សិក្ខាកាម​ចំនួន ១២០​នាក់ ទទួលបាន​វគ្គ​បណ្តុះបណ្តាល​វិជ្ជា​សង្គ្រោះ​បឋម​ក្នុង​គ្រាអាសន្ន​ពី​អាជ្ញាធរ​ជាតិ​អប្សរា !

(​សៀមរាប​)៖ នៅ​រសៀល​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០២០​នេះ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អង្គរ នៃ​អាជ្ញា​ជាតិ​អប្សរា បាន​បើក​វគ្គ​បណ្តុះបណ្តាល​វិជ្ជា​សង្គ្រោះ​បឋម ជូន​ដល់​សិក្ខាកាម​ចំនួន​១២០​នាក់ មកពី​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​, នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ​, នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​, នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​, នាយកដ្ឋាន​សណ្តាប់ធ្នាប់ និង​សហប្រតិបត្តិការ និង​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ​ទេសភាព​វប្បធម៌ និង​បរិស្ថាន​។ វគ្គ​បណ្តុះបណ្តាល​នេះដែរ​មាន​រយៈពេល​១​ខែ ចាប់ពី​ខែតុលា ដល់​ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២០​។ វគ្គ​បណ្តុះបណ្ដាល​នេះ​ក៏មាន​មន្ត្រី​ជំនាញ​ផ្នែក​វិជ្ជា​សង្គ្រោះ​បឋម​ប្រចាំ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប និង​គ្រូ​បង្គោល​វិជ្ជា​សង្គ្រោះ​បឋម​ជំនា​ន់ទី​១ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ដែលជា​គ្រូ​បង្គោល​។​

​កញ្ញា ហ៊រ រិ​ទ្ធា​រី ប្រធានស្តីទី​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អ​ង្គ​រ បាន​ឲ្យ​ដឹងថា គោលបំណង នៃ​វគ្គ​បណ្តុះបណ្តាល​វិជ្ជា​សង្គ្រោះ​បឋម ជូន​ដល់​សិក្ខាកាម​ទាំង​១២០​នាក់​នៅពេលនេះ គឺ​ដើម្បី​បញ្ជ្រាប​ការយល់ដឹង និង​កសាង​សមត្ថភាព​បុគ្គលិក ភ្នាក់ងារ និង​ពលករ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​កំពុង​បំពេញការងារ​នៅតាម​ការដ្ឋាន តំបន់​ប្រាសាទ និង​ក្នុងព្រៃ ដើម្បី​បង្ការ និង​សង្គ្រោះ​ភ្ញៀវទេសចរ មនុស្ស​ជុំវិញខ្លួន​ពី​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​ដែល​អាច​នឹង​កើតមានឡើង​នៅពេល​បំពេញការងារ​។​

​កញ្ញា ហ៊រ រិ​ទ្ធា​រី បន្ថែមថា សិក្ខាសាលា​ដែលមាន​រយៈពេល​១​ខែ រៀបចំឡើង​ចំនួន​០៦​វគ្គ ក្នុង​១​វគ្គ​មាន​សិក្ខាកាម​ចំនួន​២០​នាក់ មកពី​នាយកដ្ឋាន​គោលដៅ​បំពេញការងារ​សំខាន់ៗ​ក្នុង និង​ក្រៅ​តំបន់​អង្គរ​។ ក្នុងនោះដែរ​មេរៀន​សំខាន់ៗ​រួមមាន​មាន​៖ តួនាទី​អ្នក​សង្គ្រោះ គោលការណ៍​គ្រឹះ ស្ថានភាព​ដំណេក សន្លប់ CPR ស្លាក់ លង់ទឹក គ្រោះថ្នាក់​ចរាចរណ៍ ការពុល ប្រកាច់ ពស់​ចឹក ឆ្កែ​ខាំ របួស ការ​ហូរឈាម​គ្រប់​ប្រភេទ ការឃាត់​ឈាម ការបាក់​ឆ្អឹង ការដឹកជញ្ជូន និង​ករណី​ផ្សេងៗ​ទៀត​។ វគ្គ​បណ្តុះបណ្តាល​នេះ ក៏​អនុវត្តន៍​ដោយ​គោរព​ទៅតាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​បង្ការ​ជំងឺ​កូ​វីដ​-១៩​ដែរ ដើម្បី​សុវត្ថិភាព​របស់​ក្រុមការងារ​គ្រប់គ្នា​។​

​បើតាម​លោក លិ​វ ឡ​ន មន្ត្រី​ជំនាញ​ផ្នែក​វិជ្ជា​សង្គ្រោះ​បឋម​ប្រចាំ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាន​បញ្ជាក់ថា នេះ​ជា​លើក​ទី​៥​ហើយ ដែល​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អង្គរ រៀបចំ​វគ្គ​នេះ​ឡើង​។ នេះ​ជា​គំនិត​ដ៏​ល្អ​បំផុត ដើម្បី​រួមចំណែក​ផ្តល់​ចំណេះដឹង​ដល់​សិក្ខាកាម​ទៅតាម​ចំណេះ និង​ជំនាញ​ដែល​ខ្លួន​មាន ដើម្បីឱ្យ​ពួកគាត់​យកទៅ​ផ្សព្វផ្សាយ​បន្ត និង​ប្រើប្រាស់​នូវ​ចំណេះដឹង​ទាំងនេះ​ឱ្យមាន​ប្រយោជន៍​ក្នុងការ​ជួយសង្គ្រោះ​ខ្លួនឯង និង​មនុស្ស​ជុំវិញខ្លួន​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​