អាជ្ញាធរ​ស្រុក​ពួក អនុវត្ត​វិធានការ​បង្ការ​ជំនន់​ទឹកភ្លៀង !

​សៀមរាប​៖ រយៈពេល​៣​ថ្ងៃ​ភ្លៀង​ធ្លាក់​ខ្លាំង ជាប់ៗ​គ្នា អាជ្ញាធរ​ស្រុក​ពួក ខេត្តសៀមរាប បានចេញ​ប្រតិបត្តិការ អនុវត្ត​វិធានការ​បង្ការ​ហា​នី​ភ័យ​គ្រោះទឹកជំនន់ ដែល​ជាបឋម​បានធ្វើ​ឲ្យ​ដងស្ទឹង​ពួក មានលទ្ធភាព​រំដោះ​ទឹក​ទៅកាន់​វាលទំនាប​បឹង​ទន្លេសាប !

​ចាប់ពី​រំលង​អា​ធ្រា​ត យប់​ថ្ងៃទី​១០ ឈានចូល​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០ មិនជា​ទូទៅ​ទេ​នៅក្នុង​ទីប្រជុំជន​ស្រុក​ពួក បានចាប់ផ្តើម​រង​ឥទ្ធិពល​នៃ​ជំនន់​ទឹកភ្លៀង ដែល​បាន​បង្អោរ​ធ្លាក់​ខ្លាំង​រយៈពេល​៣​ថ្ងៃ​ជាប់ៗ​គ្នា​កន្លងមក​នោះ​។ ជាមួយនឹង​ស្ថានភាព​បែបនេះ អាជ្ញាធរ​ជាតិ​អប្សរា​ក៏បាន​ជូនដំណឹង​ឲ្យ​បានដឹង​ជាមុន​ដែរ​ថា ដោយសារតែ​ទីតាំង​ស្តុក​ទឹក​ទាំងឡាយ​ត្រូវបាន​ពេញ​ចំណុះ​ហើយ​នោះ ចាប់ពី​ថ្ងៃទី​០៩ ខែតុលា អាជ្ញាធរ​ជាតិ​អប្សរា​ត្រូវបាន​បើក​បង្ហើប​ទ្វា​ទឹក​ដែល​ហូរ​ធ្លាក់​ពី​តំបន់ភ្នំ​គូ​លេន ដើម្បី​រំដោះ​តាម​ដងស្ទឹង​នានា​ឆ្ពោះទៅកាន់​បឹង​ទន្លេសាប ក្នុងនោះ​ក៏មាន​ដងស្ទឹង​ស្រុក​ពួក​មួយ​ផងដែរ​។ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​នៅក្នុង​បទសម្ភាសន៍​មួយនា​ព្រឹក​ថ្ងៃទី​១១ ខែតុលា​នេះ ជាមួយ​អភិបាលស្រុក​ពួក ( លោក ស៊ីន ចាន់ថុល ) ។​

​បទសម្ភាសន៍​នេះ បាន​ធ្វើឡើង​ក្នុងពេលដែល​លោក​អភិបាលស្រុក កំពុង​ដឹកនាំ​ក្រុមការងារ​សណ្តាប់ធ្នាប់ អនាម័យ និង​បរិស្ថាន បារ​កំប្លោក ដែល​ជាប់​នឹង​សរសរ​ស្ពាន​មួយកន្លែង​នៅតាម​ដងស្ទឹង​ពួក ត្រង់ចំណុច​វត្ត​តាទក ដើម្បី​ធ្វើ​ឲ្យ​ដងស្ទឹង​មួយ​នេះ មានលទ្ធភាព​រំដោះ​ទឹកជំនន់​បាន​លឿន​។ លោក​បញ្ជក់​ថា នេះ​គឺជា​ការអនុវត្ត​វិធានការ​បង្ការ ឬក៏​បញ្ជៀ​សហា​នី​ភ័យ​គ្រោះទឹកជំនន់​។ ៣​ថ្ងៃ​កន្លងមកហើយ ដែល​ប្រតិ​ប​ត្កិ​ការ​នេះ ចូលរួម​ដោយ​កម្លាំង​សមត្ថកិច្ច​របស់​គណៈបញ្ជាកា​រ​ឯកភាព​ស្រុក ព្រះសង្ឃ ប្រជាពលរដ្ឋ និង​ម្ចាស់​គ្រឿងចក្រ​ផងដែរ​។

​យ៉ាងណាក៏ដោយ នៅក្នុង​បទសម្ភាសន៍​នេះ លោក​អភិបាលស្រុក​ពួក បានបញ្ជាក់​ឲ្យ​ដឹងថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១១ ខែតុលា​នេះ ភូមិ​ចំនួន​៥​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ពួក ត្រូវបាន​រង​ជំនន់​ទឹកភ្លៀង​ចូលមក​ដល់ ក្នុងនោះ​មាន​សាលារៀន​៤​កន្លែង​ត្រូវ​ទឹក​លិច ផ្លូវ​គ្រួស​ក្រហម​៥​ខ្សែ ផ្លូវ​បេ​តុ​១​ខ្សែ និង​ផ្លូវ​កៅស៊ូ​១​ខ្សែ​ទៀត ក៏ត្រូវ​ជន់​ទឹកភ្លៀង​ហូរ​កាត់​។ ក្រៅពីនេះ ដូច​ជាការ​ចិញ្ចឹមសត្វ ដំណាំ​ដាំ​ដុះ​ផ្សេងៗ រួមទាំង​ស្រូវ​ស្រែ​ផងដែរ ប៉ុន្តែ​ពុំទាន់​អាច​និយាយបានថា មាន​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នៅឡើយ​នោះទេ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​