ភាគី​បារាំង​បេ្ដ​ជ្ញា​បន្ត​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ល្អប្រសើរ​ឡើង ក្នុងការ​គាំទ្រ​ការដ្ឋាន​ជួសជុល​ប្រាសាទមេបុណ្យខាងលិច !

​សៀមរាប​៖ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ដែល​អមដំណើរ​ដោយ​លោក គ្រី​ស្ដុ​ហ្វ ហ្សី​ហ្កូ​ដូ (CHRISTOPHE GIGAUDAUT) ទីប្រឹក្សា​សហប្រតិបត្តិការ និង​កិច្ចការ​វប្បធម៌ នៃ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា បានធ្វើ​ទស្សនកិច្ច​ទៅកាន់​ការដ្ឋាន​ជួសជុល​ប្រាសាទមេបុណ្យខាងលិច ដើម្បី​ស្វែងយល់​ពី​ការងារ​ទូទៅ​។ នេះ​ជា​ទស្សនកិច្ច​ដំបូង​របស់​សហប្រធាន​ភាគី​បារាំង ខណៈដែល​លោក​ទើបនឹង​ចូលមក​ជំនួស​ការងារ​ពី​អតីត​សហប្រធាន​ចាស់ ដែល​ចប់​អាណត្តិ​។​

​លោក គ្រី​ស្ដុ​ហ្វ ហ្សី​ហ្កូ​ដូ បាន​វាយតម្លៃ​ខ្ពស់ និង​បាន​សម្ដែង​អារម្មណ៍​រីករាយ​ក្នុងការ​បំពេញ​ទស្សនកិច្ច​មកកាន់​ការ​ដ្ឋា​ន​ជួសជុល​ប្រាសាទមេបុណ្យខាងលិច​នៅពេលនេះ​។ លោក​បន្ថែមថា ទស្សនកិច្ច​ជា​លើកដំបូង​នេះ គឺ​ដើម្បី​ស្វែងយល់​កាន់តែ​ស៊ីជម្រៅ​លើ​ការងារ​នានា ដើម្បីឱ្យ​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​បារាំង និង​អាជ្ញាធរ​ជាតិ​អប្សរា កាន់តែ​ល្អប្រសើរ​។ តំណាង​ស្ថានទូត​បារាំង​បាន​ប្ដេជ្ញា​ថា លោក​នឹង​ខិតខំ​ធ្វើយ៉ាងណា​ឱ្យ​ការដ្ឋាន​ជួសជុល​ប្រាសាទមេបុណ្យខាងលិច​នេះ ដែល​ភាគី​បារាំង​ផ្តល់​ថវិកា​ហរិ​ញ្ញ​ប្ប​ទាន​សម្រាប់​ការជួសជុល​នេះ ដំណើរការ​ដោយ​រលូន និង​ជោគជ័យ​។​

​ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា មាន​សេចក្ដីសោមនស្ស​ក្រៃលែង​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​បារាំង ហើយ​ឯកឧត្តម​ក៏​មានការ​រំពឹងថា សហប្រធាន​ថ្មី​របស់​ស្ថានទូត​បារាំង និង​បន្ត​កិច្ចសហប្រតិបត្តិការ​នៅ​ការដ្ឋាន​ជួសជុល​ប្រាសាទមេបុណ្យខាងលិច​នេះ ឱ្យ​កាន់តែ​ល្អប្រសើរ និង​បាន​ដោយ​រលូន​ទៅតាម​ការគ្រោងទុក​រប​ស់​ភាគី​ទាំងពីរ​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​