អភិបាលខេត្តតាកែវ ណែនាំឲ្យអាជ្ញាធរក្រុងស្រុកធ្វើ ការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ទៅដល់ប្រជាពលរដ្ឋបន្ថែមនៅពេលចុះតាមមូលដ្ឋាន

(តាកែវ)៖ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំ និងស្នើឲ្យអាជ្ញាធរគ្រប់ក្រុងស្រុកទាំងអស់ ត្រូវតែចូលរួមផ្សព្វផ្សាយ ពីច្បាប់ចរាចរណ៍ផ្លូវគោក អោយខ្លាំងខ្លាបន្ថែមទៀត នៅពេលចុះតាមមូល ដ្ឋាន ដើម្បីអោយពលរដ្ឋបានយល់ដឹងកាន់តែច្រើន វាជាការរួមចំណែកមួយ ក្នុងការកាត់បន្ថយបញ្ហាគ្រោះចរាចរណ៍នៅកម្រិតទៀបបំផុតនៅខេត្តរបស់យើង ប្រទេសរបស់យើងទាំងមូល ។

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធ ផលការងារសុវត្តិ ភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ឆ្នាំ២០២០ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នៅប្រជុំរដ្ឋបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានថ្លែង ថា មានតែការចូលរួមធ្វើការផ្សព្វផ្សាយនៅច្បាប់ចរាចរណ៍នៅតាមមូលដ្ឋាន ពីសំណាក់អាជ្ញាធររបស់យើងនៅគ្រប់បណ្តាក្រុងស្រុងនោះទេ ទើបជាការល្អ បន្ថែមទៀត ក្នុងការចូលរួមទប់ស្តាត់ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅលើដងផ្លូវឲ្យនៅទាបបំផុត នៅពេលដែលបងប្អូនយើងបានយល់ដឹងច្បាស់ពីការប្រើប្រាស់ផ្លូវនិងច្បាប់នោះ ដោយមិនត្រូវចាំតែខាងតែជំនាញ ឬអាជ្ញាធរពាក់ព័ន្ធតែមួយប៉ុណ្ណោះទេ ដូច្នេះហើយសូមអោយអស់ លោក លោកស្រីដែលជាអាជ្ញាធរនៅតាមបណ្តាស្រុកទាំង អស់ ចូលរួមធ្វើការផ្សព្វ ផ្សាយពីច្បាប់ចរាចរណ៍នេះ ទៅដល់ពួកគាត់អោយបានយល់ដឹងកាន់តែច្បាស់បន្ថែមទៀត នៅពេលចុះតាមមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង ដើម្បីជាការកាត់បន្ថយគ្រោះថ្នាក់សំរាប់ពួកគាត់ផងដែរ។

ឯកឧត្តមបន្តថា ការចូលរួមពីសំណាក់អាជ្ញាធររបស់យើងបានគ្រប់គ្នាក្នុងការចូលផ្សព្វផ្សាយនៅច្បាប់ចរាចរណ៍ ដល់មូលដ្ឋានប្រជាពលរដ្ឋយល់ដឹងហើយនោះ វានិងធ្វើអោយប្រជាពលរដ្ឋរបស់យើង បានដឹងពីច្បាប់ និងផលប៉ះពាល់មួយចំនួន ដែលបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍នេះ ហើយនាំគ្នាផ្សព្វផ្សាយបន្ត និងគោរពច្បាប់ចរាចរណ៍ទាំងគ្នា ម្លេះហើយបញ្ហាគ្រោះថ្នាក់ចរាចរណ៍លើដងផ្លូវ វានិងត្រូវបានកាត់បន្ថយបន្តិចម្តងៗ រហូតសម្រេចបានតាមផែនការ ដែលបានគ្រោងទុកតែម្តង ។

សូមបញ្ជាក់ផងដែរ បើយោងតាមរបាយការណ៍ចរាចរណ៍នៃស្នងការនគរបាលខេត្តបានអោយដឹងថា ករណីគ្រោះ ថ្នាក់ចរាចរណ៍រយះពេល៩ខែឆ្នាំ២០២០កើតឡើង ៥៣លើ ៨១លើក មានការថយចុះ ២៨ លើកស្មើនិង៣៤,៥៦% បណ្តាលអោយមនុស្សរងគ្រោះ ១០១ នាក់ ស្រី៣៤នាក់ លើ១៥៧នាក់ ថយចុះ៥៦ នាក់ ស្មើ៣៥,៦៦% ស្លាប់ ៣៦នាក់ លើ ៥០នាក់ ថយចុះ ១៤ ស្មើ២៨% និងខូច ខាតមធ្យោបាយសរុប ១០៣ គ្រឿង លើ១៦៣ ដែលក្នុងនោះ រយន្តធំ ០៩ គ្រឿង រយន្តតូច ៤៣ គ្រឿង ម៉ូតូ៥៣ គ្រឿង និងផ្សេងៗ ៣គ្រឿង ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តតាកែវ

សម្រួល​ផ្សាយ៖ ខៀវ យុទ្ធវង្ស