មន្ត្រី​តុលាការខេត្ត​សៀមរាប​ប​ង្ហា​ញ​ថា អនីតិជន​ក្រោម​អាយុ​១៤​ឆ្នាំ ពុំមាន​ច្បាប់​ឲ្យ​ឃាត់ខ្លួន ឬ​ឃុំខ្លួន​នោះឡើយ !

​សៀមរាប​៖ ការឃាត់ខ្លួន ឬ​ឃុំខ្លួន​អនីតិជន ត្រូវ​ស្ថិតក្នុង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ និង​ការពារ​ដោយ​ច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន ក្នុងនោះ​អនីតិជន​ក្រោម​អាយុ​១៤​ឆ្នាំ ពុំមាន​ច្បាប់​ឲ្យ​ឃាត់ខ្លួន ឬ​ឃុំខ្លួន​នោះឡើយ នេះ​បើតាម​ការលើកឡើង របស់​មន្ត្រី​តុលាការ​ខេត្តសៀមរាប ក្នុង​កិច្ចប្រជុំ ស្តីពី​យុត្តិធម៌​ព្រហ្មទណ្ឌ ការនាំចេញ​ដោយ​មិន​ស្របច្បាប់ នីតិវិធី​នៃ​ការឃាត់ខ្លួន​-​ឃុំខ្លួន​អនីតិជន របស់​គណៈកម្មាធិការ​ខេត្តសៀមរាប​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ស្ដីពី​យុត្តិធម៌​ព្រហ្មទណ្ឌ ការនាំចេញ​ដោយ​មិន​ស្របច្បាប់ នីតិវិធី​នៃ​ការឃាត់ខ្លួន​-​ឃុំខ្លួន​អនីតិជន ដឹកនាំ​ដោយ​លោកស្រី យូ សុភា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិកា​រ​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ នា​សាលា​ខេត្តសៀមរាប​។​

​អញ្ជើញ​ជា​វាគ្មិន​ក្នុងឱកាស​នោះ លោក ជឺ សុខ ប្រធាន​សាលាដំបូង និង​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប បាន​ពន្យល់ថា នីតិវិធី​នៃ​ការឃាត់​និង​ឃុំខ្លួន​អនីតិជន គឺ​ត្រូវបាន​ឈរលើ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ និង​ច្បាប់​ស្តីពី​យុត្តិធម៌​អនីតិជន ដោយ​ការកំណត់​អាយុ​ជា​២​ប្រភេទ​គឺ ពី​១៤​ឆ្នាំ ដល់​១៦​ឆ្នាំ និង​ពី​១៦​ឆ្នាំ ដល់​ក្រោម​១៨​ឆ្នាំ​។ នៅក្នុង​បទ​ប្បញ្ញត្តិ​ទូទៅ​នៃ​ច្បាប់​នេះ គឺ​បានចែង​អំពី​គោលបំណង​នៃ​ច្បាប់​ក្នុងការ​បង្ក្រាប​អំពើ​ទាំងនេះ គឺ​ដើម្បី​ការពារ​សិទ្ធិ និង​សេចក្តី​ថ្ងៃ​ថ្នូរ​របស់​មនុស្ស បង្កើន​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ រក្សា​ការពារ លើកកម្ពស់​ទំនៀមទម្លាប់​ប្រពៃណី​ដ៏​ល្អ​របស់​ជាតិ និង​មានបំណង​ផងដែរ ក្នុងការ​អនុវត្ត​ឲ្យ​បាន​សមស្រប តាម​ពិធីសារ​អង្គការសហប្រជាជាតិ ស្តីពី​ការទប់ស្កាត់ ការបង្ក្រាប និង​ការផ្តន្ទាទោស​ជន​ណា​ដែល​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស ជាពិសេស​លើ​ស្ត្រី​និង​កុមារ​។​

​លោក​វាគ្មិន បញ្ជាក់​បន្ថែមថា ទោះជា​យ៉ាងណាក៏ដោយ នៅក្នុង​អំឡុងពេល​នៃ​ការឃុំខ្លួន​អនីតិជន ដែល​ត្រូវ​ទទួល​ទោសទណ្ឌ​នោះ ក៏ត្រូវ​បានការ​ការពា​រ​ដោយ​ច្បាប់ រក្សា​ឧ​ត្ត​ម​ប្រយោជន៍ ទទួល​បានការ​ស្តារនីតិសម្បទា និង​មានការ​អប់រំ​ឲ្យ​ក្លាយជា​ពលរដ្ឋ​ល្អជា​ដើម ហើយក៏​នឹង​អាច​បាន​ស្ថិត​នៅក្រៅ​ឃុំ​ផងដែរ ក្នុងករណី​ដែល​អនីតិជន​ជាប់ឃុំ​នោះ ទទួលយក​ការអប់រំ​បានល្អ​ប្រសើរ​។ ដោយឡែក ចំពោះ​ការនាំចេញ​ដោយ​មិន​ស្របច្បាប់ គឺ​សំដៅ​ទៅលើ​ការជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ដូច្នេះ​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ គឺ​ដើម្បី​ការពារ​សិទ្ធិ និង​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោកស្រី​អភិបាលរង​ខេត្ត ក៏បាន​លើកឡើង​ផងដែរ​ថា ប្រធានបទ​នៃ​កិច្ចប្រជុំ​នេះ វា​ស្របតាម​សភាពការណ៍​ដែល​ខេត្តសៀមរាប កំពុង​ជួប​បញ្ហា​ប្រឈម នៅក្នុង​ប្រតិបត្តិការ​របស់​សមត្ថ​កិច្ច ហើយក៏​ជា​របៀបវារៈ​ដ៏​សំខាន់​ផងដែរ ដែល​ស្ថាប័ន​ជំនាញ ត្រូវការ​ភាពច្បាស់លាស់​ក្នុងការ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​។ ជាពិសេស កម្លាំង​សមត្ថកិច្ច​អនុវត្តន៍​ច្បាប់ និង​អាជ្ញាធរ​ក្រុង​-​ស្រុក ដើម្បី​យល់ដឹង​បន្ថែម​កាន់តែច្បាស់ តាមរយៈ​ការបកស្រាយ​នូវ​សំណួរ ឬក៏​បញ្ហា​ប្រឈម​នានា​របស់​សមាជិក​អង្គប្រជុំ ពី​សំណាក់​វាគ្មិន​ជំនាញ​ទាំងពីរ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​