កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​៩​ខែ របស់​លេខា​រដ្ឋា​ន​នៃ​គណៈកម្មាធិការ​ខេត្ត​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​(​គ​.​ខ​.​ប​.​ជ​)​ខេត្តព្រះវិហារ​

(​ព្រះវិហារ​)៖ លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ខេត្ត​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ហៅ​កា​ត់គ​.​ខ​.​ប​.​ជ ខេត្តព្រះវិហារ បាន​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​របាយការណ៍រ​យៈ​ពេល​៩​ខែ ឆ្នាំ​២០២០ ដើម្បី​ពិនិត្យ​ពី​លទ្ធផល​ការងារ បញ្ហា​ប្រឈម និង​ទិសដៅ​អនុវត្តន៍​បន្ដ​ក្នុង​ក្របខណ្ឌ​កិច្ចសហការ​លើ​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​។​

​កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ​នៅ​រសៀល​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ ក្រោម​ការអញ្ជើញ​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​ដោយ លោកជំទាវ ចឹក ហេង អភិបាលរង​ខេត្តព្រះវិហារ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ខេត្ត​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស លោកស្រី ឧ​ត្ត​ម​សេនីយ៍​ត្រី ប្រាំង ធីតា ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​ជា​អនុប្រធាន​លេខាធិការដ្ឋាន នៃ​គ​.​ខ​.​ប​.​ជ ព្រមទាំង​លោក លោកស្រី​ក្រុមការងារ​ជំនាញ​ទាំង​៦ អង្គការ​ដៃគូ​និង​អ្នកពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​លោកជំទាវ ចឹក ហេង បាន​ជំរុញ​ឲ្យ​ក្រុមការងារ​ទាំង​៦ យកចិត្តទុកដាក់ និង​លើកកម្ពស់​ប្រសិទ្ធភាព នៃ​ការបង្ការ​ទប់ស្កាត់​រាល់​បទល្មើស​កុំ​ឲ្យ​កើតមានឡើង និង​បន្ត​អនុវត្តន៍​សកម្មភាព ចុះ​ផ្សព្វផ្សាយ​អំពី​ច្បាប់​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ដល់​ប្រជាពលរដ្ឋ សិស្សានុសិស្ស ឲ្យ​កាន់តែ​យល់ដឹង អំពី​ការធ្វើ​អាជីវកម្ម​ផ្លូវភេទ​លើ​ស្ត្រី​និង​កុមារ អំពើ​ជួញដូរ​មនុស្ស និង​ការធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​គួរបញ្ជាក់​ផងដែរ​ថា អំពើ​ជួញដូរ​មនុស្ស​នៅតែ​បន្ត​កើតមាន ក្នុងចំណោម​ប្រជាជន​ចល័ត​ចំណាកស្រុក ជាពិសេស ជនអន្តោប្រវេសន៍ មិន​ប្រក្រតី ឬ​មិន​តាម​ប្រព័ន្ធ​ច្បាប់ ដូច​ច្នេះ​ចាំបាច់​ត្រូវ ពង្រឹង​ការយល់ដឹង ការគ្រប់គ្រង​ការអនុវត្ត​ច្បាប់ និង​ពង្រឹង​កិច្ចសហការ​រវាង​អង្គភាព ស្ថាប័ន​គ្រប់លំដាប់​ថ្នាក់ ទាំង​នៅក្នុង​ស្រុក ឬ​តាម​ព្រំដែន​ក្នុងការ​អនុវត្ត​ផែនការ​បង្ការ​ទប់ស្កាត់ អនុវត្ត​ច្បាប់ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​គ្រប់​រូបភាព​។​

​លោកជំទាវ ចឹក ហេង ក៏បាន​ដាក់​ទិសដៅ​អនុវត្ត​បន្ត ដើម្បី​ឲ្យ​សម្រេច​គោលដៅ​នៃ​ការប្រយុទ្ធប្រឆាំង អំពើ​ជួញដូរ​មនុស្ស​សម្រាប់​ឆ្នាំ​បន្ទាប់ ដោយ​បន្ត​ពង្រឹង​កិច្ចសហការ​ក្នុង​ការបង្ការ​ទប់ស្កាត់ អំពើ​ជួញដូរ​មនុស្ស​គ្រប់​រូបភាព ពង្រឹង​ការអនុវត្ត​ច្បាប់ និង​វិធានការ​នានា បន្ត​ការផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ សិស្សានុសិស្ស​ឲ្យ​យល់ដឹង​អំពី​ល្បិចកល បោកប្រាស់ របស់​ជនខិលខូច ដូចជា​មេខ្យល់​ដើរ​ឃោសនា​លួងលោម​អូសទាញ​ឲ្យ​ទៅរក​ការងារ​ធ្វើ​នៅក្រៅ​ប្រទេស ជាពិសេស​ស៊ើបអង្កេត​ជាប្រចាំ​នៅតាម​បណ្ដា​កន្លែង​កំសាន្ត​សប្បាយ ខារ៉ាអូខេ ផ្ទះសំណាក់ រក​បទល្មើស​អំពើ​ជួញដូរ​មនុស្ស និង​ការធ្វើ​អាជីវកម្ម​ផ្លូវភេទ លើ​ស្ត្រី​និង​កុមារ និង​ចូលរួម​យ៉ាងសកម្ម​ក្នុង​គោលនយោបាយ​ភូមិ​/​ឃុំ​មាន​សុ​វត្តិភាព បន្ត​សហការ​ជាមួយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តព្រះវិហារ (​សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​)​