ពូជ​កូន​ត្រី​អណ្ដែង​ជាង​៤៥,០០០​ក្បាល របស់​កម្មវិធី​អាស់​ស្ពាយ ត្រូវបាន​នាំយកទៅ​ផ្ដល់ជូន​កសិករ​៣០​គ្រួសារ នៅ​ឃុំ​ថ្មី ស្រុក​គូលែន ខេត្តព្រះវិហារ​

(​ព្រះវិហារ​)៖ ពូជ​កូន​ត្រី​អណ្ដែង​ប្រមាណ​ជាង ៤៥,០០០​ក្បាល និង​ចំណី​ត្រី​មួយចំនួន របស់​កម្ម​វី​ធី អាស់​ស្ពាយ ត្រូវបាន​នាំយកទៅ​ផ្ដល់ជូន​កសិករ ៣០​គ្រួសារ នៅ​ឃុំ​ថ្មី ស្រុក​គូលែន ខេត្តព្រះវិហារ ដើម្បី​ជាការ​លើកទឹកចិត្ត និង​ជា​ទុន​ប្រកប​របរ​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ខណៈ​ស្ថានការណ៍​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នៅតែ​បន្ដ​អូសបន្លាយ​។​

​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន​នឹង​ការប្រែប្រួល​អាកាសធាតុ ហៅ​កាត់​ថា អាស់​ស្ពាយ (ASPIRE) នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ នា​ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០​នេះ បាន​នាំយក​នូវ​ពូជ​កូន​ត្រី​អណ្ដែង និង​ចំណី​ត្រី ជូន​ដល់​ក្រុម​កសិករ​បណ្ដុំ អាជីវកម្ម​ចិញ្ចឹម​ត្រី​ចំនួន ៣០​គ្រួសារ​។ ដែល​ពិធី​នេះ​ប្រព្រឹត្តិ​ទៅ​នៅ​ភូមិ​ថ្នល់​បែក ឃុំ​ថ្មី ស្រុក​គូលែន ខេត្តព្រះវិហារ ក្រោម​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម គុយ ម៉ា​រី​ន​ឌី រដ្ឋ លេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន មន្ដ្រី​ជំនាញ​រដ្ឋបាល​ជលផល និង​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើនរូប​ទៀត​។​

​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បាន​គូសបញ្ជាក់ថា គម្រោង ASPIRE ជា កម្មវិធី​មួយ បាន​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​បណ្តុះបណ្តាល ផ្តល់​បច្ចេកទេស ធនធាន ថវិកា សំភារៈ ដល់​ពលរដ្ឋ​ទាំងអស់ អោយ​ពួកគាត់​មានមុខ​របរ ដើម្បី​បង្កើន ផលិតផល​នានា​សំរាប់​ផ្គត់ផ្គង់​ទីផ្សា​នៅតាម​តំបន់​នានា​អោយបាន​គ្រប់គ្រាន់ នឹង​ជាពិសេស​គឺ​បាននិងកំពុង​យកចិត្តទុកដាក់​ជួយ​ដល់​ប្រជាកសិករ តាមរយៈ​ការផ្តល់​ពូជ​ត្រី មាន់ កង្កែប និង​ចំណី ផ្សេងៗ ដែលជា​ទិសដៅ​សំខាន់​សំរាប់​ចូលរួមចំណែក​បង្កើន​ការងារ នឹង​ជា​សេស​បង្កើន​នូវ សេដ្ឋ​ជាតិ​អោយមាន​ការរីកចំរើន​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។ ជាក់ស្ដែង​ការរៀបចំ​ពិធី​ផ្ដល់ទុន​ដល់​កសិករ​ទាំង​៣០​គ្រួសារ​នាពេលនេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​លើកទឹកចិត្ត​ជម្រុញ​សន្ទុះ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ឱ្យ​កាន់តែ​រីកចម្រើន​ឡើង ដើម្បី​ធានាបាន​នូវ​សន្ដិសុខ​ស្បៀង បង្កើន​ប្រាក់ចំណូល​ដល់​គ្រួសារ​កសិករ​នៅតាម​ជនបទ​។​

ជាមួយនេះ ឯកឧត្តម គុយ ម៉ា​រី​ន​ឌី រដ្ឋលេខាធិការ​ក្រសួងកសិកម្ម បាន​ជម្រុញ​លើកទឹកចិត្ត ដល់​កសិករ​ទាំងអស់​បន្ទាប់ពី​ទទួលបាន​កូន​ត្រី​ទាំងនេះ​ទៅហើយ ត្រូវខិតខំ​ប្រឹងប្រែង​ពង្រីក និង​អភិវឌ្ឍន៍​ការងារ​ខ្លួន​បន្ថែមទៀត ដើម្បី​បង្កើន​សេដ្ឋកិច្ច​គ្រួសារ ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក កាត់បន្ថយ​ការនាំ​ចូល​ពី​ប្រទេសជិតខាង​។ ឯកឧត្តម​បន្ថែមថា ដើម្បី​សម្រេច​គោលដៅ​លើ​ការចិញ្ចឹម​ត្រី​នេះ កសិករ​ផលិត​ត្រូវមាន​កិច្ចសហការ​ល្អជា​ក្រុម​បណ្តុំ​តាម​មូលដ្ឋាន​នីមួយៗ និង​ត្រូវ​រៀបចំ​ផែនការ ផលិត​ឱ្យស្រប​និង​តម្រូវការ​ទីផ្សារ ជាពិសេស​ត្រូវតែមាន​ឆន្ទៈ​លើ​ការចិញ្ចឹម និង​ការថែទាំ​ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ និង​លក្ខណៈ​បច្ចេកទេស​។​

ទន្ទឹមនឹង​ការផ្ដល់ជូន​នេះ​ទៀត ឯកឧត្តម​រដ្ឋលេខាធិកា​រ​មាន​ក្ដី​រំពឹងថា កសិករ​ក្រុម​បណ្តុំ​អា ជីវ​កម្ម​ចិញ្ចឹម​ត្រី​ទាំងអស់ ពិតជា​អាច​បន្តដំណើរ​ផលិតកម្ម​ចិញ្ចឹម​ត្រី​បានល្អ និង​មានលទ្ធភាព​ពង្រីក​ទុន​បន្ថែម​ដោយ​ខ្លួនឯង ប្រសិន​ទោះបីជា​គ្មាន​ការគាំទ្រ​ទុន​បន្តទៀត​យ៉ាងណាក៏ដោយ​ពី​គម្រោង​។ ក្រៅពី​ការងារ​ចិញ្ចឹម​ត្រី ឯកឧត្តម​រដ្ឋលេខាធិកា​រក៍បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សុខភាព ដោយ​រដូវ​នេះ​មាន​ភ្លៀង​ធ្លាក់​ច្រើន ដែល​ងាយ​បង្ក​ឱ្យ​កើត​ជម្ងឺ​ដ​ម្កា​ត់​ផ្សេងៗ ជាពិសេស​ត្រូវ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ជម្ងឺ​កូ​វីត ១៩ និង​ត្រូវ​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​តាម​កា​រ​ណែនាំ​របស់​រាជរដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល​ដែល​បាន​ដាក់ចេញ​។​

​សូមបញ្ជាក់​ជូន​ថា វារីវប្បកម្ម​នៅ​ខេត្តព្រះវិហារ​ចែកចេញជា​បី​បែប គឺ​ការចិញ្ចឹម​ត្រី​ក្នុង​ស្រះ ចិញ្ចឹម​ក្នុង​តង់​ប្លា​ស្ទិ​ក និង​ការចិញ្ចឹម​ក្នុង​បែរ​។ ក្នុងនោះ​លោក​ថា នៅ​ទូទាំង​ខេត្ត​មាន​ស្រះ​ចិញ្ចឹម​ត្រី​សរុប​ចំនួន ៤១៧​ស្រះ គឺ​គាំទ្រ​ដោយ​កម្មវិធី អាស់​ស្ពាយ​, ចិញ្ចឹម​ត្រី​ក្នុង​បែរ​មាន​ចំនួន ០៦​បែរ​, ចិញ្ចឹម​ត្រី​ក្នុង​តង់​ប្លា​ស្ទិ​កមាន​ចំនួន ៧១​គ្រួសារ​, ចិញ្ចឹម​កង្កែប​ក្នុង​តង់​ប្លា​ស្ទិ​ក​ចំនួន ៣១​គ្រួសារ ព្រមទាំង​មាន​កន្លែង​បង្កាត់​-​ភ្ញាស់​ពូជ​កង្កែប​ជា​លក្ខណៈ​គ្រួសារ​ចំនួន ០៤​កន្លែង​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ​