សកម្មភាពក្រុមការងារ ស.ស.យ.ក ខេត្តស្វាយរៀងចុះសង្កេតការណ៍ចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២០

(ស្វាយរៀង)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្ដីសម្រេចទទួលស្គាល់ អ្នកសង្កេតការណ៍ជាតិ របស់ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង សរុបទាំងថ្នាក់ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ចំនួន ២២៥នាក់ ស្រី ៩៤នាក់ ដោយក្នុងនោះរចនាសម្ព័ន្ធក្បាលម៉ាស៉ីនចល័តថ្នាក់ខេត្តមានចំនួន ៣៧នាក់ សម្រាប់ដឹកនាំគ្រប់គ្រង សម្របសម្រួលដល់អ្នកសង្កេតការណ៍ជាតិ សសយក ចុះសង្កេតការណ៍ នៅតាមការិយាល័យចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ឆ្នាំ២០២០ តាមឃុំ សង្កាត់ទាំង៨០ ក្នុងក្រុងស្រុកទាំង៨ ។

ក្នុងសកម្មភាពនេះ យើងសង្កេតឃើញថាអ្នកសង្កេតការណ៍ជាតិ សសយក ខេត្ត បានចូលរួមយ៉ាងសកម្ម ក្នុងការប្ដេជ្ញាចិត្តខ្ពស់ មានឆន្ទៈមោះមុត លះបង់ពេលវេលា ស្ម័គ្រចិត្តចូលរួមចំណែក ក្នុងការចុះសង្កេតការណ៍ចុះឈ្មោះ និងការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត នៅតាមការិយាល័យរបស់ខ្លួនក្នុងឃុំ សង្កាត់ទាំង៨០ នៃក្រុង ស្រុកទាំង៨ ដើម្បីឃ្លាំមើល និងសរសេរជារបាយការណ៍ពីដំណើរការនៃការចុះឈ្មោះ ដើម្បីធានាបាននូវបញ្ជីឈ្មោះបោះឆ្នោតកាន់តែមានសុក្រឹត្យភាព ជាពិសេសជាសាក្សីមួយដែលធានាបានថាកិច្ចការងារបោះឆ្នោតនេះ ប្រព្រឹត្តទៅបានដោយរលូន សេរី ប្រជាធិបតេយ្យ ហើយប្រទេកម្ពុជាអាចរៀបចំបានយ៉ាងល្អ ដោយមិនចាំបាច់មានការជួយជ្រោមជ្រែងពីជនបរទេស ក្រោមពាក្យស្លោក «ខ្មែរធ្វើបាន»

ដោយស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវ ក្នុងការចូលរួមចំណែកការងារ ក៏ដូចជាបុព្វជាតិ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងបានកោតសរសើរនូវទឹកចិត្តដ៏ល្អរបស់បងប្អូនអ្នកសង្កេតការណ៍ សសយក ខេត្តស្វាយរៀង ក្នុងការចុះសង្កេតការណ៍ចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២០ ដែលចាប់ដំណើរការពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នេះ ។