ថ្វី​ត្បិត​ទឹកភ្លៀង​នៅ​រដូវវស្សា​ឆ្នាំនេះ​ធ្លាក់​យឺត​ជាង​ឆ្នាំមុន​ក្តី ក៏​មិន​បារម្ភ​ពី​កង្វះ​ទឹក​ក្នុង​តំបន់​អង្គ​រដែរ !

​សៀមរាប​៖ មន្ដ្រី​ជំនាញ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​នឹង​កំពុង​មមាញឹក​ក្នុងការ​បង្វែរ​ទឹក​ចេញពី​តំបន់​អង្គរ ទៅតាម​បណ្ដោយ​ផ្លូវទឹក​បុរាណ​នានា ឆ្ពោះទៅកាន់​ស្ទឹង​ស្រុក​ពួក និង​ស្ទឹង​ស្រុក​ប្រាសាទបាគង ដើម្បី​បង្ហូរ​ទៅក្នុង​បឹង​ទន្លេសាប ខណៈដែល​ក្នុង​តំបន់​អង្គរ​បាន​បង្ហូរ​ចូល​គ្រប់គ្រាន់​ហើយ​។​

​លោក ភឿន សុ​ឃីម អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យដឹង​កាលពី​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២០​ថា ស្ថានភាព​ទឹកភ្លៀង​នៅ​រដូវវស្សា​ឆ្នាំនេះ​ធ្លាក់​យឺត​ជាង​ឆ្នាំមុន ប៉ុន្តែ​បរិមាណ​ទឹក​ច្រើនជាង​ឆ្នាំមុន ដោយសារ​មាន​ទឹកភ្លៀង​ហូរ​ធ្លាក់​ពី​តំបន់​ខាងជើង​នៃ​បឹង​ទន្លេសាប ជាពិសេស​ធ្លា​ក់លើ​ភ្នំ​គូ​លេន​។ លោក​បាន​បន្ដថា មន្ត្រី​ជំនាញ​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចាត់ចែង និង​ប្រមូល​ទឹកភ្លៀង​ទាំងនោះ​តាម​ប្រព័ន្ធ​ផ្លូវទឹក​បុរាណ ដើម្បី​បញ្ជូនទៅ​រក្សាទុក​ក្នុង​ឧទ្យាន​អង្គរ រួមមាន​បារាយណ៍​ខាងជើង បារាយណ៍​លលៃ ក​សិន្ធុ​អង្គរវត្ត ក​សិន្ធុ​ក្រុង​អង្គរធំ បារាយណ៍​ខាងលិច ក​សិន្ធុ​ប្រាសាទចៅស្រីវិបុល និង​អាង​ស្តុក​ផ្សេងៗ​ទៀត ក្នុងតំណាក់កាល​ទី​១​គ្រប់​តម្រូវការ​ហើយ​។ លោក​បន្តទៀតថា នៅពេលដែល​ទឹក​បញ្ចូល​គ្រប់គ្រាន់​តាម​ត្រូវការ​ក្នុង​តំបន់​អង្គ​រហើយ​នោះ មន្ត្រី​ជំនាញ​បាន​នឹង​កំពុង​បញ្ចៀស​ទឹក​តាម​ប្រព័ន្ធ​ផ្លូវទឹក​បុរាណ​ផ្សេងៗ ដើម្បី​ទម្លាក់​ទៅ​បឹង​ទន្លេសាប​តាម​ស្ទឹង​ពួក ស្ទឹង​ព្រះ​ស្រុក ស្ទឹង​សៀមរាប និង​ស្ទឹង​នៅ​ស្រុក​ប្រាសាទបាគង ដើម្បី​កុំ​មាន​ផលប៉ះពាល់​លិច​ក្រុង​សៀមរាប ខណៈដែល​ស្ថានភាព​ទឹកធំ​ដូច​កាលពី​ឆ្នាំ​២០១១​ឡើយ​។ លោក ភឿន សុ​ឃីម បាន​បញ្ជាក់ថា តាំងពី​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ស្តារ​ប្រព័ន្ធ​ផ្លូវទឹក បុរាណ​ចាប់តាំងពី​ឆ្នាំ​២០១២​មក តំបន់​អង្គរ និង​ក្រុង​សៀមរាប មិនដែល​លិចលង់​ដោយសារ ទឹកជំនន់​នោះទេ ដែល​នេះ​បង្ហាញថា ប្រព័ន្ធ​ផ្លូវទឹក​បុរាណ​ពិតជា​មាន​ប្រសិទ្ធភាព​ក្នុងការ​បញ្ចៀស​ទឹកជំនន់​ចេញពី​ក្រុង​សៀមរាប​បានល្អ​ណាស់​។ លោក​បាន​បន្ថែមថា ការបញ្ចូល​ទឹក​នៅក្នុង​តំបន់​អង្គរ​បណ្ដោះអាសន្ន​នេះ​ជិត​គ្រប់​តម្រូវការ​ហើយ ប៉ុន្ដែ​បើសិន​ទឹក​ស្រក​ខុសពី​បរិមាណ​តម្រូវការ​ទៅវិញ​នឹងមាន​ការបញ្ចូល​បន្ថែម​ទៀត​នៅ​ខែ​ខាងមុខ​ទៀត​។​

​បើតាម​លោក ភឿន សុខ​ឃីម បានឱ្យដឹង​ដែរ​ថា សម្រាប់​ស្ថានភាព​ទឹក​នៅ​រដូវវស្សា​ឆ្នាំនេះ មាន​ផល​ល្អ​ដោយ​មន្ដ្រី​ជំនាញ​ក៏ដូចជា​អាជ្ញាធរ​ជាតិ​អប្សរា​មិន​ព្រួយបារម្ភ​ពី​កង្វះ​ទឹក​នៅក្នុង​តំបន់​អង្គរ​នោះទេ​។ មន្ដ្រី​ជំនាញ​រូបនោះ បាន​បន្ដថា នៅក្នុង​តំបន់​អង្គរ​ដែល មាន​ត្រូវការ​ទឹក​ដល់​ទៅ​ជាង​១០០​លាន​ម៉ែត្រគុប សម្រាប់​ទ្រទ្រង់​ប្រាសាទ និង​ការងារ​អភិរក្ស នៅ​រដូវប្រាំង​៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​