យុវជន​ជាង​២០០​នាក់ បាន​យល់​ពី​ច្បាស់​ពី​ប្រវត្តិសាស្ត្រ និង​ដំណើរ​តស៊ូ​របស់​សម្តេច​តេ​ជោ ក្នុង​ទស្សនៈកិច្ច​សិក្សា​រយៈពេល​១៥​ថ្ងៃ នៅ​មជ្ឈមណ្ឌល​ប្រវត្តិសាស្ត្រ​កោះ​ថ្ម និង​ស្តូប​វិមាន​២​ធ្នូ

(​ត្បូងឃ្មុំ​)៖ ដើម្បី​ឲ្យ​សិស្សានុសិស្ស​ជា​យុវជន​ជំនាន់​ក្រោយ ជា​សសរទ្រូង​ប្រទេសជាតិ បាន​យល់​កាន់តែច្បាស់​ពី​ប្រវត្តិសាស្ត្រ​ពិតប្រាកដ និង​ដំណើរ​តស៊ូ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បូជា​សាច់​ស្រស់​ឈាម​ស្រស់ ប្តូរ​យកសុខ​សន្តិភាព​ជូន​ជាតិ​មាតុភូមិ​កម្ពុជា ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ រៀបចំ​ឲ្យ​មាន​ទស្សនៈកិច្ច​សិក្សា​មួយ​ឡើងទៅ​កាន់​តំបន់​ប្រវត្តិសាស្ត្រ​ក្នុង​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តក្រចេះ ជាទី​តាំង​ដែល​ផ្តើម​សន្តិភាព​សម្រាប់​កម្ពុជា ដោយ​រាល់​ការចំណាយ​ទាំងអស់ លោក ជា​អ្នករ៉ាប់រង​។​

​ក្នុងនោះ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បានចង្អុលបង្ហាញ​និង​ណែនាំ​ឲ្យ​មន្ទីរអប់រំ យុវជន និង​កីឡា និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ រៀបចំ​កម្មវិធី​ទស្សនកិច្ច​សិក្សា​នេះ​ឡើង ដោយមាន​ក្រុមយុវជន​កាយរឹទ្ធិ យុវជន​កាកបាទក្រហម និង​យុវជន ស​.​ស​.​យ​.​ក ដែលជា​សមាជិក​ក្រុមប្រឹក្សា​យុវជន​តាម​សាលា​មធ្យមសិក្សា​ទូទាំង​ខេត្ត សរុប​ចំនួន​២១០​នាក់ ចែកចេញជា​៧​វគ្គ ក្នុង​១​វគ្គ​ចំនួន​៣០​នាក់ ធ្វើដំណើរ​ទៅកាន់​មជ្ឈមណ្ឌល​ប្រវត្តិសាស្ត្រ​កោះ​ថ្ម ក្នុង​ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​ស្តូប​វិមាន​២​ធ្នូ ក្នុងស្រុក​ស្នួល ខេត្តក្រចេះ ដោយ​ចាប់ផ្តើម​ម​ពី​ថ្ងៃទី​១០ ខែតុលា ដល់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០​។

​កម្មវិធី​ទស្សនកិច្ច​សិក្សា​នេះ ក្រោម​ការធ្វើ​បទឧទ្ទេសនាម​ពី លោក ផេង ពង្ស​រ៉ាស៊ី នាយក​កម្មវិធី​ស្រាវជ្រាវ និង​អប់រំ​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា ដោយ​ផ្តោត​សំខាន់​លើ​ប្រវត្តិសាស្ត្រ​កម្ពុជា សម័យ​កម្ពុជា​សាធារណៈរដ្ឋ (១៩៧០-១៩៧៥) សម័យ​កម្ពុជា​ប្រជាធិប្បតេយ្យ (១៩៧៥-១៩៧៩) រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ២ ធ្នូ ១៩៧៨ ពិសេស​ដំណើរ​តស៊ូ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុងការ​ផ្តួលរំលំ​រប​ប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​នាំមក​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​សង្គមជាតិ​កម្ពុជា​រីកចំរើន​មកដល់​សព្វថ្ងៃ​។​

​ក្នុង​ទស្សនៈកិច្ច​សិក្សា​នោះ ក្រុមយុវជន​ក៍បាន​ទស្សនា​នូវ​ការចាក់​បញ្ចាំង​ខ្សែ​វីដេអូ​ឯកសារ​ចំនួន​២​ផងដែរ ដោយ​វីដេអូ​ទី​១ និយាយ​ពី​ដំណើរ​តស៊ូ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ទី​២​វីដេអូ​ស្តីពី រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ២ ធ្នូ ១៩៧៨៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ​