អាជ្ញាធរ​ស្រុក​បារាយណ៍​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន​៥០​គ្រួសារ​និង​ជន​ងាយ​រងគ្រោះ​ចំនួន​២៣​គ្រួសារ នៅ​ឃុំ​បារាយណ៍​

(​កំពង់ធំ​)៖​លោកស្រី ហាក់ ពុទ្ធិ​តុ​សិ​តា អភិបាលរង​ស្រុក​បារាយណ៍ បាន​ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន​៥០​គ្រួសារ​និង​ជន​ងាយ​រងគ្រោះ​ចំនួន​២៣​គ្រួសារ​ស្ថិតនៅ ភូមិ​បារាយណ៍​តូច ភូមិ​បាណក​ ភូមិ​ពោធិ៍​ពី និង​ភូមិ​ក្រសាំង​ជ័យ ក្នុង​ឃុំ​បារាយណ៍ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ដោយ​មានការ​និមន្ត​ចូលរួម​ពី​ព្រះចៅអធិការ​វត្ត​បារាយណ៍ វត្ត​បាណក វត្ត​ចតុ​លោក និង​ក្រុមការងារ​ថ្ងៃទី​១៤ ខែ តុលា ឆ្នាំ ២០២០ ។​

ជាមួយ​ក្នុងការ​ចុះសួរសុខទុក្ខ​លោកស្រី ហាក់ ពុទ្ធិ​តុ​សិ​តា បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សូម​ប្រុងប្រយ័ត្ន​ខ្ពស់​ព្រោះ​នៅមាន​ឥទ្ធិពល​នៃ​ព្យុះ​បន្ត​បោកបក់​មកលើ​ប្រទេស​កម្ពុជា​យើង អាច​នឹងមាន​ទឹក​ជន់​ឡើង​បន្ថែមទៀត ជាពិសេស​ត្រូវ​មើលថែ​ក្មេងៗ មនុស្ស​ចាស់ និង​ជន​ងាយ​រងគ្រោះ​ឲ្យ​បានល្អ ដើម្បី​ចៀស​ផុតពី​ការ​លង់ទឹក​ក៏ដូចជា​ការការពារ​ពី​សត្វ​អ​សិរ​ពិស​ខាំ ឬ​ទិច​ជាដើម ប្រសិនបើ​មាន ទឹកជំនន់​ត្រូវរ​ត់រក​ទីទួល​សុវត្ថិភាព និង​ត្រូវ​ប្រញាប់​រួសរាន់​ទៅកាន់​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ដែល​ជិត​ដោយ​មិនត្រូវ​ធ្វើការ​ព្យាបាល​ដោយ​ខ្លួនឯង​ឡើយ ព្រោះ​វា​ប្រឈម​និង​គ្រោះថ្នាក់​ខ្លាំង​។​

​លោកស្រី​បាន​អំពា​នាវ​ដល់​ពលរដ្ឋ​ទាំងអស់​ត្រូវ​ថែរក្សា​សុខភាព​ឲ្យ​បានល្អ ដោយ​អនុវត្ត​ការរស់នៅ​ស្អាត ហូប​ស្អាត កុំ​បន្ទោ​របង់​ពាសវាល​ពាសកាល ត្រូវ​សម្រាន្ត​ក្នុង​មុង ដើម្បី​ការពារ​ពី​ជំងឺគ្រុនចាញ់ ឬ​គ្រុនឈាម ឬ​ឈិ​និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ដើម្បី​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន និង​អ្នកដទៃ​កាត់បន្ថយ​ការស្លាប់ ពិការភាព និង​ជួយ​អប់រំ​ណែនាំ​ដល់​កូនចៅ​ឲ្យ​រស់​ឆ្ងាយ​ពី​គ្រឿងញៀន ព្រោះ​គ្រឿងញៀន​វា​បំផ្លាញ​អនាគត​របស់​ក្រុមគ្រួសារ និង​សង្គមជាតិ​។​

​ចុងក្រោយ​លោកស្រី ហាក់ ពុទ្ធិ​តុ​សិ​តា បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​សូម​ឲ្យ​ទៅ​ចុះ​ឈ្នោះ​និង​ពិនិត្យ​ឈ្នោះ​បោះឆ្នោត​ឱ្យបាន​​គ្រប់ៗ​គ្នា ។​​ ប្រជាពលរដ្ឋ​មានការ​សប្បាយចិត្ត​រីករាយ​និង​បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ស្រុក​និង​ព្រះ​តេជគុណ​សូមឱ្យ​មាន​សុខភាព​ល្អ​និង​បន្ត​ដឹកនាំ​ឱ្យមាន​ការរីកចម្រើន​តទៅ​មុខ​។​ ​អំណោយ​ដែល​បានផ្តល់​ក្នុង​មួយ​គ្រួសារ​នាពេលនេះ​មាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និង​ថវិកា​មួយចំនួន៕ ដោយ៖​មន្ទីរ​ព័ត​មាន​ខេត្តកំពង់ធំ​