រដ្ឋបាលខេត្តតាកែវ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តតាកែវ ឆ្នាំទី២ អាណត្តិទី៣ ឆ្នាំ២០២០ នៅស្រុកត្រាំកក់

តាកែវ៖ ឯកឧត្តម អ៊ុន វណ្ណា សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តតាកែវ ឆ្នាំទី២ អាណត្តិទី៣ ឆ្នាំ២០២០ នៅស្រុកត្រាំកក់ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ដោយមានការចូលរួមដោយ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់ទាំងបី លោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ មន្រ្តីរដ្ឋបាលចំណុះរដ្ឋបាលស្រុក ព្រមទាំង លោកមេឃុំ លោកមេភូមិ និងអ្នកពាក់ព័ន្ធជាច្រើនរូប ដែលវេទិកានេះបានរៀបចំធ្វើឡើងនៅបរិវេណសាលាស្រុកត្រាំកក់។

ឯកឧត្តម អ៊ុន វណ្ណា សាមាជិកប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា ការរៀបចំប្រារព្ធធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅស្រុកស្រុកត្រាំកក់ នាថ្ងៃនេះ គឺដើម្បីបង្កើតឡើងនូវវប្បធម៌នៃការពិភាក្សា និងការលើកកម្ពស់គណនេយ្យភាព តាមបែបប្រជាធិបតេយ្យ ក្នុងគោលបំណង៖
១.ផ្តល់ព័ត៌មានអំពីសមិទ្ធផលនានា ដែលរដ្ឋបាលខេត្តសម្រេចបាន និងសកម្មភាពអាទិភាព នៃការអភិវឌ្ឍន៍សម្រាប់ឆ្នាំ២០២០។
២.ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋចូលរួមក្នុងការពិភាក្សាលើរបាយការណ៍នានា របស់រដ្ឋបាលខេត្ត ទទួលយកនូវអនុសាសន៍ សំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងធ្វើការឆ្លើយតបប្រកបប្រសិទ្ធភាព ក្នុងការផ្ដល់ សេវាសាធារណៈ។
៣.ធានាបានភាពជាតំណាងសាធារណៈ យ៉ាងពិតប្រាកដ ក្នុងការពង្រឹងបានលើអភិបាលកិច្ចមូលដ្ឋាន និងការ អភិវឌ្ឍមូលដ្ឋាន តាមបែបប្រជាធិបតេយ្យ និងមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធ។
៤.ធានាថា ក្រុមប្រឹក្សាមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋ ផ្តល់ឱកាសដល់ប្រជាពលរដ្ឋមានសិទ្ធិចូលរួម និងលើកឡើងនូវសំណួរពាក់ព័ន្ធបញ្ហានានា ក្នុងមូលដ្ឋានរបស់ខ្លួន។
៥.ធានាឆ្លើយតបបាន តាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងការឆ្លើយតបចំពោះផលប្រយោជន៍របស់ប្រជាពលរដ្ឋ ទាំងបុរស និងស្ត្រីឱ្យបានស្មើៗគ្នា។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានបញ្ជាក់ឱ្យដឹងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ពិតជាសារៈសំខាន់ណាស់ក្នុងការបង្ហាញអំពីលទ្ធផលសកម្មភាពការងាររបស់រដ្ឋបាលខេត្ត ឆ្នាំ២០២០ និងគម្រោងផែនការអភិវឌ្ឍផ្សេងៗទៀត ព្រមទាំងផ្ដល់ឱកាសដល់លោក លោកស្រីតំណាងសហគមន៍មូលដ្ឋាន អង្គការដៃគូអភិវឌ្ឍន៍ផ្ដល់យោបល់កែលំអនូវចំណុចខ្វះខាតនៃសកម្មភាពការអនុវត្តកន្លងមក។
ឯកឧត្តម បានមានប្រសាសន៍បន្ដទៀតថា បើទោះបីជាកន្លងមក មន្ត្រីអាជ្ញាធរនិងមន្ត្រីជំនាញបានខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួនយ៉ាងណាក៏ដោយ ភាពចន្លោះប្រហោង ឬចំណុចខ្វះខាតមួយចំនួនតូចតែងតែកើតមាន ហើយវេទិកាថ្ងៃនេះទៀតសោត ជាឱកាសដ៏ល្អបំផុត ដែលលោក លោកស្រីត្រូវលើកឡើងពីចំណុចខ្វះខាតទាំងនេះ ដើម្បីឱ្យអាជ្ញាធរស្រុកខេត្ត នឹងព្យាយាមធ្វើការលំអ និងអភិវឌ្ឍន៍ជាបន្តបន្ទាប់ទៀត ដើម្បីអោយប្រជាពលរដ្ឋមានទំនុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រុមុខដឹកនាំ និងដើម្បីឲ្យប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ ៕