មីៗ​ស្របតាម​បរិបទ នៃ​វិស័យ​ទេសចរណ៍​ឌីជីថល និង​និន្នាការ​ទីផ្សារ​ទេសចរណ៍​។ ការដើរ​កំសាន្ត​ជាការ​ស្វែងរក​បទពិសោធ​ក្នុងការ​អភិវឌ្ឍន៍​ទេសចរណ៍​ជនបទ គឺជា​ឱកាស​នៃ​ការស្រាវជ្រាវ​ចងក្រង នូវ​គុណ​តម្លៃ វប្បធម៌​ប្រពៃណី​ទំនៀមទម្លាប់​ដើម្បី​បង្ហាញ​ពីបទ​ពិសោធន៍​ល្អៗ​។​

បន្ថែម​លើសពីនេះ​ទៀត​ឯកឧត្តម សុខ លូ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ បន្ត​តាមដាន​នូវ​ស្ថានភាព​ទឹកជំនន់​បន្តទៀត ដើម្បី​ងាយស្រួល​ក្នុងការ​ត្រៀមខ្លួន​ចុះជួយ​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​បាន​ទាន់ពេលវេលា​ក្នុងនោះ​យើង​ក៏បាន​ត្រៀម​រួចជាស្រេច​នូវ​ទីទួល​សុវត្ថិភាព គ្រប់​ក្រុង​ស្រុក សម្រាប់​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅពេល​មាន​ទឹកជំនន់​កើតឡើង​ជាយថាហេតុ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ធំ​