ខណ​:​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់ៗ​គ្នា​៣​ថ្ងៃ​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ចុះ​ពិនិត្យ​ប្រព័ន្ធ​ទ្វារ​រំដោះ​ទឹក​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដែលជា​ដែន​សមត្ថកិច្ច​របស់ខ្លួន​

​សៀមរាប​៖ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម ហង់ ពៅ អគ្គនាយក នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​សហការី បាន​ចុះ​ពិនិត្យ​ស្ថានភាព​ជំនន់​ទឹកភ្លៀង​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ដើម្បី​ពិនិត្យ និង​តាមដាន​អំពី​សម្ពាធ​ទឹក​។ កិច្ចការ​គ្រប់គ្រង​ទឹក​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​មាន​សារសំខាន់​ក្នុងការ​ទ្រទ្រង់​ខឿន​ប្រាសាទ ដោយ​អ្នកជំនាញ​បាន​ប្រើប្រាស់​ធារាសាស្ត្រ​បុរាណ​ឡើងវិញ ដើម្បី​ចែកចាយ​ទឹក​ទៅ​ទីតាំង​ផ្សេងៗ និង​កន្លែង​ដែល​ចាំបាច់​នានា ជាពិសេស​បាន​បញ្ចៀស​ទឹកជំនន់​ក្នុង​តំបន់​ប្រាសាទ និង​ក្រុង​សៀមរាប រួមទាំង​ប្រមូល​ទឹក​យកទៅ​រក្សាទុក​នៅ​បារាយណ៍​ធំៗ​ក្នុង​រមណីយដ្ឋាន​អង្គរ ដែលជា​អាង​ស្តុក​ទឹក​នា​សម័យបុរាណ​។

​ឯកឧត្តម ហង់ ពៅ មានប្រសាសន៍​ទៅកាន់​មន្ត្រី​ជំនាញ​ឲ្យ​បង្កើន​ការត្រួតពិនិត្យ តាមដាន​ជាប្រចាំ​ជាពិសេស​ទ្វារ​ទឹកធំ​។ ឯកឧត្តម បន្តថា នៅពេលនេះ​ស្ថានភាព​ជំនន់​ទឹកភ្លៀង នៅ​គ្រប់គ្រង​បាន ក៏ប៉ុន្តែ​បើ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​ទៅមុខទៀត​នោះ​ត្រូវ​បើកទ្វារ​ទឹក​បន្ថែមទៀត ដើម្បី​រំដោះ​ទឹក​កុំ​ឲ្យ​ជន​ទៅក្នុង​តំបន់​ប្រសាទ​។ ម្យ៉ាងទៀត ដោយ​យល់ឃើញថា​ស្ទឹង​រលួស​មានទឹក​កើន​ច្រើន អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រើ​ប្រព័ន្ធធារាសាស្ត្រ​បុរាណ​នេះ ដើម្បី​រំលែក​ទឹក​ខ្លះមក​ស្ទឹង​សៀមរាប ក្នុងការ​បញ្ជូន​បន្តទៅ​ផ្នែក​ខាងក្រោម និង​ទៅដល់​ទន្លេសាប​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​