រដ្ឋបាលខេត្ត​កំពង់ឆ្នាំង រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​៣ នៅ​សាលាស្រុក​បរិបូណ៌​

(​កំពង់ឆ្នាំង​)៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែតុលា​ឆ្នាំ​២០២០​នេះ នៅ​សាលាស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង បានរៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង អាណត្តិ​ទី​៣ ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ឯកឧត្តម ឡុង ឈុន​ឡៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម អម សុភា អភិបាលរង​ខេត្ត ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ទីចាត់ការ​អង្គភាព​ចំណុះ​សាលាខេត្ត ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក នាយក នាយករង​រដ្ឋបាល​ស្រុក ប្រធានការិយាល័យ​ជុំវិញ​ស្រុក សហគមន៍​មូលដ្ឋាន និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍ សរុប​១២៩​នាក់​។​

​ឯកឧត្តម ឡុង ឈុន​ឡៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​មានប្រសាសន៍ថា ការរៀបចំ​ប្រារព្ធ​ធ្វើ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត នៅ​ស្រុក​បរិបូណ៌​នា​ថ្ងៃនេះ គឺ​ដើម្បី​បង្កើតឡើង​នូវ​វប្បធម៌​នៃ​ការពិភាក្សា និង​ការលើកកម្ពស់​គណនេយ្យ​ភាព តាមបែប​ប្រជាធិបតេយ្យ ក្នុង​គោលបំណង​៖
១.​ផ្តល់ព័ត៌មាន​អំពី​សមិទ្ធផល​នានា ដែល​រដ្ឋបាលខេត្ត​សម្រេចបាន និង​សកម្មភាព​អាទិភាព នៃ​ការអភិវឌ្ឍន៍​សម្រាប់​ឆ្នាំ​២០២០​។​
២.​ផ្តល់ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ក្នុងការ​ពិភាក្សា​លើ​របាយការណ៍​នានា របស់​រដ្ឋបាលខេត្ត ទទួលយក​នូវ​អនុសាសន៍ សំណូមពរ​របស់​ប្រជាពលរដ្ឋ ដើម្បី​ពិភាក្សា និង​ធ្វើការ​ឆ្លើយតប​ប្រកប​ប្រសិទ្ធភាព ក្នុងការ​ផ្ដល់ សេវាសាធារណៈ​។​
៣.​ធានាបាន​ភាពជា​តំណាង​សាធារណៈ យ៉ាងពិត​ប្រាកដ ក្នុងការ​ពង្រឹង​បាន​លើ​អភិបាលកិច្ច​មូលដ្ឋាន និង​ការ អភិវឌ្ឍ​មូលដ្ឋាន តាមបែប​ប្រជាធិបតេយ្យ និង​មានការ​ចូលរួម​គ្រប់ភាគី​ពាក់ព័ន្ធ​។​
៤.​ធានាថា ក្រុមប្រឹក្សា​មាន​គណនេយ្យភាព​ចំពោះ​ប្រជាពលរដ្ឋ ផ្តល់ឱកាស​ដល់​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ចូលរួម និង​លើកឡើង​នូវ​សំណួរ​ពាក់ព័ន្ធ​បញ្ហា​នានា ក្នុង​មូលដ្ឋាន​របស់ខ្លួន​។​
៥.​ធានា​ឆ្លើយតបបាន តាម​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ និង​ការឆ្លើយតប​ចំពោះ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ ទាំង​បុរស និង​ស្ត្រី​ឱ្យបាន​ស្មើៗ​គ្នា​។​

​ឯកឧត្តម អម សុភា អភិបាលរង​ខេត្តកំពង់ឆ្នាំង បានបញ្ជាក់​ឱ្យដឹងថា វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត ពិតជា​សារៈសំខាន់​ណាស់​ក្នុង​ការបង្ហាញ​អំពី​លទ្ធផល​សកម្មភាព​ការងារ​របស់​រដ្ឋបាល​ខេត្តរ​ឆ្នាំ​២០២០ និង​គម្រោង​ផែនការ​អភិវឌ្ឍ​ផ្សេងៗ​ទៀត ព្រមទាំង​ផ្ដល់ឱកាស​ដល់​លោក លោកស្រី​តំណាង​សហគមន៍​មូលដ្ឋាន អង្គការ​ដៃគូ​អភិវឌ្ឍន៍​ផ្ដល់យោបល់​កែលំអ​នូវ​ចំណុច​ខ្វះខាត​នៃ​សកម្មភាព​ការអនុវត្ត​កន្លងមក​។ ឯកឧត្តម បាន​មានប្រសាសន៍​បន្ដទៀតថា បើទោះបីជា​កន្លងមក មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​បាន​ខិតខំ​យកចិត្តទុកដាក់​បំពេញ​ភារកិច្ច​របស់ខ្លួន​យ៉ាងណាក៏ដោយ ភាព​ចន្លោះប្រហោង ឬ​ចំណុច​ខ្វះខាត​មួយចំនួន​តូច​តែងតែ​កើតមាន ហើយ​វេទិកា​ថ្ងៃនេះ​ទៀតសោត ជា​ឪ​កាស​ដ៏​ល្អ​បំផុត ដែល​លោក លោកស្រី​ត្រូវ​លើកឡើង​ពី​ចំណុច​ខ្វះខាត​ទាំងនេះ ដើម្បីឱ្យ​អាជ្ញាធរ​ស្រុក​ខេត្ត នឹង​ព្យាយាម​ធ្វើការ​លំអ និង​អភិវឌ្ឍន៍​ជា​បន្តបន្ទាប់​ទៀត ដើម្បីអោយ​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត​លើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រុ​មុខ​ដឹកនាំ និង​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​កាន់តែ​ល្អប្រសើរ​។

​​គូសបញ្ជាក់ថា សំណួរ សំណូមពរ​ដែល​បានលើកឡើង​នៅក្នុង​វេទិកា​នោះ គឺមាន​ការលើកឡើង​ដោយផ្ទាល់​មាត់ និង​លាយលក្ខណ៍​ជា​អក្សរ​មាន ៩​ចំណុច​ពាក់ព័ន្ធ​នឹង បញ្ហា ភ្ជាប់​បណ្ដាញ អគ្គិសនី បញ្ហា​ប្រព័ន្ធធារាសាស្ត្រ បញ្ហា បម្លាស់​ទី ប្រជាពលរដ្ឋ​នៅលើ​ទឹក មក រស់នៅ​លើគោក បញ្ហា ទាក់​ទឹ​ន​នឹង វិស័យ ធម្មការ និ ង​សាសនា និង ការ ផ្ដល់​សេវាសាធារណៈ ក្នុងនោះ អាជ្ញាធរខេត្ត មន្ទីរជំនាញ បាន​ឆ្លើយបំភ្លឺ​រួច រាល់​គ្រប់ ចំណុច ទាំង អស់ ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ឆ្នាំង​