ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល រម្លឹកដល់មន្ត្រីអង្គភាពច្រកចេញចូលតែមួយ ត្រូវមានមន្ត្រីបំពេញការងារគ្រប់គ្រាន់ នៅតាមផ្នែកនីមួយៗ

(កណ្តាល)៖ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ បានលើកឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តកណ្តាល លើកទី១៧ អាណិត្តទី៣ នៅថ្ងៃទី១៤ ខែតុលានេះ ដោយមានការចូលរួមពីឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្ដាល ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ជាមួយគ្នានេះដែរ  ពាក់ព័ន្ធនិងការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល នាពេលខាងមុខនេះ ឯកឧត្តមបានស្នើដល់បណ្តា ក្រុង-ស្រុកទាំងអស់ត្រូវផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋចូលរួមឲ្យបានច្រើន ត្រូវបំផុសឲ្យប្រជាពលរដ្ឋលើកឡើងនូវបញ្ហាប្រឈម ក្នុងវេទិកាឲ្យបានច្រើន ដើម្បីក្រុមប្រឹក្សា និងគណៈអភិបាលខេត្តជួយពិនិត្យ និងដោះស្រាយជូនឲ្យបានចំគោលដៅ ទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ទាក់ទងនឹងស្ថានភាពបច្ចុប្បន្ននៃជំនន់ទឹកភ្លៀង ដែលកំពុងតែបង្កអោយមានផលប៉ះពាល់ដល់បណ្តានានា ក្នុងនោះខេត្តកណ្តាលក៏កំពុងរង់ផលប៉ះពាល់ដូចគ្នា  ដែលបញ្ហាមួយនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានស្នើអោយកងកម្លាំង និងមន្រ្តីរាជការនៅខេត្តកណ្តាលទាំងអស់ ត្រូវតាមដានជាប្រចាំនៃការវិវឌ្ឍន៍ថ្មីៗនៃគ្រោះធម្មជាតិមួយនេះ ដើម្បីឆ្លើយតប និងសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះអោយទាន់ពេលវេលា ខណៈមកដល់រសៀលថ្ងៃទី ១៤ នេះ រដ្ឋបាលខេត្តកណ្តាលបានជូនដំណឹងហើយ អំពីក្រុង ស្រុកចំនួន ៣ របស់ខេត្តកណ្តាលដែលមានការប្រឈមខ្លាំងគឺ ស្រុកកណ្តាលស្ទឹង ស្រុងអង្គស្នួល និងក្រុងតាខ្មៅ ។

ទន្ទឹមនឹងនេះ ឯកឧត្ដមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំង៣ និងមន្ទីរជុំវិញខេត្ត ដែលបានខិតខំយកចិត្តទុកដាក់ សហការគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផល ជាពិសេសគឺបានសហការគ្នាយ៉ាងល្អក្នុងការផ្សព្វផ្សាយ បង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺ កូវីដ១៩៕

ដោយ៖ មន្ទីរព័ត៌មានខេត្តកណ្តាល