គណៈកម្មការ​លុបបំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់​ខេត្តរតនគិរី បើក​កិច្ចប្រជុំ​របស់ខ្លួន​ប្រចាំត្រីមាស​ទី​៣ ឆ្នាំ​២០២០

(​រតនគិរី​)៖ កិច្ចប្រជុំ​នេះ គឺ​ឆ្លុះបញ្ចាំង​ពី​សកម្មភាព​ក្នុងការ​ត្រួតពិនិត្យ​តាមដាន​របស​គណ​:​វិជ្ជាជីវ​:
​សុខាភិបាល​ខេត្ត ដើម្បី​ចុះ​ត្រួតពិនិត្យ​ឲ្យ​បាន​ទៀងទាត់​តាម​ឱសថស្ថាន និង​ឱសថស្ថាន​រង នៅតាម​ក្រុង​-​ស្រុក​នីមួយៗ ដើម្បី​ពិនិត្យ រកមើល​នូវ​ឱសថ​ក្លែងក្លាយ ឱសថ​ដែល​មិនទាន់បាន​ចុះបញ្ជី​ការ ឱសថ​ហួស​កាលកំណត់ ប្រើប្រាស់ និង​ខូចគុណភាព ឱសថ​ដែល​ក្រសួងសុខាភិបាល​ហាមឃាត់ ដែល​បាន​ចុះ​ធ្វើ​កិច្ចសន្យា​បិទ​កន្លែង​លក់​ឱសថ​នានា កន្លែង​ថែរក្សា​សម្ផស្ស និង​លក់​គ្រឿងសំអាង​គ្មាន​ច្បាស់ ហើយ​ផ្សព្វផ្សាយ​ប្រាសចាក​ពី​ការពិត ព្រមទាំង​ឱសថ​នៅតាម​បណ្តា​គារ គ្លីនិក និង​បន្ទប់​ពិនិត្យ ពិគ្រោះ បន្ទប់​ថែទាំ​ជំងឺ​ជាដើម​។

​កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្តទៅ​នា​រសៀល ថ្ងៃទី​១២ ខែតុលា​ឆ្នាំ​២០២០​នៅ​សាលប្រជុំ​សាលាខេត្ត ក្រោម​អធិបតីភាព ឯកឧត្តម លន់ សុភាព អភិបាលរង​ខេត្តរតនគិរី ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់ អភិបាល​អភិបាលរង​ក្រុង​-​ស្រុក និង​អង្គភាព មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ជាច្រើន​។​

​មានប្រសាសន៍​បើក​អង្គប្រជុំ​នាឱកាស​នេះ ឯកឧត្តម លន់ សុភាព បាន​មានប្រសាសន៍​ណែនាំ​ដល់​ក្រុមការងារ​គណៈកម្មការ​លុបបំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់ ត្រូវ​ពង្រឹង​ការត្រួតពិនិត្យ​តាមដាន វាយតម្លៃ សុខាភិបាល​ឯកជន​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ឱ្យបាន​ទៀងទាត់​។ ត្រូវធ្វើ​របាយការណ៍​ចុះ​ត្រួតពិនិត្យ​ដោយ​ប្រើប្រាស់​បញ្ជី​ផ្ទៀងផ្ទាត់​(Check list) នៅតាម​ទីកន្លែង​ផ្ដល់​សេវា​សុខាភិបាល​ឯកជន​។ ត្រូវ​ណែនាំ​ដល់​គ្រប់​ទីតាំង​ផ្ដល់​សេវា​សុខាភិបាល​ឯកជន​ទាំងអស់​ឲ្យ​គោរព​តាម​បែបបទ និង​លក្ខខណ្ឌ​បច្ចេកទេស​នៃ​ការសុំ​បើក​សេវា​សុខាភិបាល​ដោយ​មិនត្រូវ​ប្រព្រឹត្ត​លើសពី​គោលការណ៍​កំណត់​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​ឡើយ​។

​លោក លី ច័ន្ទ​ណា​រិ​ទ្ធ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​មានប្រសាសន៍​បង្ហាញ​ដល់​ក្រុមការងារ​គណៈកម្មការ​លុបបំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់ ពី​សកម្មភាព​ការងារ​របស់​មន្ទីរ​សុខាភិបាល​ផងដែរ ដែល​កន្លងមក​មន្ទីរ​បាន​ប្រជុំ​ផ្សព្វផ្សាយ​ដល់​បុគ្គលិក​សុខាភិបាល និង​ម្ចាស់​សេវា​ឯកជន​ស្ដីពី​លិខិតបទដ្ឋាន​ថ្មីៗ និង​ការរៀបចំ​សេវា​ឯកជន​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល បាន​ផ្សព្វផ្សាយ​ប្រកាស​របស់​ក្រសួងសុខាភិបាល លេខ​០៨៣ អបស​/​ម​ព ចុះ​ថ្ងៃទី​២៨ វិច្ឆិកា ឆ្នាំ​២០១៩ ស្ដីពី​ការពង្រឹង​ការងារ​ត្រួតពិនិត្យ​តាមដាន​វាយតម្លៃ​សេវា​សុខាភិបាល​ឯកជន​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។ បានធ្វើ​ការចុះ​ឆែក​តាម​សេវា​ឯកជន ស្ដីពី​គោលការណ៍​អនុវត្ត​សេវា​ឯកជន​ទាំងអស់​ក្នុង​ខេត្ត ធ្វើការ​ត្រួតពិនិត្យ​តាម​សេវា​ឯកជន​លើ​បទដ្ឋាន​បច្ចេកទេស និង​ស្វែងរក​ឱសថ​ក្លែងក្លាយ​ដើម្បី​យកមក​កម្ទេចចោល ព្រមទាំង​អប់រំ​ណែនាំ​អំពី ច្បាប់​ថ្មី​ស្ដីពី​ការផាកពិន័យ​ចំពោះ​ការដាក់​លក់​ឱសថ​ហាមឃាត់ ឱសថ​ដែល​គ្មាន​លេខ​បញ្ជី​ការ និង​ឱសថ​ហួស​កាលកំណត់​ប្រើប្រាស់ បាន​ចំនួន​៣​លើក បាន​ត្រួតពិនិត្យ​ចំនួន​៣២​កន្លែង​។ មន្ទីរ​សុខាភិបាល​ខេត្ត​ក៏បាន​ចុះ​វាយតម្លៃ​ទីតាំង​សេវា​ឯកជន​ដែល​ដាក់ពាក្យ​ថ្មី​ចំនួន ៣៤​កន្លែង បន្ត​សុពលភាព ៣៨​កន្លែង និង​ផ្លាស់ប្ដូរ​ឱសថការី ១​កន្លែង​។ បានធ្វើ​ការបិទ​សេវា​ឯកជន​បន្ទប់ ពិគ្រោះ​ជំងឺ ២​កន្លែង បន្ទប់​ថែទាំ​ជំងឺ​គ្មាន​ច្បាប់ ៤​កន្លែង​ក្នុងស្រុក​កូន​មុំ​។ និង​បិទ​កន្លែង​ជាង​ធ្មេញ​គ្មាន​ច្បាប់​ចំនួន ៧​កន្លែង​ផងដែរ ដោយមាន​ការ សហការ​ជាមួយ​អាជ្ញាធរ​ក្រុង​បាន​លុង​។​

​ឯកឧត្ដម លន់ សុភាព អភិបាលរង​ខេត្ត បាន វាយតម្លៃ​ខ្ពស់ និង​ធ្វើការ​កោតសរសើរ​ចំពោះ​ក្រុមការងារ​គណៈកម្មការ​លុបបំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ខុសច្បាប់ ក៏ដូចជា​មន្ទីរ​សុខាភិបាល​ខេត្ត ដែល​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​រាល់​សេចក្តីប្រកាស លិខិតបទដ្ឋាន និង​គោលការណ៍​ផ្សេងៗ ដែល​ណែនាំ​ដោយ​ក្រសួងសុខាភិបាល​បាន​យ៉ាង​ល្អប្រសើរ និង​ទទួលបាន​លទ្ធផល​គួរ​ឲ្យ​មោទនភាព​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី​