រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ស្វែងយល់​ពី​ការផ្លាស់ប្ដូរ​មុខមាត់​ថ្មី នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត !

(​សៀមរាប​)៖ កាលពី​វេលា​ថ្ងៃត្រង់​ទី​១៤ ខែតុលា ឆ្នាំ​២០២០​នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​គណ​:​ប្រតិភូ​ភូ​អមដំណើរ ស្វាគមន៍​ដោយ​ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ចុះ​សិក្សា​ស្វែងយល់​ពី​ការងារ​រៀបចំ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា នៅ​បរិវេណ​ខាងមុខ​ប្រាសាទអង្គរវត្ត ខណៈដែល​តំបន់​នោះបាន​ប្រែ​មុខមាត់​ថ្មី​ក្នុងសម័យ​កូ​វីដ​-១៩​។​

​ឯកឧត្ដម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ជម្រាបជូន ឯកឧត្ដម​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន ដែល​អញ្ជើញ​ទៅ​ទស្សនា​នៅខាងមុខ​អង្គរវត្ដ​នោះ​ថា ដើម្បី​ស្វែងយល់​បរិវេណ​ខាងមុខ​ប្រា​សា​អង្គរវត្ដ ព្រោះ​កន្លែង​នោះ បាន​កែប្រែ​មុខមាត់​ថ្មី ក្រោយពេល​អាជ្ញាធរ​បានចាប់ផ្ដើម​អនុវត្ដ​គម្រោង​នេះ តាំងពី​ដើមឆ្នាំ​២០២០​មក​។​ការកែប្រែ​ប្រ​វ​ត្ដិ​សាស្ដ្រ​ក្នុងសម័យ​កូ​វីដ​-១៩​នេះ អាជ្ញាធរ​ជាតិ​អប្សរា បាន​នឹង​កំពុង​រៀបចំ​កែលម្អ​សោភ័ណភាព​ដូចជា ការរៀបចំ​ដាំ​ដើមឈើ ការរៀបចំ​ផ្លូវ និង​ប្រព័ន្ធ​បង្ហូរទឹក ការរៀបចំ​បរិស្ថាន​ជុំវិញ​ត្រពាំង​សេស ការរៀបចំ​ចំណតរថយន្ត​និង​តូប​លក់ដូរ និង​កិច្ចការងារ​ផ្សេងៗ​ទៀត​ក្នុងន័យ​ធ្វើឱ្យ​តំបន់​នេះ​មាន​ភាព​ទាក់ទាញ មាន​របៀបរៀបរយ និង​ស័ក្ដិ​សមជា​សម្បត្តិ​បេតិកភណ្ឌ​របស់​មនុស្សជាតិ​។

​ឯកឧត្ដម ហង់ ពៅ បាន​រំលឹក​បង្ហាញ​ដល់​រដ្ឋមន្ដ្រី​ពី​ខាងមុខ​អង្គរ​វត្ដថា កន្លងមក​តំបន់​នោះ ពិតជា​មាន​អាជីវករ​លក់ដូរ​អនាធិបតេយ្យ​ច្រើន ប៉ុន្ដែ​មក​ពេលនេះ អាជ្ញាធរ​ជាតិ​អប្សរា បានរៀបចំ​អោយ​គាត់​ជាង​១៥០​តូប​លក់ដូរ​នៅ​កន្លែង​ថ្មី មាន​បរិស្ថាន​ស្អាត អនាម័យ​ល្អ ដោយ​មិន​បង់ប្រាក់​ឈ្មួ​ល​នោះទេ ដោយ​គ្រាន់តែ​អោយ​ពួកគាត់​បង់ថ្លៃ​ទឹក និង​ភ្លើង​ដោយ​ខ្លួន​។ ឯកឧត្ដម​រដ្ឋ បាន​សម្ដែង​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​ថ្លែងអំណរគុណ​ចំពោះ​វត្តមាន​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​របស់​ឯកឧត្ដម​រដ្ឋ​មន្ត្រី និង​សហការី​ព្រមទាំង​បាន​រាយការណ៍​ពី​ការងារ​ផ្សេងៗ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា បើតាម​ឯកឧត្ដម ហង់ ពៅ មានប្រសាសន៍ថា ក្រោយពី​ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​ដើរ​ទស្សនា​នៅខាងមុខ​ប្រាសាទ​អង្គរ​រយៈពេល​មួយ​ម៉ោង​កន្លេង​មក រដ្ឋមន្ដ្រី​ក៏បាន​កោតសរសើរ និង​សម្ដែង​ការចាប់អារម្មណ៍​ពី​ការ​ប្រែ​មុខមាត់​ថ្មី​នៅមុខ​អង្គរ​វត្ដថា ពិតជា​មាន​ទេសភាព​ស្រស់ស្អាត ហើយ​រំពឹងថា ក្រោយ​បញ្ចប់​ជំងឺ​កូ​វី​-១៩​នេះ​ទៅ រមណីយដ្ឋាន​អង្គរ​នឹង​ទាក់ទាញ​អ្នកទេសចរ​គ្រប់​ជាតិ​សាសន៍​ទៅ​ទស្សនា​ជា​បន្ដបន្ទាប់​។ ឯកឧត្ដម​អគ្គនាយក បានអោយដឹង​បន្ថែមថា ឯកឧត្តម ខៀវ កាញារីទ្ធ បាន​គាំទ្រ​ទៅនឹង​សមិទ្ធផល​ដែល​កើតឡើង​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរ​ជាតិ​អប្សរា ព្រមទាំង​រំពឹងថា ការរៀបចំ​នេះ​នឹង​ក្លាយជា​ប្រយោជន៍​ដ៏​ធំ​របស់​ជាតិ​នាពេលខាងមុខ​។

​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​ជាតិ​អប្សរា ឱ្យ​បន្តធ្វើ​កិច្ចការ​ទាំងនេះ​បន្ថែមទៀត ដើម្បី​ជា​ប្រយោជន៍ និង​មុខមាត់​របស់​ប្រទេសជាតិ ពិសេស​ទាក់ទាញ​ភ្ញៀវទេសចរ​មកកាន់​រម​ណី​យ​ដ្ឋា​ន​អង្គរ​បាន​ច្រើន​តាមរយ​:​ការរៀប​ចំនេះ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​