ពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រចាំខេត្តព្រះវិហារ ឆ្នាំ២០២០

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០នេះ
មន្ទីរព័ត៌មានខេត្តព្រះវិហារ បានរៀបចំពិធីជួបជុំសំណេះសំណាលជាមួយ អ្នកសារព័ត៌មានប្រចាំខេត្តព្រះវិហារ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោកជំទាវ ចឹក ហេង អភិបាលរងខេត្ត ឯកឧត្តម រ៉ាត់ សោភា ទីប្រឹក្សាក្រសួងព័ត៌មាន ប្រចាំខេត្តព្រះវិហារ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្ត និងមានការចូលរួមពីអនុប្រធានមន្ទីរ ប្រធានការិយាល័យ មន្ត្រីក្នុងមន្ទីរព័ត៌មានខេត្ត ព្រមទាំងអ្នកសារព័ត៌មានប្រចាំខេត្តព្រះវិហារជាច្រើនរូបផងដែរ ។

តាមរបាយការណ៍របស់លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ បានអោយដឹងថា មន្ទីរព័ត៌មានខេត្តព្រះវិហារ មានមន្ត្រីរាជការសរុប ២២នាក់ ចែកចេញជា ៥ការិយាល័យ ។ មានស្ថានីយ៍វិទ្យុចំនួន ០៤ស្ថានីយ៍ និងស្ថានីយ៍ទូរទស្សន៍ខ្សែកាបចំនួន ០៣ស្ថានីយ៍ ក្នុងនោះអ្នកសារព័ត៌មានឯកជនមានចំនួន ១៦ទូរទស្សន៍ ស្មើនឹងមនុស្ស ២៥នាក់ និងអង្គភាពការសែតផ្សេងៗ ដែលបានចុះបញ្ជីនៅមន្ទីរព័ត៌មានចំនួន ១១អង្គភាព ស្មើនឹងមនុស្សចំនួន ១៩នាក់ ដែលប្រចាំការអចិន្ត្រៃយ៍នៅក្នុងខេត្តព្រះវិហារ ។

នាឱកាសនោះ លោកជំទាវ ចឹក ហេង អភិបាលរងខេត្ត បានសំណូមពរឲ្យអ្នកសារព័ត៌មានចូលរួមជាមតិយោបល់ និងលើកឡើងបញ្ហាប្រឈម ដែលជាក្ដីកង្វល់ក្នុងការចុះយកព័ត៌មានកន្លងមក ។ ក្រោយពីទទួលបានមតិរបស់បងប្អូនអ្នកសារព័ត៌មានរួចមក លោកជំទាវ ចឹក ហេង បានឆ្លើយតបភ្លាមៗទៅនឹងសំនួររបស់អ្នកសារព័ត៌មាន និងពាំនាំសំនួរខាងលើរាយការណ៍ជូនថ្នាក់ដឹកនាំខេត្ត ។ ជាមួយគ្នានេះ លោកជំទាវក៏បានណែនាំដល់អ្នកសារព័ត៌មាន ដែលកំពុងបំពេញភារកិច្ចក្នុងខេត្តទាំងអស់ ត្រូវគោរពនូវក្រមសីលធម៌ វិជ្ជាជីវៈ និងផ្សព្វផ្សាយព័ត៌មានណាដែរពិតប្រាកដ ក្នុងន័យរិះគន់ដើម្បីស្ថាបនា ពិសេសត្រូវចូលរួមទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយផ្សេងៗ ដែលធ្វើអោយប៉ះពាល់ដល់ថ្នាក់ដឹកនាំ ក៏ដូចជាសន្តិសុខនៅក្នុងខេត្ត ។

ក្នុងឱកាសនោះដែរ ឯកឧត្តម រ៉ាត់ សោភា ទីប្រឹក្សាក្រសួងព័ត៌មាន បានកោតសរសើរ ដល់ អ្នកសារព័ត៌មានទាំងអស់ ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ស្របទៅតាមវិជ្ជាជីវៈ ក្នុងតួនាទីជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតរបស់សង្គម និងជាស្ពានចម្លងពីររដ្ឋទៅប្រជាជន និងពីប្រជាជនមករាជរដ្ឋាភិបាលវិញ ។

ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ

សម្រួល៖ ខៀវ យុទ្ធវង្ស