អាជីវករលក់ដូរមុខប្រាសាទអង្គរវត្តពេញចិត្តចំពោះទីតាំងលក់ដូរថ្មី ដែលផ្តល់ដោយអាជ្ញាធរអប្សរា !

សៀមរាប៖  ចាប់ពីដើមឆ្នាំ២០២០មក អាជ្ញាធរជាតិអប្សរា បានធ្វើការកែលម្អសោភណ្ឌភាពនៅមុខប្រាសាទអង្គរ ឲ្យមានភាពស្រស់បំព្រងគ្រប់រដូវកាល រួមមានដាំស្មៅ ដាំកូនឈើ និងដើមផ្កាជាច្រើនប្រភេទទៀត ក្នុងគោលដៅលើកតម្លៃនៃសម្បត្តិបេតិកភណ្ឌពិភពលោក និងថែរក្សា កេរតំណែលដួងព្រលឹងបុព្វបុរសខ្មែរ ។ បន្ថែមលើសពីនោះ ក៏បានរៀបចំឲ្យមានទីតាំងថ្មី សម្រាប់បងប្អូនដែលជាអាជីវករលក់ដូរនៅមុខប្រាសាទអង្គរវត្តនេះផងដែរ ដែលការរៀបចំនេះ ត្រូវបានបងប្អូនអាជីវករសម្តែងនូវការគាំទ្រចំពោះទីតាំងថ្មីនោះ។

ប្រជាពលរដ្ឋដែលជាអាជីវករលក់ដូរ នៅមុខប្រាសាទអង្គរវត្ត បានឲ្យដឹងស្រដៀងគ្នាកាលពីម្សិលមិញថា ពួកគាត់ពេញចិត្តយ៉ាងខ្លាំងចំពោះទីតាំងថ្មីនោះ ព្រោះនៅទីនោះ មានសោភ័ណភាព និងបរិស្ថានល្អស្អាត គ្រាន់តែកន្លែងលក់ដូរតូចជាងទីតាំងចាស់របស់គាត់បន្ដិចបន្ដួចប៉ុណ្ណោះ ។ ការលក់ដូរនៅទីតាំងថ្មីនេះរៀបចំដោយអាជ្ញាធរជាតិអប្សរា ដោយមិនគិតប្រាក់ឈ្នួលពីអាជីវករនោះទេ។ពួកគាត់បញ្ជាក់ថា កន្លែងលក់ដូរចាស់មិនសូវមានបរិស្ថានស្អាតនោះឡើយ ហើយកន្លែងលក់ដូរចាស់ជាតូបស្លឹកនិងខ្លះទៀតអាគារជួលពីគេបន្ត ប៉ុន្ដែក្រោយពេលដែលអាជ្ញាធរជាតិរៀបចំកន្លែងថ្មីគឺជាកម្មសិទ្ធិរបស់ពួកគាត់ ដោយមិនបាច់បង់ប្រាក់ឡើយ។ ពួកគាត់ក៏សម្ដែងការដឹងគុណដល់អាជ្ញាធរជាតិអប្សរាផងដែរ ដែលផ្ដល់កន្លែងដ៏សមរម្យមួយសង់ពីថ្មសម្រាប់បន្ដអាជីវកម្មរបស់ពួកគាត់។ ពួកគាត់រំពឹងថា ក្រោយបញ្ចប់កូវីដ-១៩ នឹងមានភ្ញៀវទេសចរណ៍ច្រើនទៅទស្សនានៅរមណីយដ្ឋានអង្គរដូចមុនឆ្នាំ២០២០។

អាជីវករបានរៀបរាប់ដែរថា ទីតាំងលក់ដូរថ្មីនេះល្អ មានសោភ័ណភាព ហើយកន្លែង លក់ដូរចាស់ ត្រូវបានរៀបចំដាំឡើងវិញនូវកូនឈើប្រណិតៗ នៅមុខប្រាសាទអង្គរ ដើម្បីទាក់ទាញអ្នកទេសចរឲ្យមកកម្សាន្តនៅខេត្តសៀមរាបក្រោយពីបញ្ចប់កូវីដ១៩។

សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមធ្វើការរៀបចំហេដ្ឋារចនាសម្ពន្ធ និងរៀបចំសួនច្បារនៅខាងលិចប្រាសាទអង្គរវត្តនេះ ជាមួយនឹងការរុះរើសំណង់តូបលក់ដូរផង នៅដើមឆ្នាំ២០២០នេះ។ រហូតមកដល់ពេលនេះសំណង់ភោជនីយដ្ឋាន អគាររដ្ឋ តូបលក់ដូរម្ហូបអាហារ លក់វត្ថុអនុស្សាវរីយ៍ សម្លៀកបំពាក់ប្រមាណជា១៥០ខ្នង ក៏បានរុះរើរួចរាល់អស់ទាំងស្រុង ដោយការស្ម័គ្រចិត្តពីម្ចាស់កម្មសិទ្ធិ និងព្រមទៅទីតាំងថ្មីនោះដែរ ។ ទីធ្លាខាងលិចប្រាសាទអង្គរវត្តនេះ ក៏ពោរពេញទៅដោយការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធ និងសួនច្បារបៃតងបង្អួតសម្រស់ធម្មជាតិដ៏ស្រស់បំព្រងផងដែរ៕

អត្ថបទ និងរូបភាព: លោកបូ សាវី កែសម្រួលដោយ លីវ សុខុន

សម្រួលផ្សាយ៖ ខៀវ យុទ្ធវង្ស