អភិបាលរងខេត្តកណ្តាល ក្រើនរំលឹកដល់មន្ត្រីត្រូវត្រៀមលក្ខណៈ ក្នុងការឆ្លើយតបជាប្រចាំ ចំពោះបញ្ហាគ្រោះមហន្តរាយ ដែលតែងកើតមានជាបន្តបន្ទាប់

(កណ្តាល)៖ លើកឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងត្រួតពិនិត្យវឌ្ឍនភាពគណៈកម្មការធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកណ្ដាល នៅថ្ងៃទី១២ ខែតុលា ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានរលឹកដល់មន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងអ្នកពាក់ពន្ធ័ត្រូវត្រៀមលក្ខណៈក្នុងការឆ្លើយតបជាប្រចាំចំពោះបញ្ហាគ្រោះមហន្តរាយដែលតែងកើតមានជាបន្តបន្ទាប់ ក្នុងករណីមិនមានការត្រៀមទុកមុននោះទេការឆ្លើយតបនឹងបញ្ហានេះពិតជានឹងយឺតយ៉ាវមិនខាន ។

ឯកឧត្តមអភិបាលរងខេត្ត បានបន្តទៀតថា យើងត្រូវត្រៀមកម្លាំងជំនាញ និងត្រៀមធនធានបច្ចេកទេស ដើម្បីជួយសង្គ្រោះអោយបានរហ័ស និងទាន់ពេលវេលា ក្នុងករណីមានគ្រោះមហន្តរាយកើតមានឡើងជាយថាហេតុ ហើយបញ្ហាសំខាន់គឺត្រូវដឹងពីដំណោះស្រាយឲ្យបានមុន ជាពិសេសអាជ្ញាធរមានសមត្ថកិច្ច ត្រូវចេញប្រតិបត្តិការជួយសង្គ្រោះជីវិតមនុស្ស និងធ្វើការឆ្លើយតបអោយបានទាន់ពេលវេលា និងបន្តណែនាំជាប្រចាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីត្រៀមរៀបចំទុកជាមុនដោយប្រើប្រាស់កម្លាំង និងមធ្យោបាយ សរុបសម្រាប់អន្តរាគមន៍ និងជួយសង្គ្រោះប្រជាពលរដ្ឋ ។

ជាមួយគ្នានោះឯកឧត្តម នុត ពុធដារ៉ា បានបញ្ជាក់ថាចំពោះមន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ក៏ត្រូវត្រៀមលក្ខណៈគ្រប់បែបយ៉ាងទៅតាមជំនាញនីមួយៗ ក្នុងការប្រើប្រាស់កម្លាំង និងមធ្យោបាយសម្រាប់ជួយអន្តរាគមន៍នៅពេលមានគ្រោះមហន្តរាយ កើតឡើង និងត្រូវបន្តកិច្ចសហការជាមួយដៃគូរអភិវឌ្ឍ សប្បុរសជននានាក្នុងការត្រៀមលក្ខណៈ ក្នុងការបង្ការ ឆ្លើយតបទៅនឹងគ្រោះមហន្តរាយនានា ដែលអាចនឹងកើតមានឡើងជាយថាហេតុក្នុងភូមិសាស្រ្តខេត្តកណ្តាលទាំងមូល៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកណ្តាល(ផ្សាយដោយ៖កន ចំណាន)