ពិធីសូត្រមន្តប្រោះព្រំ ការបញ្ចប់ការងារពង្រីក និងជួសជុលផ្លូវរត់(Runway) នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ

ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដមនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការអាកាសចរណ៍សុីវិលនិងវត្តមាន ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសូត្រមន្តប្រោះព្រំ ការបញ្ចប់ការងារពង្រីក និងជួសជុលផ្លូវរត់(Runway) នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ស្ថិតនៅឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ផ្លូវរត់យន្តហោះ(Runway)នេះ ធ្វើឡើងក្រោមកម្មវិធីវិនិយោគដែលមានទឹកប្រាក់ចំនួន ៥៨ លានដុល្លារអាមេរិក ត្រូវបានគ្រោងឱ្យដំណើរ ការជាផ្លូវការនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២០ ខាងមុខនេះដើម្បីឆ្លើយតប ទៅនឹងសន្ទុះកំណើនអ្នកដំណើរយ៉ាងខ្លាំងក្លា និងដោយមានគោលបំណងទទួលការចុះចតរបស់យន្តហោះធំៗ (កូដ E) ដូចជាយន្តហោះB-777-300ER ឫយន្តហោះ A-350-1000 ដែលធ្វើប្រតិបត្តិការហោះហើរត្រង់រយៈចម្ងាយឆ្ងាយទៅ មកពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

គួរកត់សម្គាល់ថាក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុ បានក្លាយជាទិសដៅគួរអោយទាក់ទាញតាមរយៈកំពង់ផែសមុទ្រទឹកជ្រៅ ដែលស្ថិតនៅក្រោមដំណើរការអភិវឌ្ឍ និងឆ្នេរសមុទ្រធម្មជាតិយ៉ាងស្រស់ស្អាត ដែលបានទាក់ទាញវិនិយោគិន ធុរកិច្ច និងភ្ញៀវទេសចរណ៍ ជាតិ អន្តរជាតិជាច្រើនផងដែរ។ដើម្បីប្រើប្រាស់ទិសដៅដ៏មានសក្កដានុពលនៃខេត្តព្រះសីហនុ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់អាទិភាពទៅលើការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធ និងការអភិវឌ្ឍបណ្តាញតភ្ជាប់ផ្លូវអាកាស ហើយដើម្បីឆ្លើយតបនឹងតំរូវការ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានជង្រីកផ្លូវរត់បន្ថែមពី ២,៥០០ម៉ែត្រឱ្យដល់ ៣,៣០០ម៉ែត្របន្ថែមពីលើការពង្រឹងផ្លូវយន្តហោះឡើងចុះ (airstrip) បច្ចុប្បន្ន ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះសីហនុ

សម្រួលផ្សាយ៖ ខៀវ យុទ្ធវង្ស