កិច្ចប្រជុំ​ក្រុមការងារ​ជំរុញ ណែនាំ​និង​តាមដាន​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ខេត្តព្រះវិហារ​

(​ព្រះវិហារ​)៖ កិច្ចប្រជុំ​ក្រុមការងារ​ជំរុញ ណែនាំ​និង​តាមដាន​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ខេត្តព្រះវិហារ នៅ​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២០​នេះ ឯកឧត្តម​ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ បានដាក់​ចេញ​នូវ​វិធានការ ៤​ចំណុច សម្រាប់​យកទៅអនុវត្ត​ន៍​បន្ត​។​

​វិធានការ​៤​ចំណុច សម្រាប់​យកទៅអនុវត្ត​ន៍​បន្ត​នោះ រួមមាន​៖ ឯកភាព​តាម​ទិស ដៅ​ដែល​បានលើកឡើង និង​សូម​លេខាធិការដ្ឋាន​ក្រុមការងារ​សហការ​ជាមួយ​មន្ទីរ -​អង្គភាព​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី ដើម្បី​បន្ត​ចុះ​ផ្សព្វផ្សាយ​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​ត្រូតពិនិត្យ ពី​ការអនុវត្ត​របស់​ប្រតិបត្តិ​ករ​ទេសចរណ៍​បន្ថែមទៀត ស្របតាម​គោល​ការណែនាំ​។ ក្នុងដំណាក់កាល​ចំពោះមុខ ត្រូវ​ធានា​ឱ្យបាន​នូវ​ការមិន​ឆ្លង​កូ​វីដ​-១៩ នៅក្នុង​សហគមន៍ ដោយ​ត្រូវគោរព​ឱ្យបាន​នូវ​ការប្រតិបត្តិ តាម​វិធាន​សុវត្ថិភាព និង​អនាម័យ ដែលជា​មូលដ្ឋាន​នៃ​ការកសាង ទំនុកចិត្ត និង​ភាពជឿជាក់​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែលជា​កត្តាចាំបាច់ មិនអាច​ខ្វះ​បាន នៃ​ការចាប់ផ្ដើម​ឡើងវិញ នៃ​វិស័យ ទេសចរណ៍ នៅក្នុង​ខេត្ត និង​ក្នុងប្រទេស​ទាំងមូល​។ ទន្ទឹមនឹង​ការទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្រោម​យន្តការ​នៃ​គណៈកម្មការ អភិវឌ្ឍ ទេសចរណ៍​ខេត្ត សូម​មន្ទីរ​ទេសចរណ៍ បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត​ក្នុង​ការសហការ​ជាមួយ មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ រដ្ឋបាល​ក្រុង​-​ស្រុក ដើម្បី​ពង្រឹង បន្ថែម​នូវ​ការគ្រប់គ្រង គោលដៅ​ទេសចរណ៍ ដែលមាន​ស្រាប់ ដូចជា​សហគមន៍​ទេសចរណ៍ សហគមន៍​គោលដៅ​ទេសចរណ៍ និង​អភិវឌ្ឍ ពង្រីក បន្ថែមទៀត នូវ​គោលដៅ​ទេសចរណ៍​ថ្មីៗ ដោយ​ផ្សារភ្ជាប់​នូវ​មូលដ្ឋាន​ជនបទ​ដើម្បី ទាក់ទាញ ភ្ញៀវទេសចរ​បន្ថែមទៀត​។ មន្ទីរ​ទេសចរណ៍ ត្រូវ​សហការ​ជាមួយ មន្ទីរ​បរិស្ថាន មន្ទីរ​កសិកម្ម និង​សមត្ថកិច្ច​ពាក់ព័ន្ធ ផ្សេងទៀត ដើម្បី​រៀបចំ​យន្តការ គ្រប់គ្រង​គោលដៅ​ទេសចរណ៍​នៅ​ភ្នំ​ត្បែង​ឱ្យបាន​ត្រឹមត្រូវ និង​ធានាបាន នូវ​ប្រសិទ្ធភាព និរន្តរភាព បរិស្ថាន​។​

​ឯកឧត្តម​ប្រាក់ សុវណ្ណ បាន​ថ្លែងថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដោយបាន​សហការ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​ភាគី​ពាក់​ព​ន្ធ័​ផ្សេងៗ បានធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ទប់ស្កាត់​បានកា​រ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់ ដោយ​គ្មាន​ការឆ្លង​រីក​រាលដាល​ចូលទៅក្នុង​សហគមន៍​ទេ មានតែ​ការ​ករណី​ឆ្លង​នាំចូល​ពី​ក្រៅប្រទេស​តិចតួច ហើយ​ក្រុមគ្រូពេទ្យ​បាន​ព្យាបាល​ជាសះស្បើយ​ជាច្រើន ពិសេស​មិនមាន​ករណី​ស្លាប់​ដោយ​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា​នោះ​។​

​លោក​បន្តថា ក្រៅពី​បាន​ទប់ស្កាត់​មិន​ឲ្យ​មេរោគ​កូ​វីដ​១៩ ឆ្លង​ចូល​តាម​សហគមន៍​នានា​នោះ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​នានា ដើម្បី​ជួយសង្គ្រោះ​អាជីវកម្ម សេវាកម្ម បុគ្គលិក​បម្រើការ​ងារ​និង​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​រង​ផលប៉ះពាល់​ដោយ​ជំងឺ​កូ​វីដ​១៩ ជា​បន្តបន្ទាប់​ផងដែរ​។ ជាមួយគ្នា​នោះ​ឯកឧត្តម​អភិបាល ខេត្តព្រះវិហារ បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ និង​អ្នក​ពាក់​ព​ន្ធ័​ទាំងអស់ ពិសេស​លោកគ្រូ អ្នកគ្រូ​ពេទ្យ ដែល​បាន​ខិតខំ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩ ទាំង​២​នាក់​ក្នុង​ខេត្តព្រះវិហារ​រហូត​ជាសះស្បើយ​។​

​ក្នុង​គោលបំណង​សំខាន់ និង​ចាំបាច់​បំផុត​ក្នុង​ការចូលរួម​បង្ការ​ទប់ស្កាត់​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ក្រៅ​អំពី​វិធានការ​ជាច្រើន​របស់​រដ្ឋបាលខេត្ត ដែល​បាន​ដាក់ចេញ​កន្លងមក រដ្ឋបាលខេត្ត​ក៏បាន​បង្កើត​នូវ​ក្រុមការងារ​មួយទៀត ដើម្បី​ជុំរុញ​ណែនាំ និង​តាមដាន​ការអនុវត្តន៍​វិធាន​សុវត្ថិភាព​ទេសចរណ៍ ដោយ​អនុវត្តន៍​តាម​គោល​ការណែនាំ​របស់​ក្រសួងទេសចរណ៍ និង​ក្រសួងសុខាភិបាល​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ​