ពិធី​បិទ​វគ្គ​តម្រង់ទិស​ការងារ​ដល់​អនុសាខា​កាកបាទ​ក្រហ​កម្ពុជា ក្រុង​-​ស្រុក​ទាំង​១២ ក្នុង​ខេត្តសៀមរាប !

(​សៀមរាប​)៖ នា​រសៀល​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០២០​នេះ នៅ​ទីស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ប្រារព្ធ​ពិធី​បិទ​វគ្គ​តម្រង់ទិស​ការងារ​អនុសាខា​កាកបាទ​ក្រហ​កម្ពុជា ក្រុង​-​ស្រុក​ទាំង​១២ ក្នុង​ខេត្តសៀមរាប ក្រោម​អធិប​តិ​ភាព ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង​លោកជំទាវ​។ ពិធី​នេះដែរ​ក៏មាន​ការេ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន​គណៈកម្មាធិកា​រ​សាខា អនុសាខា​កាកបាទក្រហមកម្ពុជា ក្រុង​-​ស្រុក​ទាំង​១២ លោក​លោកស្រី ហិ​រ​ញ្ញិ​ក​អនុសាខា​ក្រុង​-​ស្រុក​ទាំង​១២ និង​មន្ត្រី​ប្រចាំការ​អនុសាខា​កាកបាទក្រហម ក្រុង​-​ស្រុក ទាំង​១២ ជាច្រើនរូប​ផងដែរ​។

​មានប្រសាសន៍​នាឱកាស​នោះ ឯកឧត្តម ទៀ សីហា បាន​បង្ហាញថា វគ្គ​តម្រង់ទិស​ក្នុង​ពេលនេះ​មាន​រយៈពេល ២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​០៧​ដល់​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០២០ ក្នុង​គោលបំណង​ផ្ដល់នូវ​ការយល់ដឹង​បន្ថែម​ឈានទៅ​បំពេញភារកិច្ច​មនុស្សធម៌​បាន​ត្រឹមត្រូវ ពិសេស​អនុវត្តន៍​តាម​យុទ្ធសាស្ត្រ​នៃ​វិស័យ​ស្នូល​ទាំង​៤​របស់​កាកបាទក្រហម​កម្ពុជា​។ ក្នុងនោះ​ថ្វីត្បិតតែ​វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​រយៈពេល​ខ្លី​ពិតប្រាកដ​មែន តែ​វា​ជាមាន​សារៈសំខាន់​គឺ​បាន​ពង្រឹងសមត្ថភាព​ដ​ល់​លោក លោកស្រី ដើម្បី​បាន​យល់ដឹង​កាន់តែច្បាស់​ពី​រចនាសម្ព័ន្ធ តួនាទី​ភារកិច្ច​របស់​អនុសាខា អ្នកស្ម័គ្រចិត្ត យុវជន​កាកបាទក្រហម​កម្ពុជា ការងា​រដ្ឋបាល និង​ការគ្រប់គ្រង​ថវិកា​របស់​អនុសាខា​ផងដែរ​។ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​អនុសាខា​រួមគ្នា​ដោះស្រាយ​ការងារ​មនុស្សធម៌​ឲ្យ​បានល្អ ដូចនេះ​ត្រូវបំពេញ​ការងារ​ដោយ​ឆន្ទៈ និង​មនសិកា​ទាំងអស់គ្នា ដើម្បី​ជា​ប្រយោជន៍​ដល់​សមាគមជាតិ និង​ប្រជាពលរដ្ឋនៅក្នុង​សហគមន៍​មូលដ្ឋាន​។​

​ឯកឧត្តម បន្ថែមថា ក្នុងនោះដែរ អនុសាខា​កាកបាទក្រហម ក្រុង​-​ស្រុក​ទាំង​១២ នៃ​អាណត្តិ​ទី​៥ របស់​គណៈកម្មាធិការ​សាខា​ស​កាកបាទក្រហមកម្ពុជា​ខេត្ត ដែល​ត្រូវបាន​កាកបាទក្រហមកម្ពុជា ចេញ​សេចក្តីសម្រេច​តែងតាំង​គណៈ​កិត្តិយស​អនុសាខា និងសេចក្តីសម្រេច​ទទួល​ស្គាល់​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា ក្រុង​-​ស្រុក​ទាំង​១២ ដែល​បាន​ប្រកា​ល​ជា​ឱឡារិក កាលពី​ថ្ងៃទី​០៤ ខែកុម្ភៈ​ឆ្នាំ​២០២០ តែដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​-១៩ យើង​មិនអាច​បើក​វគ្គ​នេះ​បាន​រហូតមក​ដល់ពេលនេះ ទើប​បើក​វគ្គ​នេះ​ឡើង​នាពេលនេះ​។
​ឯកឧត្តម ទៀ សីហា ក៏បាន​ធ្វើការ​សំណេះសំណាល និង​ផ្ដាំផ្ញើ​ដល់​លោក លោកស្រី​ប្រធាន​អនុសាខា​ក្រុង ស្រុក​ទាំង​១២ ត្រូវ​យកចិត្តទុកដាក់​តាមដាន​រាល់​សុខទុក្ខ​ប្រជាពលរដ្ឋនៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ឲ្យ​បាន​ជាប់​ជាប្រចាំ​ដើម្បី​មាន​មូលដ្ឋាន​បំពេញ​កិច្ចការ​មនុស្សធម៌​បានល្អ​ប្រសើរ និង​បង្កើន​សកម្មភាព​កៀរគរ​ប្រមូល​ថវិកា​មនុស្សធម៌​សម្រាប់​បន្ត​និរន្ត​ភាព​ការងារ​កាកបាទក្រហម​នៅក្នុង​ខេត្ត ដើម្បី​ជួយ​សម្រាល​ទុក្ខលំបាក​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​