គ្រឹះស្ថានសិក្សា​ឯកជន​នៅក្នុង​ខេត្តសៀមរាប ត្រៀម​ចាប់ផ្ដើម​បើក​បង្រៀន​ឡើងវិញ ក្រោយ​បិទ​មួយរយ​:​ដោយសារ​ជំងឺ​កូ​វីដ​-១៩ !

(​សៀមរាប​)៖ រាជរដ្ឋាភិបាល​បាន​អនុញ្ញាតអោយ​គ្រឹះស្ថានសិក្សា​ឯកជន​បើក​ដំណើរ​ឡើងវិញ ក្នុងដំណាក់កាល​ទី​២ នៅក្នុង​ខែតុលា ឆ្នាំ​២០២០​នេះ ខណ​:​ដែល​ជំងឺ​កូ​វីដ​-១៩ មាន​ស្ថានភាព​ធូរស្រាល​។ ប៉ុន្ដែ​ការអោយ​ដំណើរ​ការបើក​សាលារៀន​ឡើងវិញ​នេះ ត្រូវធ្វើឡើង​ទៅតាម​លក្ខ​ខណ្ឌ​របស់​ក្រសួងសុខាភិបាល និង​ក្រសួង​អប់រំ​យុ​វជ និង​កីឡា ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដល់​សិ​ស្សា​នុស​សិស្ស​។​

​លោក លាវ ឱ​រ៉ា នាយក​វិទ្យាស្ថាន​អប់រំ​សាំង​ហ្គា​ពួរ ក្រុង​សៀមរាប បានអោយដឹង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៥ ខែតុលា​នេះ​ថា វិទ្យាស្ថាន​អប់រំ​សាំង​ហ្គា​ពួរ​នេះ ត្រូវបាន​ក្រសួង​អប់រំ​យុវជន និង​កីឡា អនុ​ញ្ញា​អោយ​បើក​ដំណើរ​ឡើងវិញ កាលពី​ថ្ងៃទី​២៨ ខែកញ្ញា ប៉ុន្ដែ​អ្នកគ្រប់គ្រង​សាលា​នឹង​ឲ្យ​សិស្ស​ចូល​ប​វេស​នាកាល​ថ្មី​នៅ​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០​ខាងមុខ ដោយ​ត្រូវ​អនុវត្ដ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​រៀបចំ​បរិស្ថាន​សិក្សា​ប្រកបដោយ​សុវត្ថិភាព រួមមាន​វាស់​កំដៅ​ពេល​បំពេញការងារ ត្រូវអនុវត្ត​វិធាន​រម្លា​ប់​មេរោគ​-​ធ្វើ​អនាម័យ​បោសសម្អាត​បន្ទប់រៀន អាគារ និង​បរិវេណ​គ្រឹះស្ថានសិក្សា និង​ត្រូវ​គ្រប់គ្រង ការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ​ប្រចាំថ្ងៃ -​ត្រូវ​បើកទ្វា បង្អួច ឬ​វាំងនន​ឱ្យបាន​ធំ​ទូលាយ ដើម្បីឱ្យ​ពន្លឺ​ថ្ងៃ និង​ខ្យល់អាកាស​ចេញចូល​គ្រប់គ្រាន់​។ ក្នុងនោះ​សម្រាប់​សិស្សានុសិស្ស​ត្រូវ​ពាក់​ម៉ាស់ មាន​ធានា​សុវត្ថិភាព​ពេល​ម៉ោង​ធ្វើការ និង​មាន​ត្រូវ​គូសសញ្ញា​សម្គាល់ ដើម្បី​ធានា​គម្លាត​សុវត្ថិភាព​-​ផ្អាក​ដំណើរការ​បណ្ណាល័យ​-​បិទទ្វារ​របង​គ្រឹះស្ថានសិក្សា ព្រមទាំង​ចាត់តាំង​ការ​យាមកាម ដោយ​មិន​អនុញ្ញាតឱ្យ​អ្នក​គ្មាន​ការ​កិច្ច​ចេញចូល​ឡើយ​។​

​លោក​បាន​បន្ដថា ជាមួយគ្នា​នោះដែរ​មិនមាន​ការប្រមូលផ្ដុំ​គ្រប់​រូបភាព ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​យ៉ាងហោច​១,៥ ម៉ែត្រ​ឡើងទៅ ហើយ​មាន​គ្រូពេទ្យ​ប្រចាំ​ផងដែរ​។ ក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា​បាន​ត្រូវ​ផ្អាក​កន្លែង​កំសាន្ត ឬ​ទីលានកីឡា ចៀសវាង​មាន​លក្ខណ​:​ប្រមូលផ្តុំ​ក្នុង​បរិវេណ ដើម្បី​ទប់ស្កាត់​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​។​

​បើតាម​លោក លី ប៊ុន​ណា ប្រធាន​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ដ បានអោយដឹងថា សាលារៀន​ឯកជន​នៅក្នុង​ខេត្ដ​សៀមរាប នឹង​បើក​អោយ​ដំណើរការ​ឡើងវិញ​មាន​ប្រមាណ ១០​សាលា ប៉ុន្ដែ​មាន​អ្នកដាក់ពាក្យ​ស្នើសុំ​បើក​សាលា​ជិត​៤០​កន្លែង​។ ជាមួយគ្នា​នោះ អ្នកគ្រប់គ្រង​សាលា​ត្រូវ​រៀបចំ និង​ពង្រឹង​ការអប់រំ​ផ្សព្វផ្សាយ​ខ្លឹមសារ​សុខភាព​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​ការបង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ឬ​ជំងឺឆ្លង​ស្រួចស្រាល់​នានា​ដល់​អ្នកសិក្សា បុគ្គលិក​អប់រំ និង​បុគ្គលិក​ផ្សេងទៀត​ក្នុង​គ្រឹះស្ថានសិក្សា ។ ណែនាំ​ពី​សារៈសំខាន់​នៃ​ការរក្សា​គម្លាត​សុវត្ថិភាព ការបង្ការ​ជំងឺ​កូដ​-១៩ និង​ការសម្លាប់​មេរោគ​នៅតាម​គ្រឹះស្ថានសិក្សា​។ ឱ្យ​អ្នកសិក្សា បុគ្គលិក​អប់រំ និង​បុគ្គលិក​ផ្សេងទៀត​ក្នុង​គ្រឹះស្ថានសិក្សា អនុវត្ត​វិធានការ​អនាម័យ​ជាប់​តាម​ខ្លួន​ជានិច្ច​នូវ​ទឹក​អាល់កុល ឬ​ទឹក​ជែ​ល​លាងដៃ សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន ព្រមទាំង​ពាក់​ម៉ាស​ការពារ នៅ​គ្រប់ពេល​ចេញពីផ្ទះ ពេល​បំពេញការងារ ពេលធ្វើ​ដំណើរ និង​នៅក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា​ផងដែរ ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​