ប្រជាពលរដ្ឋ ដែលកំពុងជួបការខ្វះខាតក្នុងស្ថានភាពវិបត្តិកូវីដ-១៩ ចំនួន ៤០០គ្រួសារ នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ទទួលបានអំណោយពីព្រះចៅអធិការវត្តព្រិន្ទ

(សៀមរាប)៖ ការអូសបន្លាយនៃការរីករាលដាលជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋជាច្រើននាក់ធ្លាក់ខ្លួនក្រីក្រ ដោយឡែកប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងស្ថានភាពនៃវិបត្តិកូវីដ-១៩ ចំនួន៤០០គ្រួសារ មកពីបណ្តាភូមិនានាក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប បានទទួលអំណោយគ្រឿងឧបភោគបរិភោគពីព្រះជេគុណគុណ្ណវឌ្ឍោ សន សារឹទ្ធ ព្រះគ្រូចៅអធិការវត្តប្រាសាទរាជាធិបតី ហៅវត្តព្រិន្ទ ស្ថិតក្នុងសង្កាត់ជ្រាវ នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ ។

មានសង្ឃដីកាក្នុងឱកាសនោះ ព្រះតេជគុណ ព្រះវិជ័យរង្សីបណ្ឌិត ឡាច លាង ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូប្រាសាទរង្សីអនុគណក្រុងសៀមរាប បានសម្ដែងនូវការកោតសសើរដល់ព្រះគ្រូចៅអធិការវត្តព្រិន្ទ ដែលបានចំណាយបច័្ចយជាច្រើន សម្រាប់ទិញទេយ្យទានចែកជូនដល់ប្រជាពុទ្ធបរិស័ទ ដែលកំពុងជួបការខ្វះខាតនៅពេលនេះ ដែលនេះជាសកម្មភាពមនុស្សធម៌មួយដ៏សំខាន់មួយ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយដោះស្រាយការលំបាករបស់ពលរដ្ឋយើង ហើយក៏ដោយសារតែជំងឺកូវីដ-១៩នេះ បណ្តាលធ្វើឱ្យប៉ះពាល់ជីវភាពប្រជាពុទ្ធបរិស័ទ ដូច្នេះព្រះសង្ឃក៏ត្រូវតែចូលរួមជួយទៅដល់ប្រជាពុទ្ធបរិស័ទ ព្រោះថាកន្លងមក ព្រះសង្ឃគឺទទួលបានចង្ហាន់ពីពុទ្ធបរិស័ទទូទៅ ដល់ពេលប្រជាពលរដ្ឋជួបការលំបាក ព្រះសង្ឃត្រូវតែជួយទៅដល់ពុទ្ធបរិស័ទវិញ ។

លោក ទេព ប៊ុនឆាយ ប្រធានក្រុមប្រឹក្សាក្រុងសៀមរាប មានប្រសាសន៍ថា ក្នុងស្ថានភាពវិបត្តិកូវីដ១៩នេះ រាជរដ្ឋាភិបាល បានផ្តល់នូវប័ណ្ណសមធម៌ដល់គ្រួសារក្រ១.ក្រ២ ជូនប្រជាពលរដ្ឋរងផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ ដែលទទួលបានជាកញ្ចប់ថវិកា ហើយក្នុងឱកាសនេះ សូមថ្លែងអំណរគុណដល់ព្រះគ្រូចៅអធិការវត្តព្រិន្ទដែលបានផ្តល់ស្បៀងអាហារដល់ប្រជាពលរដ្ឋនៅពេលនេះ និង សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជំងឺកូវីដ១៩នោះទេ បើទោះបីចំនួនអ្នកឆ្លងជំងឺនេះនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ៕

អត្ថបទ និងរូបភាព ៖ លោក ឃុត សៅ

កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត