ប្រជាពលរដ្ឋក្រីក្រចំនួន ៣១ គ្រួសារទទួលអំណោយ ពីឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី

ព្រៃវែង៖ ឯកឧត្តម បណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី ចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ៣១ គ្រួសារ នៅភូមិមេសាង ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង នារសៀលថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២០។

ថ្ងៃនៅក្នុងឱកាសនោះដែរ ឯកឧត្តម បណ្ឌិត ក៏បាននាំមកនូវសេចក្តីនឹករលឹកពីសំណាក់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រៃវែង និងឯកឧត្តម ស សុខា ដែលជានិច្ចកាលសម្ដេច និងឯកឧត្តម តែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ គ្រប់កាលៈទេសៈ ដោយមិនប្រកាន់ពូជសាសន៍ពណ៌សម្បុរ និងនិន្នាការនយោបាយអ្វីឡើយ ដោយតែងតែគិតគូរជានិច្ចចំពោះបងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយមានកូនច្រើន ជនដែលងាយរងគ្រោះជាដើម។

ឯកឧត្តមបណ្ឌិតក៏បានលើកឡើងអំពីគុណតម្លៃនៃសុខសន្តិភាព នៅក្នុងប្រទេសកម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ ដោយឡែកនៅក្នុងបរិបទនៃជំងឺកូវីដ១៩ ដែលកំពុងតែគំរាមកំហែងនៅលើពិភពលោកយើងនេះរាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបងប្អូនប្រជាពលរដ្ឋដែលគាត់មានជីវភាពខ្វះខាតនេះ។

ឯកឧត្តម បណ្ឌិត ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែបន្ត អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានជាប់ជាប្រចាំ ដោយត្រូវចេះការពារខ្លួន និងមានអនាម័យឱ្យបានជាប់ជានិច្ច ដើម្បីបង្ការទប់ស្កាត់កុំឱ្យមានការឆ្លងនៅក្នុងសហគមន៍។

សម្ភារៈដែលបានផ្តល់ជូននោះក្នុងមួយគ្រួសារទទូលបាន-អង្ករ ៥០ kg -ទឹកស៊ីអ៊ីវ ២យូ -ទឹកត្រី ២យូ -ត្រីខកំប៉ុង១យូ -មីម៉ាម៉ា ១កេះ -ទឹកដោះគោ ២កំប៉ុង -ថវិកា ២ម៉ឺនរៀល

ឆ្លៀតក្នុងឱកាសនោះផងដែរឯកឧត្តម បណ្ឌិត បានអញ្ជើញចុះទៅប្រគល់ផ្ទះ ១ ខ្នង ទំហំ(3x 4) ម៉ែត្រធ្វើពីឈើប្រក់ស័ង្កសី រនាបក្តា ចំនួន០១ខ្នង និងអណ្ដូងទឹកស្អាតចំនួន ០១ គ្រឿង បំពាក់ដោយម៉ូទ័របូមទឹកជូនលោកយាយ អ៊ំ ព្រយ ដែលជាទុរគតជនចាស់ជរារស់នៅម្នាក់ឯង ក្នុងភូមិស្វាយអណ្ដូង ឃុំជីផុច ដែលកសាងអស់ថវិកាចំនួន ៦,១០០,០០០៛នោះផងដែរ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង

សម្រួលផ្សាយ៖ ខៀវ យុទ្ធវង្ស