រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​បន្ដ​នាំយក​ពូជ​កូន​ត្រី​អណ្ដែង កង្កែប និង​សម្ភារ​ចិញ្ចឹម​មួយចំនួនទៀត មក​ផ្ដល់ជូន​កសិករ​ក្នុង​ខេត្តព្រះវិហារ សម្រាប់​ចិញ្ចឹម​លក្ខណៈ​គ្រួសារ​

(​ខេត្តព្រះវិហារ​)៖ ចូលដល់​វគ្គ​ទី​២​ហើយ ក្នុង​យុទ្ធនា​ការចុះ​ចែក​កូន​ត្រី​អណ្តែង កូន​កង្កែប និង​សម្ភារ​ចិញ្ចឹម​មួយចំនួនទៀត ជូន​កសិករ​យកទៅ​ចិញ្ចឹម​ជា​លក្ខណៈ​គ្រួសារ តាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ពិធី​នេះ​ធ្វើឡើង នា​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២០ ស្ថិតនៅ​គេហដ្ឋាន​កសិករ​ជោគជ័យ​ក្នុង​ដំណើរការ​ចិញ្ចឹម​ត្រី​-​កង្កែប​កាលពី​វគ្គ​ទី​១ លោក ហេង គឹម​ហាក់ នៅ​ភូមិ​ពោធិ៍ ឃុំ​ពោធិ៍ ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ ក្រោម​អធិបតីភាព ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​, ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត ដែលមាន​ការចូលរួម​ពី​សំណាក់ ឯកឧត្តម លោកជំទាវ ប្រតិភូ​អមដំណើរ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មន្ដ្រី​ជំនាញ អាជ្ញាធរ​មូលដ្ឋាន និង​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​កុះករ​។​

​ក្នុងឱកាស​អញ្ជើញ ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ​នាពេលនេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​នាំយក​កូន​ត្រី​អណ្តែង កូន​កង្កែប និង​សម្ភារ​ចិញ្ចឹម​មួយ ចំនួន​ទៀត​មក​ចែកជូន​កសិករ​ចំនួន ៥០​គ្រួសារ ដែល​អញ្ជើញ​មកពី​០៥​ក្រុង​-​ស្រុក គឺ​ក្រុង​ព្រះវិហារ ស្រុក​ត្បែងមានជ័យ ស្រុក​ជាំ​ក្សាន្ត ស្រុក​រវៀង និង​ស្រុក​គូលែន​។​ជាពិសេស​ការងារ​បង្ក​បង្កើន​ផល គឺ​ការងារ​វារីវប្បកម្ម​ដែល​លោក​បាន​រំលេច​ជូន​ប្រជាកសិករ ជ្រាប​អំពី​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​កាលពី​ថ្ងៃទី​១៨ ខែកុម្ភ​: និង​កាលពី​ថ្ងៃទី​១៤ ខែកក្កដា​កន្លងមក ដែល​សម្តេច បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ និង​ជាពិសេស​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឲ្យ​ខិតខំ​ជំរុញ​ការងារ​ផលិតកម្ម​ស្បៀង ដើម្បី​ចូលរួម​បង្កើន​ផលិតភាព​ផលិតកម្ម​ស្បៀង បង្កើត​ការងារ តាមរយ​:​ការពង្រឹង និង​ពង្រីក​សកម្មភាព​ចិញ្ចឹម​ត្រី និង​កង្កែប ដាំ​ដំណាំ និង​បន្លែបង្កា​ជា​លក្ខណ​:​គ្រួសារ​ដើម្បី​បង្កើត​ចំណូល ធានា​សន្តិសុខ​ស្បៀង​ក្នុង​គ្រួសារ ស្រប​ពេលដែល​សេដ្ឋកិច្ចជាតិ និង​វិស័យ​មួយចំនួនទៀត​កំពុង​ប្រឈម​នឹង​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​-១៩​។​

​បន្ថែម​ពីនេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក្នុងនាម​ឲ្យ​អាជ្ញាធរខេត្ត ថ្នាក់ដឹកនាំ​ក្រសួង និង​រដ្ឋបាល​ជលផល​សន្យាថា​នឹង​ខិតខំ​ពុះពារ​គ្រប់បែបយ៉ាង​មិនថាឡើយ​ពេលវេលា​ឈប់ សម្រាក​ចុង​សប្តាហ៍ ចុះ​មកជួយ​ជំរុញ​យុទ្ធនាការ​នេះ ឲ្យ​កាន់តែ​សកម្ម​ឡើង​ថែមទៀត​នៅ​ទូទាំងប្រទេស ធ្វើយ៉ាងណា​បង្កើន​ផលិតភាព​ផលិតកម្ម​ស្បៀង ថែរក្សា ការពារ និង​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ ឲ្យ​មាន​ចីរភាព និង​និរន្តរភាព រក្សា​សុវត្ថិភាព​ស្បៀង ប្រែក្លាយ​វិបត្តិ ទៅជា​ឱកាស​ដើម្បី​ពង្រីក និង​ពង្រឹងសមត្ថភាព​ចិញ្ចឹម​ត្រី និង​កង្កែប​តាម​គ្រប់​រូបភាព​។​

​គួរ​បញ្ជាក់ថា កសិករ​ដែល​ទទួលបាន​ពូជ​ត្រី កង្កែប និង​សម្ភារ​ចិញ្ចឹម​នាពេលនេះ​មាន​ចំនួន ៥០​គ្រួសារ ដែល​អញ្ជើញ​មកពី​០៥​ក្រុង​-​ស្រុក គឺ​ក្រុង​ព្រះវិហារ ស្រុក​ត្បែងមានជ័យ ស្រុក​ជាំ​ក្សាន្ត ស្រុក​រវៀង និង​ស្រុក​គូលែន​។ ក្នុងចំណោម​នោះ​មាន​២៥​គ្រួសារ ដោយ​១​គ្រួសារ​ទទួលបាន​កូន​ត្រី​អណ្ដែង​ចំនួន ៧០០​ក្បាល តង់​ប្លា​ស្ទិ​ក​ចំនួន​១ និង​ចំណី​ចំនួន​៤​បេ​។ ដោយឡែក​២៥​គ្រួសារ​ទៀត ក្នុង​មួយ​គ្រួសារ​ទទួលបាន​កូន​ក​ង្កែ​ប​ចំនួន ៤០០​ក្បាល តង់​ចិញ្ចឹម​១ និង​ចំណី​ចំនួន​៤​បេ​ផងដែរ​។​

​ទន្ទឹមគ្នា​នេះដែរ​ឯកឧត្តម​រដ្ឋមន្ដ្រី និង​សហការី​ក៏បាន​បន្ដដំណើរ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​បណ្ដុំ​អាជីវកម្ម​ចិញ្ចឹម​មាន់​សាច់ និង​បន្លែ​ចំនួន ៥០​គ្រួសារ ដែល​អញ្ជើញ​មកពី​ឃុំ​ឆែប​មួយ ឃុំ​ម្លូព្រៃ​មួយ ឃុំ​សង្កែ​ពីរ និង​ឃុំ​សង្កែ​មួយ ស្រុក​ឆែប ដែល​ពិធី​នេះ​បានរៀបចំ​នៅផ្ទះ​កសិករ ឆឹង បូ និង​ភរិយា សយ បូ​ភា រស់នៅ​ភូមិ​ពោធិ​ទាប ឃុំ​ម្លូព្រៃ​មួយ ស្រុក​ឆែប ខេត្តព្រះវិហារ​។​

​ដើម្បី​ជាការ​ជំរុញ​លើកទឹកចិត្ត ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ចែកជូន​កសិករ​នូវ​សម្ភារៈ​មានដូចជា​៖ ស្បៃ​ខៀវ​ប្រក់​ដំបូល ២៤​ដុំ សំណាញ់​អួន ៣១០​គីឡូ ម៉ាស៊ីន​កិន​បន្លែ​១​គ្រឿង ម៉ាស៊ីន​កិន​ចំណី ១​គ្រឿង សំណាញ់​ដែក​បំបែក​កូន​មាន់ ២១​ដុំ ទូ​ភ្ញាស់​កូន​មាន់ ២​គ្រឿង ធុង​ទឹក​១០០០​លីត្រ ចំនួន​២, ធុង​ទឹក​៥០០​លីត្រ ចំនួន​២, តង់​ខៀវ ២​ផ្ទាំង និង​សំណាញ់​ទ្រើង ៤​ដុំ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ​