ឯកឧត្តម ឆាយ ថន អញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយ ស្តីពីការជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ខេត្តស្វាយរៀង

(ស្វាយរៀង)៖ នាព្រឹកថ្ងៃអង្គារ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងផែនការ បានអញ្ជើញចូលរួមក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយ ស្តីពីការជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា៖ បញ្ហាសុខុមាលភាព និងសុខភាពបន្តពូជយុវវ័យនៅសាលប្រជុំអាគារ”ឃ”សាលាខេត្តស្វាយរៀង។

ពិធីនេះ ក៏មានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ឯកឧត្តមប្រតិភូអមដំណើរ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមអភិបាលរងខេត្តស្វាយរៀង រួមទាំងមន្ទីរផែនការរាជធានី-ខេត្តចំនួន១៣ មន្រ្តីជំនាញពាក់ព័ន្ធក្នុងខេត្ត និងអង្គការសង្គមស៊ីវិលមួយចំនួនទៀត។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងផែនការ បានមានប្រសាសន៍ថា ការបើកវគ្គសិក្ខាសាលានាពេលនេះ មានគោលបំណង ជំរុញការអនុវត្តគោលនយោបាយជាតិប្រជាជន ២០១៦-២០៣០ ក្នុងក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ឲ្យកាន់តែមានប្រសិទ្ធភាព តាមរយៈ ការបញ្ជ្រាបការយល់ដឹងឲ្យបានទូលំទូលាយ ជាពិសេស មន្រី្តមន្ទីរផែនការថ្នាក់រាជធានី-ខេត្ត មន្រី្តរាជការតាមមន្ទីរជំនាញ ព្រមទាំងសង្គមស៊ីវិល យល់ដឹងបន្ថែមទៀតអំពីទស្សនទាន និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលសម្រាប់រយៈពេលមធ្យម និងរយៈពេលវែង ដែលបានរំលេចនៅក្នុងគោលនយោបាយជាតិ ផែនការនិងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ក៏ដូចជាផែនការ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍តាមវិស័យ ព្រមទាំងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាផង ដោយផ្សារភ្ជាប់ទៅ នឹងបញ្ហាប្រជាជន និងការអភិវឌ្ឍជាពិសេស បញ្ហាបម្រែបម្រួលប្រជាសាស្ត្រ និងឌីណាមិកប្រជាជន ដែលកំពុង និងបន្តកើតមានឥតឈប់ឈរ ដូចជាបញ្ហាប្រឈមនៃសុខភាពបន្តពូជរបស់យុវវ័យ និងក្មេងស្រី ការកើនឡើង នៃប្រជាជនវ័យចាស់ ទេសន្តរប្រវេសន៍និងនគរូបនីយកម្ម បញ្ហាយុវជន និងការអប់រំ និងកម្លាំងពលកម្ម ជាដើម។

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានឲ្យដឹងថា ការបើកសិក្ខាសាលានាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ដូច្នេះសិក្ខាកាមទាំងអស់ ត្រូវចូលរួមសិក្សាស្វែងយល់ និងពិភាក្សាឲ្យបានផុលផុស និងស៊ីជម្រៅទៅលើខ្លឹមសារនៃបទបង្ហាញនីមួយៗ ក្នុងការពង្រឹងបន្ថែមទៅដល់មន្ត្រីផែនការទាំងអស់ ឲ្យមានធនធានសមត្ថភាព ដើម្បីចេះរៀបចំ ការកសាងផែនការអភិវឌ្ឍន៍មួយដ៏ជាក់លាក់ លើគ្រប់វិស័យ ។

ទន្ទឹមនេះឯកឧត្តមបានលេីកឡេីងពី វឌ្ឍនភាពសំខាន់ៗ ដែលរដ្ឋបាលខេត្តស្វាយរៀងសម្រេចបានមកដល់បច្ចុប្បន្ន ក្នុងការចូលរួមចំណែកយ៉ាង សំខាន់នៅក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ទោះជាស្ថិតនៅ ក្នុងបរិបទនៃជំងឺកូវីដ១៩ ក៏ដោយ ក្នុងនាមអាជ្ញាធរខេត្ត នូវតែមានជំនឿជឿជាក់ យ៉ាងមុតមាំថា តាមរយៈចំណាត់ការប្រកបដោយភាពប្រាកដនិយមរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាពិសេសការអនុវត្តយ៉ាងជោគជ័យនូវវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ការដោះស្រាយបញ្ហាសង្គមផ្សេងៗក្នុងអំឡុងនៃការរីករាលដាលនៃជំងឺកូវីដ-១៩ជាដេីម ។

ឯកឧត្តមបញ្ជាក់ថា ការអនុវត្តគោលនយោបាយគាំពារសង្គមជួយឧបត្ថម្ភកម្មករ និយោជិតដែល រងផលប៉ះពាល់ក្នុងពេលព្យួរការងារ គ្រួសារជួបការលំបាកបងប្អូនអតីតយុទ្ធជន និងពិការមានជីវភាពខ្វះខាត ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ ដែលកំពុងអនុវត្ត រួម និងស្ថានភាព នៃការវិនិយោគនៅក្នុងខេត្តនៅតែមានសកម្មភាព ដែលស្ដែងឡើងតាមរយៈការបង្កើត ឡើងនូវរោងចក្រថ្មីៗ បន្ថែមទៀតក្នុងឆ្នាំ២០២០នេះ នឹងធ្វើឲ្យជីវភាពរស់នៅ ក៏ដូចជាចំណូលរបស់ ប្រជាពលរដ្ឋនឹងមានភាពប្រសើរឡើង ហើយអត្រាភាពក្រីក្រនឹងថយចុះវិញនៅក្រោយភាពស្ងប់ស្ងាត់នៃជំងឺកូវីដ-១៩៕ ដោយ៖ មន្ទីរព័ត៍មានខេត្តស្វាយរៀង(ផ្សាយដោយ៖ កន ចំណាន)