គណ​:​កម្ម​ការរៀបចំ​បោះឆ្នោត​នៅ​ខេត្ដ​សៀមរាប បង្ហាញថា​ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ក្នុង​ខេត្ត​រយ​:​ពេល​២​ថ្ងៃ​កន្លងមកនេះ មាន​ជាង​១​ពាន់​នាក់ !

(​សៀមរាប​)៖ រយ​:​ពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១​ដល់​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២០​នេះ ចំនួន​អ្នក​ដែល​បានមក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ក្នុង​ខេត្ត​សម្រាប់​ឆ្នាំ​២០២០​នេះ មាន​ប្រមាណ​ជាង​១​ពាន់​នាក់ ឬ​ស្មើនឹង ៥% នេះ​បើតាម​របាយការណ៍​រប​ស់​គណ​:​កម្ម​ការរៀបចំ​បោះឆ្នោត​ខេត្ដ នៅក្នុង​កិច្ចប្រជុំ ស្ដីពី​ការងារ​សន្ដិសុខ​សណ្តាប់ធ្នាប់ ក្នុងការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០២០ នា​ព្រឹក​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​លេខាធិការដ្ឋាន​រៀបចំ​ការបោះឆ្នោត ខេត្តសៀមរាប​។​

​លោក នឹម វ៉ាន់​សំ ប្រធាន​លេខាធិការ បង្ហាញថា កិច្ចប្រជុំ​នេះ មាន​គណបក្សនយោបាយ​ចូលរួម​ចំនួន​៧ ដែលមាន​របៀប​វារ​: ដូចជា​ការផ្សព្វផ្សាយ​ផែនការ​សន្ដិសុខ​សណ្ដាប់ធ្នាប់​, របាយការណ៍​លទ្ធផល​ពី​ការចែក​លិខិតអញ្ជើញ ជូន​អ្នក​មានឈ្មោះ ដើម្បី​មក​ពិនិត្យ​បញ្ជី​ចុះឈ្មោះ​បោះឆ្នោត​ផ្លូវការ​ឆ្នាំ​២០១៩ , របាយការណ៍​សរុប​លទ្ធផល​បោះឆ្នោត នៃ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត​, ការងារ​ពាក់ព័ន្ធ​នឹង​អត្ដ​សញ្ញាណ​បណ្ណ​អស់​សុពលភាព​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ការពិនិត្យ​ឈ្មោះ​បោះឆ្នោត និង​ការចុះឈ្មោះ​បោះឆ្នោត​សម្រាប់​ឆ្នាំ​២០២០​នេះ​។​

​ក្រៅពី​របៀបវារៈ​ទាំងនេះ គណ​:​កម្ម​ការរៀបចំ​បោះឆ្នោត​នៅ​ខេត្ដ នឹង​ប្រមូលយក​មតិយោបល់​ល្អៗ​ដែលជា​ធាតុ​ចូល ដើម្បី​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​អាយុ​ចុះឈ្មោះ​បោះឆ្នោត មក​ចុះឈ្មោះ​ឲ្យ​បាន​គ្រប់គ្នា និង​សម្រួល​ដល់​ការងារ​ចុះឈ្មោះ​បោះឆ្នោត​នេះ ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ នៅតាម​មូលដ្ឋាន​ទាំងអស់​។​

​គួរ​ជម្រាប​ថា ការចុះឈ្មោះ និង​ពិនិត្យ​ឈ្មោះ​បោះឆ្នោត នៅ​ឆ្នាំ​២០២០ មាន​រយ​:​ពេល ១៩​ថ្ងៃ ដោយ​គិត​ចាប់ពី​ថ្ងៃទី​០១ ខែ ដល់​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២០ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​សាកសួរ អាជ្ញាធរ​នៅតាម​បណ្ដា​ឃុំ​សង្កាត់​នីមួយៗ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​