ឯកឧត្តម ហ៊ឺ បា​វី អញ្ជើញ​ជូ​ប​សំណេះសំណាល​ជាមួយ ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក និង​ក្រុមប្រឹក្សាឃុំ​ទាំង​១១ ឃុំ​នៅក្នុង​ស្រុក​ព្រះស្ដេច​

(​ព្រៃវែង​)៖ នៅ​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម ហ៊ឺ បា​វី អគ្គនាយក​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ព្រះស្ដេច​បាន​អញ្ជើញ​ជូ​ប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក និង​ក្រុមប្រឹក្សាឃុំ​ទាំង ១១ ឃុំ រួមជាមួយ​នឹង​នាយក​សាលា ទាំង​៧១ សាលា នៅក្នុង​ស្រុក​ព្រះស្ដេច​ចំនួន ១៨៧ ស្រី​៧៨ នាក់​។​

​ឯកឧត្តម ហ៊ឺ បា​វី ក៏បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សកម្មភាព​ការងារ​របស់ ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក និង​ក្រុមប្រឹក្សាឃុំ​ទាំងអស់​នៃ​ស្រុក​ព្រះស្ដេច ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​អស់កម្លាំង​កាយ​ចិត្ត ដើម្បី​បម្រើ​ផលប្រយោជន៍​ជូន​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​ព្រះស្ដេច​នេះ​បាន​យ៉ាង​ល្អប្រសើរ ជាពិសេស​នៅក្នុង​បរិបទ​នៃ​ជំងឺ​កូ​វី​១៩ នេះ គឺ​ឃើញថា​អាជ្ញាធរ​ឃុំ ស្រុក ទាំងអស់​បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការចុះ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដើម្បី​ចូលរួម​ក្នុងការ​ទប់ស្កាត់​កុំអោយ​មានការ​រីក​រាល​ដាល​ឆ្លង​ជំងឺ​កូ​វីត​១៩​នៅក្នុង​សហគមន៍​របស់ខ្លួន​បាន​យ៉ាង​ល្អ និង​បាន​ចុះ​ផ្តល់​ជា​អំណោយ​សម្ភារៈ​មួយចំនួន ដល់​បងប្អូន​ប្រជាពលរដ្ឋ​ណា​ដែល​គាត់​មាន​ជីវភាព​ខ្វះខាត​នៅក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​កំពុង​រាតត្បាត​នៅលើ​ពិភពលោក​យើង​នេះ​។​

​ឯកឧត្តម​ក៏បាន​លើកឡើង​បន្តទៀតថា សម្ភារៈ​ដែល​បាន​ផ្ដល់ជូន​ទាំងអស់នេះ​ទោះបីជា​វា​មិន​គ្រប់គ្រាន់​ទៅតាម​តម្រូវការ​ក៏ពិតមែន​ក៏ប៉ុន្តែ គឺជា​ការលើកទឹកចិត្ត​ក្នុង​ការខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ របស់​ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក និង​ក្រុមប្រឹក្សាឃុំ អស់​រយៈពេល​កន្លងមក​នៅក្នុង​បរិបទ​នៃ​ជំងឺ​កូ​វី​១៩ នេះ​។ ឯកឧត្តម​ក៏​សូម​ផ្តាំផ្ញើ​ដល់​ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក និង​ក្រុមប្រឹក្សាឃុំ​ទាំង ១១ ឃុំ ត្រូវ​បន្ត​ខិតខំ​ពួតដៃគ្នា​ធ្វើ​ការងារ​ទាំងអស់នេះ​ជា​បន្តទៀត ដើម្បី​ពង្រឹងគុណភាព និង​ជួយ​អភិវឌ្ឍន៍​ស្រុកភូមិ​យើង​ឲ្យ​មានការ​រីកចម្រើន​ជា​បន្តបន្ទាប់​ជា​លំដាប់​។​

​សម្ភារៈ​ដែល​ឯកឧត្តម​បានផ្ដល់​ជូន​នោះ​មាន​៖ ក្រុមប្រឹក្សា​ស្រុក​ចំនួន ២៣ នាក់ និង​ក្រុមប្រឹក្សាឃុំ​ចំនួន ៩៥ នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​អង្ករ ២៥ គីឡូក្រាម​, មី ១ កេស​, ត្រីខ ៦ កំប៉ុង​, អំបិល ១​គីឡូ​, ទឹកស៊ីអ៊ីវ ២ ដប និង​ថវិកា ៣ ម៉ឺន​រៀល និង​លោកគ្រូ​នាយក​សាលា​ទាំង ៧១ សាលា ទទួលបាន​សម្ភា​រៈការ​ពារ​ជំងឺ​កូ​វីដ​១៩ សម្រាប់​ប្រើប្រាស់​ក្នុង​សាលា​មួយចំនួន និង​លោកគ្រូ​ម្នាក់ៗ​ថវិកា ៣ ម៉ឺន​រៀល​។​

​សូមបញ្ជាក់​ផងដែរ​ថា​៖ នៅក្នុង​ឱកាស​នៃ​ការអញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក ក្រុមប្រឹក្សាឃុំ​ទាំង ១១ ឃុំ​នោះ ឯកឧត្តម​ក៏បាន អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ការសិក្សា​របស់​សិស្ស នៅ​សាលាបឋមសិក្សា ព្រះ​ជី​រ៍​ធំ ឃុំ​កំពង់​សឹង​, សាលា​ឋ​ម​សិក្សា​សម្តេចឪ សម្តេចម៉ែ ឃុំ​ល្វា , វិទ្យាល័យ​ហ៊ុន សែន តា​គោក និង​វិទ្យាល័យ​ប្រមូល​ព្រហ្ម ហើយ​ក៏បាន​ឧបត្ថម្ភ​ដល់​សាលា​ទាំង ៤ សាលា​ដោយ ១ សាលា ចំនួន ៥០ ម៉ឺន​រៀល​សម្រាប់​ប្រើប្រាស់​ក្នុង​សាលា​នោះ​ផងដែរ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​