ឧកញ៉ា សៀ ឬ​ទ្ធី បរិច្ចាគ​ថវិកា​១០​ម៉ឺន​ដុល្លារ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែន សម្រាប់​ជួយសង្គ្រោះ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​

(​ភ្នំពេញ​)៖ ឧកញ៉ា សៀ ឬ​ទ្ធី នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០​នេះ បាន​ចូលរួម​បរិច្ចាគ​ថវិកា​ចំនួន​១០​ម៉ឺន​ដុល្លារ​អាមេរិក ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា សម្រាប់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​។​

​សូមជម្រាបថា ជំនន់​ទឹកភ្លៀង​បាន​វាយប្រហារ​ខេត្ត​ជាច្រើន​របស់​កម្ពុជា ទាំង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ បាននិងកំពុង​ចេញ​ប្រតិបត្តិការ ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​បណ្តា​ខេត្ត​រាជធានី​ខេត្ត ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​។​

​ក្នុង​គ្រា​ដែល​ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ​ជំនន់​ទឹកភ្លៀង​នេះ កាលពី​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង​។​
​ជាមួយគ្នា​នោះ សម្តេច​តេ​ជោ ហ៊ុន សែន កបាន​ថ្លែងអំណរគុណ​ដល់​ក្រសួង ស្ថាប័ន អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់ ដែល​បាន​យកចិត្តទុកដាក់​សង្គ្រោះ​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា និង​សូម​បន្ត​ចាត់វិធានការ​ចាំបាច់​នានា និង​ដឹកនាំ​កម្លាំង​ក្នុងការ​ចេញទៅ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ តាម​ភូមិសាស្ត្រ ដែល​ទទួលខុសត្រូវ ឱ្យបាន​ទាន់ពេលវេលា ដើម្បី​ទប់ទល់​នឹង​គ្រោះទឹកជំនន់ ព្រមទាំង​កាត់បន្ថយ​ឱ្យ​បានជា​អតិបរមា​នូវ​ការលំបាក និង​ផលប៉ះពាល់​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ និង​ទ្រព្យសម្បត្តិ​នានា​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ផងដែរ ដល់​សប្បុរសជន​នានា ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ទទួលរង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នាពេលនេះ​៕ ប្រភព​៖ freshnews