គ្រួសារ​ក្រីក្រ​ជួប​ការលំបាក បានទទួល​ការឧបត្ថម្ភ​ស្បៀងអាហារ និង​ថវិកា​ពី​ព្រះសង្ឃ និង​ទទួលបាន​នូវ​ការអប់រំ​ផ្លូវចិត្ត ដើម្បី​ជំនះ​ឧ​ប​ស័គ្គ​លើផ្លូវ​ទៅ​អនាគត!

(​សៀមរាប​)៖ ប្រតិភូ​សង្ឃ​ដែលជា​គ្រូ​សូធ្យ និង​ជា​ព្រះចៅអធិការ​វត្ត និមន្ត​មកពី​បណ្តា​ទី​អារាម​ផ្សេងៗ​គ្នា​ក្នុង​ខេត្តសៀមរាប ដឹកនាំ​ដោយ ព្រះគ្រូ​មុនី​បញ្ញាញាណ ស៊ុម ពិ​សិទ្ធិ ព្រះ​សមុហ៍​គណ​ខេត្ត និង​ជា​ព្រះចៅអធិការ​វត្ត​ប្រាសាទ​ចន្ទរង្សី ហៅ​វត្ត​គោក​ចាន់ ឃុំ​អំពិល ស្រុក​ប្រាសាទបាគង បាន​នាំយក​ស្បៀងអាហារ និង​ថវិកា​មួយចំនួន ដើម្បី​ឧបត្ថម្ភ និង​សួរសុខទុក្ខ ដល់​គ្រួសារ​ក្រីក្រ​មួយ​គ្រួសារ កំពុង​ជួប​ការលំបាក​ខ្លាំង​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ និង​កំពុង​ប្រឈម​ជាមួយ​គ្រោះវិបត្តិ​ក្នុង​គ្រួសារ ផងដែរ​។ អ្វី​ដែលជា​គោលបំណង​ដ៏​សំខាន់​របស់​ប្រតិភូ​សង្ឃ ក្នុងឱកាស​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​គ្រួសារ​ក្រីក្រ​មួយ​នេះ ជាបឋម​គឺ​ដើម្បី​ជួយ​សម្រាល​ទុក្ខលំបាក ហើយ​អ្វីដែល​សំខាន់​ជាង​នេះ គឺ​បាន​នាំយក​នូវ​ធម្មទាន​អប់រំ​ផ្លូវចិត្ត គាំពារ​ឲ្យ​មានការ​តស៊ូ​ជំនះ​ការលំបាក​ទាំងឡាយ ដើម្បី​អនាគត​ដ៏​វែងឆ្ងាយ​ខាងមុខ​។​

​ការផ្តល់​អំណោយ​សួរសុខទុក្ខ និង​ផ្សព្វផ្សាយ​មេត្តាធម៌ អប់រំ​ផ្លូវចិត្ត​នេះ បានធ្វើ​ឡើង​នា​រសៀល​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ភូមិ​សាលាកន្សែង ឃុំ​ស្វាយដង្គំ ក្រុង​សៀមរាប​។ សា​ម៉ី​ជនក្រីក្រ​ដែល​ទទួលបាន​អំណោយ​នេះ ជា​ស្ត្រី​មេម៉ាយ​អាយុ ២៤​ឆ្នាំ ត្រូវ​ប្តី​ទទួលអនិច្ចកម្ម​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ និង​បាន​សម្រាលកូន​នៅ​មន្ទីរពេទ្យ​ជ័យ​វរ្ម័នទី​៧ កាលពី​ចុងខែ​សីហា​កន្លងទៅ​។ ស្ត្រី​មេម៉ាយ​ម្នាក់នេះ មានកូន​២​នាក់ និង​ក្មួយ​កំព្រា​៣​នាក់​នៅក្នុង​បន្ទុក​។ បច្ចុប្បន្ន​រស់នៅ​ជាមួយ​ជីដូន​ចាស់ជរា និង​មាន​ឳ​ពុក​ម្តាយ​ក៏​ស្ថិតក្នុង​ស្ថានភាព​ខ្វះខាត ទទួលរង​ការបាត់បង់​ការងារ​ធ្វើ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។

​នេះ​ជា​លើក​ទី​៣​ហើយ ដែល​គ្រួសារ​ក្រីក្រ​មួយ​នេះ បានទទួល​អំណោយ​សប្បុរសធម៌​។ លើក​ទី​១ ទទួលបាន​ពី​លោក ហឿន សំនៀង ជំនួយការ​ផ្តា​ល់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ រួមមាន​អង្ករ ២០០​គីឡូក្រាម​, ត្រីខ​, ទឹកត្រី​, ទឹកស៊ីអ៊ីវ និង​ថវិកា ១​លាន​រៀល និង​សន្យា​បន្ត​ជួយឧបត្ថម្ភ​បន្ថែម ក្នុង​ខែ​១០០​ដុល្លា រយៈពេល​៣​ខែ បន្តទៀត​។ លើក​ទី​២ ទទួលបាន​អំណោយ​ពី​អនុសាខា​កាកបាទក្រហម​ក្រុង​សៀមរាប ហើយ​លើក​ទី​៣​នេះ ទទួលបាន​ពី​ប្រតិភូ​មន្ត្រី​សង្ឃ​ខេត្តសៀមរាប មាន​អង្ករ ១២៥​គ​ក្រ​, មី​, ទឹកត្រី​, ទឹក​ស៊ីវ​, ទឹកដោះគោ​, ទឹក​សុទ្ធ និង​ថវិកា ៤០​ម៉ឺន​រៀល រួមទាំង​ថវិកា ១០០​ដុល្លា​ផ្សេងទៀត ជា​អំណោយ​សន្យា ដែល​លោក ហឿន សំនៀង បាន​ផ្ញើជូន​ផងដែរ​។

​គួរ​បញ្ជាក់ដែរថា ព្រះសង្ឃ​នៃ​ខេត្តសៀមរាប បាន​ប្រតិបត្តិ​នៅក្នុង​សកម្មភាព​សង្គម​ជាច្រើន ដែល​ឆ្លុះ​បង្ហាញ​ឲ្យ​ឃើញថា វិស័យ​ពុទ្ធិ​ចក្រ និង​វិស័យ​អាណាចក្រ ត្រូវបាន​ផ្សាភ្ជាប់ និង​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ មិនអាច​កាត់ផ្តាច់​ចេញ​ពីគ្នា​បាន​នោះឡើយ​៕ ដោយ​៖​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប