អ្នក​ជាប់ឃុំ​ជិត​១,០០០​នាក់ ត្រូវបាន​បញ្ជូន​ពី​ខេត្ដ​បន្ទាយមានជ័យ​មក​រក្សាទុក​នៅ​ខេត្តសៀមរាប ខណៈ​ជំនន់​ទឹកភ្លៀង​កំពុង​បន្ត​គំរាមកំហែង !

(​សៀមរាប​)៖ កាលពី​យប់​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ ម្សិលមិញ​នេះ​អ្នក​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្ដ​បន្ទាយមានជ័យ​ចំនួន​៨១១​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន​៨៥​នាក់ ត្រូវបាន​ដឹក​ទៅដល់​ពន្ធនាគារ​ខេត្ដ​សៀមរាប ហើយ ខណ​:​មន្ទីរ​ពន្ធនាគារ​ខេត្ដ​បន្ទាយ​ជ័យ កំពុង​រង​ការគំរាមកំហែង​ដោយ​ជំនន់​ទឹកភ្លៀង​។

​បើតាម​មន្ត្រី​ជំនាញ បាន​ឲ្យ​ដឹងថា ការដឹក​ផ្ទេរ​អ្នក​ជាប់ឃុំ​មកកាន់​ខេត្ដ​សៀមរាប​នេះ បាន​ប្រើ​រថយន្ដក្រុង​ប្រភេទ​៣៥​កៅអី និង​៤៥​កៅអី ចំនួន​១៧​គ្រឿង និង​បាន​មកដល់​ពន្ធនាគារ​ខេត្ដ​សៀមរាប ដោយ​សុវត្ថិភាព និង​មានការ​ការពារ​យ៉ាង​ហ្មត់ចត់ ពី​កម្លាំង​សមត្ថកិច្ច​ជំនាញ​។ ជន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ នៃ​ខេត្តបន្ទាយមានជ័យ​មាន​ចំនួន​សរុប​ជាង​១,៦០០​នាក់ ក្នុងនោះ​ស្រី​១០០​នាក់​។ បន្ទាប់ពី​មាន​ទឹកជំនន់ បាន​ហូរ​ចូលមកក្នុង​ពន្ធនាគារ​ខេត្ត​យ៉ាងគំហុក បាន​បង្ក​ឲ្យ​មានការ​លិច​អគារ​រដ្ឋបាល និង​បន្ត​ហូរ​ចូលទៅក្នុង​អគារ​ស្នាក់នៅ​របស់​ជន​ជាប់ឃុំ ថ្នាក់ដឹកនាំ​ពន្ធនាគារ​បាន​គោលការណ៍​សម្រេច​ជម្លៀស​ជន​ជាប់ឃុំ​ចេញ​ជាបន្ទាន់ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ជាយថាហេតុ ដោយ​ផ្ទេរ​ទៅ​ពន្ធនាគារ​ខេត្ត​ចំនួន​៣ ក្នុងនោះ ខេត្តសៀមរាប​, កំពង់ធំ និង​ខេត្តកំពង់ចាម ។​

​គួរ​ជម្រាប​ថា គិត​ត្រឹម​យប់​ដដែល​នេះ ទឹកជំនន់​ជន់​លិច ខេត្តបន្ទាយមានជ័យ​យ៉ាងខ្លាំង បើតាម​របាយការណ៍​ប​ញ្ជា​ក់ថា ស្រុក​ចំនួន​៨ ឃុំ​ចំនួន​៣៣ និង បង្ក​ផលប៉ះពាល់​ដល់​ប្រជា​ល​រដ្ឋ​ជិត​៣​ពាន់​គ្រួសារ ព្រមទាំង​បានសម្លាប់​មនុស្ស​ចំនួន​៥​នាក់ និង​ប៉ះពាល់​សន្ទូង ផលដំណាំ​ផ្សេងៗ​ជិត​៦​ពាន់​ហិកតា​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​