រដ្ឋបាល​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៧ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​៣ !

(​សៀមរាប​)៖​នៅ​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២០​នេះ រដ្ឋបាលខេត្ត បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៧ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​៣ ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ​ជា​សមាជិក​សមាជិកា​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​ជានា​យក នាយករង​រដ្ឋបាល​សាលាខេត្ត អាជ្ញាធរ​អប្សរា ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព នាយក​ទីចាត់ការ​ចំណុះ​សាលាខេត្ត អភិបាលក្រុង ស្រុក​។

​កិច្ចប្រជុំ​នេះ គឺ​ផ្ដោត​សំខាន់​ទៅលើ​គម្រោង​ស្ថាបនា​ផ្លូវ​ទាំង ៣៨​ខ្សែ​ក្នុង​ក្រុង​សៀមរាប និង​ពិភាក្សា​ទៅលើ​ការចូលរួម​របស់​ប្រជាពលរដ្ឋ ចំពោះ​ការរុះរើ​លំនៅដ្ឋាន​ប៉ះពាល់​គម្រោង​ផ្លូវ​ទាំង​៣៨​ខ្សែ ដោយ​មួយចំនួន​បាន​រំ​រើ មួយចំនួន​តូច​មិនទាន់​រុះរើ ។ មានមតិ​បើក​អង្គរជុំ​ដោយ​លើកយក​របៀបវារៈ​ចំនួន​៦ មក​ពិនិត្យ និង​ពិភាក្សា​។ ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត មានប្រសាសន៍ថា​ក្រុមប្រឹក្សា​ខេត្ត​សូម​ធ្វើការ​គាំទ្រ​ចំណាត់ការ​របស់​រដ្ឋបាល​ខេត្ត​ក្នុងការ​អនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ ក្នុង​សៀមរាប និង​ក្រុមប្រឹក្សា​ខេត្ត​បន្ត​រៀបចំ​រៀបការ​គ្រោះ​យោបល់​ចាំ​ឆ្នាំ​របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣ នៅ​ចុង​ឆ្នាំនេះ​ដដែល ដើម្បី​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ឱ្យសម្រេចបាន​ជោគជ័យ ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ​ឯកឧត្តម ទៀ សីហា បាន​គូសបញ្ជាក់ថា ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ គឺ ផែនការ​ប្រវត្តិសាស្ត្រ​របស់​ខេត្តសៀមរាប ក្រោម​ការឧបត្ថម្ភ​គាំទ្រ​នូវ​កញ្ចប់​ថវិកា​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ថ្នល់ ក្នុង​ទីក្រុង​ទេសចរណ៍​ប្រ​វត្ត​សាស្ត្រ ឲ្យ​កាន់​តែមាន​សោ​ភណ្ឌ​ភាពស្រស់​ត្រកាល​ឡើង ក្នុង​ការទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ ក្រោយពេល​បញ្ចប់​ជម្ងឺ​កូ​វិដ​-១៩ ។ ក្រៅពី​គម្រោង​ស្ថាបនា​ផ្លូវ​៣៨​ខ្សែ ខេត្ត​ក៏មាន​លើក នូវ​គម្រោង​ស្ថាបនា​ផ្លូវ​មួយចំនួនទៀត​ក្នុង​ក្រុង​សៀមរាប ហើយ​ចំពោះ​គម្រោង​ផ្លូវ ដែល​ស្ថិតនៅក្នុង​ដែន​សមត្ថកិច្ច​របស់​អា​ជ្ញា​ធរ​អប្សរា​គ្រប់គ្រង គឺជា​ភារកិច្ច​របស់​អាជ្ញាធរ​ជាតិ​អប្សរា ។ ក្នុងនោះដែរ​ឯកឧត្តម​អភិបាលខេត្ត ក៏បាន​ឯកភាព​តាម​ការបកស្រាយ​បំភ្លឺ​របស់ លោកនាយក​រដ្ឋបាលខេត្ត អំពី​ច្បាប់ និង របៀបរបប​ការងាររដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ។

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​ទៀតថា ក្នុងនាម​អាជ្ញាធរខេត្ត​បានធ្វើការ​ថ្លែងអំណរគុណ និង​កោតសរសើរ​ពី​ស្មារតី​ចូល រួមសហការ​ណ៍រ​បស់​បងប្អូន​ប្រជាពលរដ្ឋ ដែលមាន​ក្បាលដី និង លំនៅដ្ឋាន​ប៉ះពាល់​លើគ​ម្រោម​ស្ថាបនា​ផ្លូវ​ទាំង​៣៨​ខ្សែ ដែល​បាន​ស្ម័​ត្រ​ចិត្ត​រុះរើ ជាមួយ​ក្រុមការងារ ដើម្បី​ឲ្យ​កិច្ចដំណើរការ​ស្ថាបនា​ផ្លូវ​នេះ​បាន​ដំណើរការ​ទៅ​រលូន ទទួលបាន​ជោគជ័យ ហើយ​បងប្អូន​មួយចំនួន​តូច​ដែល​មិនបាន​ទាន់​ធ្វើ​ការរុះរើ ដោយ​ពួកគាត់​ខ្វះ​ក្រុម​ជាងសំណង់ តែ​មុននឹង​ក្រោយ​ពួកគាត់​នឹងធ្វើ​ការរុះរើ​ផងដែរ ។ ក្នុងនោះដែរ​អាជ្ញាធរខេត្ត ក៏​សូម​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន សុំ​ឲ្យ​បញ្ឈប់​នូវ​ប្រពៃណី​វប្បធម៌​អន្តរាគមន៍ សូម​បែរមក​ទទួលយក​នូវ​ប្រពៃណី​វប្បធម៌​ចូលរួម​សហការ​ណ៍ ដើម្បី​ជា​ផលប្រយោជន៍​ដល់​សង្គមជាតិ ក៏ដូចជា​ផលប្រយោជន៍រ​បស់បង​ប្អូន​ទៅ​ថ្ងៃ​អនាគត ហើយ​ទទួលបាន​ជោគជ័យ​ទាំង​ផ្លូវ និង​សតិអារម្មណ៍​ប្រជាពលរដ្ឋ​។

​មានប្រសាសន៍​បូកសរុប​ក្នុងឱកាស​នោះដែរ ឯកឧត្តម អ៊ឹង ហឿន ក៏បាន​ធ្វើការ​វាយតម្លៃ​ផងដែរ អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៧ របស់ ក្រុមប្រឹក្សា​ខេត្ត ដោយ​ទទួលបាន​លទ្ធផល​ជា​ផ្លែផ្កា សម្រាប់​ក្នុងការ​យកទៅអនុវត្ត​ក្នុង​ខែ​បន្ត​ផងដែរ ។ ឯកឧត្តម​បានធ្វើការ​សាទរ​នៃ ផែនការ​ប្រវត្តិសាស្ត្រ​របស់​ខេត្តសៀមរាប ដែល​ទទួលបាន​ផ្លូវ​៣៨​ខ្សែ ដែល​សម្រេច​ដោយ​អន្តរក្រសួង ក្រោម​ការផ្តល់​កញ្ចប់​ថ​វិកា​ពី​ប្រមុខ​រាជរដ្ឋាភិបាល ហើយក៏​ជា​ឱកាស​សម្រាប់​ខេត្ត​ប្រវត្តិសាស្ត្រ​ធ្វើ​កិច្ច​អភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​។

​ឯកឧត្តម បញ្ជាក់ទៀតថា ក្រោយពេល​បញ្ចប់​នៃ​ជម្ងឺ​កូ​វិដ​-១៩​នេះ​ទៅ ក្រុង​សៀមរាប​នឹង​កាន់តែ​មាន​សោ​ភណ្ឌ​ភាពស្រស់​ត្រកាល ក្នុងការ​ទាក់ទាញ​ដល់​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​ចូលមក​ទស្សនា​កម្សាន្ត​កាន់តែ​ច្រើនឡើង​។ ​ឯកឧត្តម​ក៏ បាន​សំណូមពរ​ដល់​បណ្តា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព អាជ្ញាធរ​ក្រុង ស្រុក គឺ​ត្រូវ​បង្កើន​ការងារ​របស់ខ្លួន សំខាន់​រាល់​បញ្ហា​ដែល​នៅ​សេសសល់ យកមក​ធ្វើការ​ដោះស្រាយ ដើម្បី​ឲ្យ​អស់ពី​ទុក្ខ​កង្វល់​របស់​ប្រជាពលរដ្ឋ ដែល​ធ្លាប់តែ​លើកឡើង​កន្លងមក ក្នុង​គោលដៅ​បម្រើ​នូវ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ និង សង្គមជាតិ ។ ចំពោះ​រាល់​បញ្ហា​ដែល​ក្រុមប្រឹក្សា​ខេត្ត បាន​លើក​នូវក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៧​នេះ សូម​សា​ម៉ី​មន្ទីរ អង្គភាព និង អាជ្ញាធរ​ក្រុង ស្រុក ត្រូវយក​ទៅធ្វើ​ការពិនិត្យ និង អនុវត្ត​ឲ្យ​បានទទួល​លទ្ធផល​ជា​ផ្លែផ្កា ក្នុងការ​លើកកម្ពស់​ជី​វ​ភាព និង សុខមាលភាព​របស់​ប្រជាពលរដ្ឋ​នៅ​ខេត្តសៀមរាប ៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប