សិក្ខាសាលា​សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល (២០២១-២០២៣) ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​

(​កំពង់ឆ្នាំង​)៖ នៅ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២០​នេះ នៅ​សាលាស្រុក​បរិបូណ៌ មាន​រៀបចំ​សិក្ខាសាលា​សមាហរណកម្ម កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល (២០២១-២០២៣) ស្រុក​បរិបូណ៌ ក្រោម​អធិបតីភាព ឯកឧត្តម អម សុភា អភិបាលរង​ខេត្តកំពង់ឆ្នាំង ដោយមាន​អញ្ជើញ​ចូលរួម​ពី នាយករង​រដ្ឋបាល​សាលាខេត្ត​ប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក នាយក នាយករង​រដ្ឋបាល​សាលាស្រុក ទីចាត់ការ អង្គភាព​ចំណុះ​សាលាខេត្ត ប្រធានការិយាល័យ​ជុំវិញ​ស្រុក មេឃុំ​ទូទាំង​ស្រុក និង​អង្គការ​ដៃគូរ​អភិវឌ្ឍន៍​។​

​មាន​សំណេះសំណាល​ក្នង​ឱកាស​នោះ ឯកឧត្តម អម សុភា អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ថា សិក្ខាសាលា​នេះ ជា​ឱកាស​ដ៏​សំខាន់​ដែល​យើង​ធ្វើការ​ពិភាក្សា ផ្លាស់ប្តូរ​យោបល់​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​នូវ​កិច្ចដំណើរការ​អនុវត្ដ​គម្រោង​នៅ​មូលដ្ឋាន​ឆ្លើយតប​តម្រូវការ​របស់​ប្រជាជន​នៅ​មូលដ្ឋាន​។ ឯកឧត្តម បាន​បន្ដទៀតថា លទ្ធផល​នៃ​ការឆ្លើយតប​តាម​តម្រូវការ​ជាក់ស្ដែង​នៅ​មូលដ្ឋាន​នេះ ដោយមាន​ការផ្ដល់​ការគាំទ្រ​ពី​សំណាក់​ស្ថាប័ន​របស់​រដ្ឋ និង​ដៃគូ​អភិវឌ្ឍន៍ កំពុងផ្ដល់​ការគាំទ្រ ដល់​ការ​អនុវត្ដ​គោល នយោបាយ​វិមជ្ឈការ វិសហមជ្ឈការ ស្របតាម​ច្បាប់​ស្ដីពី​ការ គ្រប់គ្រង​រដ្ឋបាល​រាជធានី​ខេត្ដ ក្រុង ស្រុក ខណ្ឌ និង​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់​។

​ឯកឧត្តម បានបញ្ជាក់​បន្ថែមថា ការខិតខំ​ប្រឹង ប្រែង​របស់​យើង​នេះ ធ្វើឱ្យមាន​អភិបាលកិច្ច​ល្អ ដែលជា​អាទិភាព​ស្នូល​ក្នុង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល និតិ​កាល​ទី​៦ ដែល​បានលើកឡើង​ក្នុង​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ជា​គោលដៅ​ធ្វើឱ្យមាន​អភិបាល កិច្ច​ល្អ​មាននៅ​គ្រប់​ថ្នាក់រដ្ឋបាល គ្រប់​វិស័យ​ការងារ និង​ពង្រឹងពង្រីក​កិច្ចសហការ​រវាង​វិស័យ​រដ្ឋបាល​សាធារណៈ និង​សង្គម​ស៊ីវិល ដោយ​ឈរលើ គោលការណ៍​អភិបាលកិច្ច​ល្អ និង​និតិរដ្ឋ​។​

​បន្ថែម​ពី​នោះ ឯកឧត្តម ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់លំដាប់​ថ្នាក់ និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ កន្លងមក​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​អនុវត្ដ​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ របស់​រាជរដ្ឋាភិបាល ដោយបាន​ខិតខំ​ប្រឹងប្រែង សហការគ្នា​យ៉ាង​យក​ចិ​ត្ដ​ទុកដាក់​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ច​របស់​ខេត្ដ ធានាបាន​នូវ​សន្ដិសុខ​នយោបាយ​សន្ដិសុខ​សណ្ដាប់ធ្នាប់​សង្គម សម្រេចបាន​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​គួរឱ្យកត់សំគាល់ ជីវភាព​ប្រជាជន​កាន់តែ​ប្រសើរ​ឡើង។​

​ជាមួយគ្នា​នោះដែរ ឯកឧត្តម អភិបាលរង​ខេត្តកំពង់ឆ្នាំង ក៏​ផ្ដល់​អនុសាសន៍​សំខាន់ៗ​មួយចំនួន សម្រាប់​ឱ្យ​កិច្ចដំណើរការ​សិក្ខាសាលា​ទទួលបាន​លទ្ធ​ផល​ល្អប្រសើរ ដូចខាងក្រោម​៖ ១-​មន្ទីរជំនាញ អង្គការ​នានា ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បណ្ដោះអាសន្ន​ក្នុង​សិក្ខាសាលា សមាហរណកម្ម​ផែនការ​សង្កាត់ ថ្នាក់ស្រុក​ឆ្នាំ​២០១៩​កន្លងទៅ សូម​ធ្វើការ​ពិនិត្យ​លើ​គម្រោង​ណា​មិនទាន់បាន​អនុវត្ដ គម្រោង​ណា​បាន​អនុវត្ដ​រួច បង្កើន​ការសហការ​ផ្ដល់ព័ត៌មាន​ពី​ការអនុវត្ដដ​ល់​សង្កាត់​។ ២-​មន្ទីរជំនាញ​ដែលជា​ស្ថាប័ន​របស់​រដ្ឋ​ឈានមុខ​ក្នុង​ការផ្ដល់សេវា​របស់​ខ្លួន​ស្រប​តា​គោលនយោបាយ វិមជ្ឈការ និង​វិសហមជ្ឈការ​របស់​រាជរដ្ឋាភិបាល ផ្ដល់​ការគាំទ្រ​ដល់​គម្រោង​អាទិភាព​ឃុំ​។ ៣-​សំណូមពរ​ដល់​អង្គកា​រ​ជាតិ អន្ដរជាតិ សមាគម​ទាំងអស់ ដែលជា​ដៃគូ​អភិវឌ្ឍន៍ សូម​ពិនិត្យ​លើស​កម្ម​ភាពជា​អាទិភាព​របស់​ប្រជាជន​នៅ​មូលដ្ឋាន ដើម្បី​បង្កើន​ការគាំទ្រ​គម្រោង​វិនិយោគ​របស់​ឃុំ នៅតាម​ទីតាំង​គោលដៅ​អភិវឌ្ឍន៍​របស់ខ្លួន​។ ៤-​សូម​យក​វេទិកា​នេះ​ធ្វើការ​ពិភាក្សាគ្នា​ទៅវិញទៅមក​រវាង​សង្កាត់ និង​មន្ទីរជំនាញ អង្គការ​ជាតិ អន្ដរជាតិ ឱ្យបាន​ច្បាស់លាស់ ឃុំ​ត្រូវ​បង្ហាញថា​ហេតុអ្វី​បានជា​គម្រោង​ដែល​បានលើកឡើង​នេះ​មាន​អាទិភាព​? ដើម្បី ធ្វើការ​ចរចារ​រក​អ្នកគាំទ្រ ហើយ​ឈានដល់​ការចុះ​កិច្ចព្រមព្រៀង​បណ្ដោះអាសន្ន សម្រាប់​អនុវត្ដ​គម្រោង​ឆ្នាំ ២០២១​។ មន្ទីរជំនាញ​អង្គការ ត្រូវ​បង្ហាញ​ហេតុផល​ដល់​ឃុំ​ហេតុអ្វី​បានជា​គម្រោង​សកម្មភាព​អាទិភាព ដែល​លើកឡើង ដោយ​ស្រុក ឃុំ មិនមាន​ការគាំទ្រ​។​

​ឆ្លៀត ក្នុងឱកាស​នោះ ឯក​ត្ត​ម ក៏បាន​ជម្រុញ​ឱ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​មន្ទីរ​អង្គភាព​ជំនាញ​ទាំងអស់ ត្រូវ​បន្ត​ចួ​ល​រួម​និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​អំពី​វិធានការ​ការពារ​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​១៩ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ព្រមទាំង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យទៅ​ពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា​៕