ប្រធានស.ស.យ.ក.ខេត្តមណ្ឌលគិរី បានចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ស្ម័គ្រចិត្ត និងសិស្សានុសិស្សថ្នាក់ទី១២ ដែលទទួលការបំប៉ន សម្រាប់ត្រៀមប្រឡងបាក់ឌុប នៅចុងឆ្នាំនេះ

(មណ្ឌលគិរី)៖ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ លោក ឈឹម កាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រួមទាំងសមាជិក សមាជិកាស.ស.យ.កខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ស្ម័គ្រចិត្ត និងសិស្សានុសិស្សថ្នាក់ទី១២ ជិត ៥០០នាក់ ដែលទទួលការបំប៉ន សម្រាប់ត្រៀមប្រឡងបាក់ឌុប ពិធីនេះប្រព្រឹត្តទៅនៅមន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរី។

  លោក ឈឹម កាន ប្រធានស.ស.យ.កខេត្ត បានឱ្យដឹងថា បញ្ជាក់ថា ដោយមានការណែនាំពីថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំខេត្ត ជារៀងរាល់ឆ្នាំ ស.ស.យ.កខេត្ត តែងតែសហការជាមួយមន្ទីរអប់រំយុវជន និងកីឡាខេត្ត និងមានការគាំទ្រពីសប្បុរសជននានា ដើម្បីរៀបចំវគ្គបំប៉ន់ដល់សិស្សានុសិស្ស សម្រាប់ត្រៀមប្រឡងបាក់ឌុបឲ្យមានការយល់ដឹងកាន់តែច្រើន ដើម្បីជាមូលដ្ឋាន ក្នុងការប្រឡងទទួលបានជោគជ័យ។ លោក ឈឹម កាន បញ្ជាក់ថា រយៈពេលជាច្រើនខែកន្លងមកនេះ ដែលរាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតិឲ្យសិស្សរៀននៅសាលា ព្រោះប្រទេសកម្ពុជា កំពុងរងនូវផលប៉ះពាល់នៃជំងឺកូវីដ១៩ តែទោះជាយ៉ាងនេះក៏ដោយ ក៏សាលា និងសិស្ស នៅតែទាក់ទងគ្នាជាប្រចាំ តាមរយៈការរៀនតាមអនឡាញ និងការផ្ដល់មេរៀនរៀងរាល់សប្ដាហ៍ឲ្យសិស្សរៀននៅផ្ទះ។ លោក ឈឹម កាន បានជំរុញលើកទឹកចិត្តដល់សិស្សានុសិស្សត្រៀមប្រឡងបាក់ឌុបទាំងអស់ ត្រូវខិតខំរៀនសូត្រ និងចូលរៀនវគ្គបំប៉ននេះឲ្យបានគ្រប់ៗគ្នា និងជូនពរដល់ប្អូនៗប្រឡងជាប់ទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា សម្រាប់មុខមាត់ខេត្ត សាលារៀន ក៏ដូចជាក្រុមគ្រួសារ និងចូលរួមបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

តាមការបញ្ជាក់របស់លោក ទឹម សង្វាត ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឲ្យដឹងថា ក្នុងរយៈពេលជាង១ខែកន្លងមកនេះ ដែលសាលារៀននៅទូទាំងខេត្តមណ្ឌលគិរី បានដំណើរការឡើងវិញ បន្ទាប់ពីខកខានផ្ដល់ការរៀនសូត្រ ដោយផ្ទាល់ក្នុងសាលាជាច្រើនខែ ហើយការបើកដំណើរការឡើងវិញនេះ គឺផ្ដោតលើសិស្សថ្នាក់ទី១២ និងសិស្សថ្នាក់ទី៩ ដែលត្រៀម ប្រឡងនៅចុងឆ្នាំនេះ។ ចំពោះបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២១ ខែធ្នូ ឆ្នាំ២០២០ មានបេក្ខជន បេក្ខនារីសរុបចំនួន៤៧១នាក់ ស្រី២៥៧នាក់ ក្នុងនោះ មានពីរមណ្ឌលប្រឡង មណ្ឌលថ្នាក់វិទ្យាសាស្រ្ត ចំនួន២បន្ទប់ សិស្សសរុបចំនួន៤៨នាក់ ស្រី៣០នាក់ និងមណ្ឌលវិទ្យាសាស្រ្តសង្គមចំនួន ១៧បន្ទប់ សិស្សសរុប៤២៣នាក់ ស្រី២២៧នាក់ ហើយសិស្សានុសិស្សដែលមកតាមបណ្តាស្រុក គឺតម្រូវឲ្យប្រឡងនៅវិទ្យាល័យហ៊ុនសែនមណ្ឌលគិរី៕