រដ្ឋបាលខេត្ត​ត្បូងឃ្មុំ និង​ក្រសួងពាណិជ្ជកម្ម ផ្សព្វផ្សាយ​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ចែកចាយ​ផ្គត់ផ្គង់​ប្រេងឥន្ធនៈ ដល់​អាជីវករ ម្ចាស់​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ​

(​ត្បូងឃ្មុំ​)៖ ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ រដ្ឋបាលខេត្ត​ត្បូងឃ្មុំ សហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម បាន​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី​ការយល់ដឹង​អំពី​ខ្លឹមសារ​នៃ​ច្បាប់ ស្ដីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព​លើ​ផលិតផល ទំនិញ និង​សេវា​, ច្បាប់​ស្ដីពី​កិច្ចការ​ការពារ អ្នកប្រើប្រាស់ និង​បទ​ប្បញ្ញត្តិ​ផ្សេងទៀត ពាក់ព័ន្ធ​នឹង​ការធ្វើ​អាជីវកម្ម ប្រេងឥន្ធនៈ​ដល់​អាជីវករ និង​ដេប៉ូ​ប្រេងឥន្ធនៈ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។​

​សិក្ខាសាលា​នេះ ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព ឯកឧត្ដម ឌឹ​ម ថេ​ង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​ក​.​ប​.​ប​.) និង​ជាទី​ប្រឹក្សា​ក្រសួងពាណិជ្ជកម្ម និង​ឯកឧត្តម ហាក់ សុខ​មករា អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ ក្រោម​ការរៀបចំ​ដោយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ខេត្ត​ត្បូងឃ្មុំ​។​
​ក្នុងនោះដែរ​ក៏មាន​ការអញ្ជើញ​ចូលរួម ពី​សំណាក់​លោក លោកស្រី ប្រធាន​មន្ទីរ អង្គភាព ជុំវិញ​ខេត្ត លោក​ប្រធាន​សាខា ក​.​ប​.​ប ខេត្ត លោកនាយក នាយករង​ទីចាត់ការ អន្តរ​វិស័យ​សាលាខេត្ត រួម​និង​លោក​ប្រធាន​អង្គភាព​ច្រកចេញចូល​ខេត្ត និង​បងប្អូន​ជា​អាជីវករ ពាណិជ្ជករ ម្ចាស់​ដេប៉ូ​ប្រេងឥន្ធនៈ ជាច្រើនរូប ។​

​ក្នុង​ឳ​កាស​នោះ ឯកឧត្តម ហាក់ សុខ​មករា បាន​លើកឡើងថា ក្នុងនាម​អាជ្ញាធរខេត្ត សង្ឃឹមថា​បន្ទាប់ពី​បាន​ឆ្លងកាត់​វគ្គ​ផ្សព្វផ្សាយ​ខ្លឹមសារ​នៃ​ច្បាប់​នេះហើយ ពាណិជ្ជករ​ទាំងអស់​នឹង​គោរព​អនុវត្តតាម ដើម្បី​ជា​ផលប្រយោជន៍​នៃ​សង្គមជាតិ​យើងទាំងអស់គ្នា ហើយក៏​ស្នើសុំ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ពិសេស​អង្គភាព​នៃ​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រ​ជេ​ង និង​បង្ក្រាប​ការ​ក្លែងបន្លំ ត្រូវខិតខំ​ពង្រឹង​ការងារ​របស់ខ្លួន ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​បាន​ទាន់ពេលវេលា កុំ​ឲ្យ​ទំនិញ​មិន​ប្រក្រតី បញ្ហា​គុណភាព និង​សុវត្ថិភាព មាន​ដាក់លក់​លើ​ទីផ្សារ​របស់​យើង​។​

មានប្រសាសន៍​លើកឡើង ឯកឧត្ដម ឌឹ​ម ថេ​ង វេទិកា​ផ្សព្វផ្សាយ​លើ​ការយល់ដឹង​អំពី​ការផ្គត់ផ្គង់​ប្រេងឥន្ធនៈ​ថ្ងៃនេះ មានបំណង បង្កើន​សមត្ថភាព​យល់​ដឹង​ដល់​ភាគី​ពាក់ព័ន្ធ ឱ្យបាន​ស៊ីជម្រៅ ពី​ការអនុវត្ត​ច្បាប់ ដែល​ពាក់ព័ន្ធ ដើម្បី​ដំណើរការ​អាជីវកម្ម ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា ឱ្យមាន​លក្ខណៈ​សមស្រប​និង​អនុលោម​តាម​លិខិតបទដ្ឋាន គតិយុត្ត​នានា​របស់​កម្ពុជា ។

​ឯក​ឧ​ត្ក​ម ឌឹ​ម ថេ​ង សង្ឃឹមថា​វេទិកា​ថ្ងៃនេះ​គឺជា​ឱកាស​មួយ​ដ៏​សំខាន់ ក្នុងការ​ផ្លាស់ប្តូ​រមតិ​យោបល់ និង​ចំណេះដឹង បទពិសោធន៍​គ្នា​ទៅវិញទៅមក ដើម្បីអោយ ភាគី​ពាក់ព័ន្ធ​អាចធ្វើ​ការកែលម្អ ទាំង​ផ្នែក​គ្រប់គ្រង​ស្ថានីយប្រេងឥន្ធនៈ និង​ក៏ដូចជា​ការធ្វើ​អាជីវកម្ម ក្នុងការ​ដាក់លក់​ផលិតផល​ប្រេងឥន្ធនៈ អោយ​កាន់​តែមាន​ភាព​សុ​ក្រឹត្យ និង​ជម្រុញ ប្រកួតប្រជែង​ស្មោះត្រង់​រវាង​បណ្ដា​អាជីវករ ដែល​កំពុង​ធ្វើ​អាជីវកម្ម ដើម្បី​រួមចំណែក កាត់បន្ថយ​ភាពក្រីក្រ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​កម្ពុជា​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ​