កម្មករស៊ីឈ្នួលដកដំឡូង ១៧នាក់ រងគ្រោះដោយសាររន្ទះបាញ់នៅស្រុកមេមត់​ ទទួលបានអំណោយមនុស្សធម៌ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​

(ត្បូងឃ្មុំ)៖ នៅថ្ងៃសុក្រ​ ទី​ ២​ ខែតុលា​ ឆ្នាំ២០២០នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះសួរ​សុខទុក្ខ​ដោយផ្ទាល់ដល់គេហដ្ឋាន និងនាំយកអំណោយមនុស្សធម៌​ផ្តល់ជូនកម្មករ-កម្មការិនី​ស៊ីឈ្នួលដកដំឡូងឱ្យគេចំនួន​ ១៧នាក់​ ដែលបាន​រងរបួស​ដោយសាររន្ទះបាញ់ កាលពីថ្ងៃទី​ ២៧​ ខែកញ្ញា​ ឆ្នាំ២០២០ នៅចំណុចភូមិ​សាទុំ​ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ​។

ក្នុងឱកាសនោះ​​ គណៈប្រតិភូ​កាកបាទក្រហមកម្ពុជា​​ បានជួបសំណេះសំណាលសួរសុខទុក្ខ​ និងពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលផ្តាំផ្ញើសួរសុខទុក្ខ​ ក្តីអាណិតអាសូរចំពោះអ្នករងគ្រោះទាំងអស់​ ថ្វីត្បិត​ សម្តេច​ មិនបានអញ្ជេីញដោយផ្ទាល់​​ ក៏សម្តេចតែងតែ​មានមនោសញ្ចេតនាអាណិតស្រឡាញ់​ ការគិតគូរពីសុខទុក្ខ ជាពិសេស​សូមជូនពរអ្នករងគ្រោះទាំងអស់ឆាប់ជាសះស្បេីយ​ពីការតក់ស្លុត​ និងមានស្មារតីរឹងមាំជាប្រក្រតីឡេីងវិញ​ និងមានសុខភាពល្អដេីម្បីបន្ត​ប្រកបរបរបង្កបង្កេីនផល​ លេីកកម្ពស់កម្រិតជីវភាពគ្រួសារឱ្យកាន់តែរីកចម្រេីន​ និងរស់នៅដោយ​សុខដុមរមនាក្រោមម្លប់នៃសន្តិភាព។

ក្នុងឱកាសនោះ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​​ បានពាំនាំសារអំពាវនាវពី​សំណាក់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ថា៖ សូមបងប្អូនប្រជាពលរដ្ឋ ថែទាំសុខភាព​ឱ្យបានល្អ​ រក្សាអនាម័យ​ និងបន្តរស់នៅធម្មតា​ តាមបែបគន្លងថ្មី​ ដេីម្បីរក្សាសុវត្ថិភាព​ និងទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩, បង្កេីនការប្រុងប្រយ័ត្ន​ និងទប់ស្កាត់មិនឱ្យមានជំងឺគ្រុនឈីក​ គ្រុនឈាម​ និងជំងឺឆ្លងនានានៅក្នុងសហគមន៍។

មានការប្រុងប្រយ័ត្ននៅពេលមានភ្លៀង​ ខ្យល់កន្ត្រាក់ ផ្លេកបន្ទរ​ ផ្គរ​ ឬរន្ទះ​ ជាពិសេសត្រូវយកចិត្តទុកដាក់តាមដានសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ​ របស់ក្រសួងធនធានទឹក​ និងឧតុនិយម​ និងវិធានការ​ត្រៀមបង្ការផ្សេងៗទៀត និងចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន​ និងមានស្មារតីប្រុងប្រយ័ត្នជានិច្ចរាល់ពេលបេីកបរ​ ដេីម្បីសុវត្ថិភាព​ផ្ទាល់ខ្លួននិងអ្នកដទៃ​។

ឆ្លៀតក្នុងឱកាសនោះ​ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ​ សំអាត​ នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ​ កាកបាទក្រហមកម្ពុជា​ ក៏បានធ្វេីការផ្សព្វផ្សាយជូនប្រជាពលរដ្ឋទាំងអស់អំពីបាតុភូតផ្គរ​-រន្ទះ​ និងប្រការត្រូវអនុវត្តនានាដេីម្បីការពារខ្លួន​ពីគ្រោះថ្នាក់ធម្មជាតិផ្សេងៗដែល​អាចកេីតមានឡេីងជាយថាហេតុ។

បន្ទាប់ពីជួបសំណេះសំណាលរួច​ គណៈប្រតិភូ​ បានបែងចែកជាពីរមុខព្រួញ​ ចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះទាំងអស់ដល់គេហដ្ឋាន​ ដូចពាក្យស្លោកថា​ «ទីណាមានការលំបាក​ ទីនោះមានកាកបាទក្រហមកម្ពុជា​»។

ជាមួយគ្នានោះ ប្រជាពលរដ្ឋរងគ្រោះទាំងអស់​ បានសម្តែងនូវការដឹងគុណ​យ៉ាងជ្រាលជ្រៅ​បំផុតចំពោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលជាមាតាមនុស្សធម៌​ តែងតែគិតគូរពីសុខទុក្ខ​ ការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះដោយគ្មានការរេីសអេីងអ្វីឡេីយ។

សូមបញ្ជាក់ថា​ អំណោយមនុស្សធម៌ដែលបានផ្តល់ជូនអ្នករង​របួសធ្ងន់​ ៤នាក់​ ក្នុងម្នាក់ៗទទួលបាន​ ​ឃីតអ្នករបួស​ ១កញ្ចប់,​ ឃីត​ (មុ​ង​ ភួយ​ សារុង​ ក្រមា​ អាវយឺត)​ ​និងថវិកា​ ២លានរៀល​។ អ្នករងរបួសស្រាល​ ១៣នាក់​ ក្នុងម្នាក់ៗទទួលបាន​ ​ឃីតអ្នករបួស​ ១កញ្ចប់,​ ឃីត​ (មុ​ង​ ភួយ​ សារុង​ ក្រមា​ អាវយឺត)​ និងថវិកា​ ១លានរៀល៕

ដោយ៖ កន ចំណាន