ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ ៖ សម្តេច​តេ​ជោ ក្នុងនាម​ជា​អ្នក​កសាង​និង​ស្រឡាញ់​សន្តិភាព ចង់ឃើញ​កម្ពុជា អស់​ការ​គម្រាមកំហែង​ដោយសារ​គ្រាប់បែក​ចង្កោម ទោះបី​កម្ពុជា​មិនទាន់​ក្លាយជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​នេះ​ក៏ដោយ​

(​រតនគិរី​) ៖ រសៀល​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន បាន​ដឹកនាំ​កិច្ចប្រជុំ ស្តីពី​វឌ្ឍនភាព​សកម្មភាព​មីន​ក្នុង​ខេត្តរតនគិរី ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​អាជ្ញាធរ​មីន ឯកឧត្តម ញ៉ែម សំអឿន អភិបាលរង​ខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សកម្ម​ភាព​មីន​ខេត្ត ក្រុមការងារ​ម៉ា​ពូ កងកម្លាំងប្រដាប់អាវុធ មន្ទីរ​ពាក់ព័ន្ធ អភិបាលស្រុក​វ៉ើ​ន​សៃ ស្រុក​លំផាត់ និង​ស្រុក​កូន​មុំ តំណាង​គម្រោង HDR and D ប្រធាន​អង្គការ NPA និង​ប្រធាន​អង្គការ MAG ប្រចាំ​នៅ​កម្ពុជា​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានបញ្ជាក់​ប្រាប់ដ​ល់អ​ង្គ​ប្រជុំ​ថា បន្ទាប់ពី​បានទទួល​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​មីន ឯកឧត្តម​បានជ្រើសរើស យក​ទឹកដី​ខេត្តរតនគិរី ដែលជា​ខេត្ត​រង​ផល ប៉ះពាល់​ច្រើនជាងគេ​ដោយសារ​គ្រាប់បែក ចង្កោម សម្រាប់​ការរៀបចំ​ដំណើរ​ទស្សនកិច្ច​រវាង លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា និង​ថ្នាក់ដឹកនាំ​អាជ្ញាធរ​មីន នា​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ ដែល​ដំណើរ​ទស្សនកិច្ច​នេះ ផ្តោត​សំខាន់​លើ​ការងារ បោសសម្អាត​គ្រាប់បែក​ចង្កោម​នៅ​កម្ពុជា​។
​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​បន្តទៀតថា ក្នុងនាម​ជា​អ្នក​កសាង និង​ស្រឡាញ់​សន្តិភាព សម្តេច​តេ​ជោ ចង់ឃើញ​ណាស់​ប្រទេស​កម្ពុជា​អស់​ការ​គម្រាមកំហែង​ដោយសារ​គ្រាប់បែក​ចង្កោម ទោះបី​កម្ពុជា​មិនទាន់​ក្លាយជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​នេះ​ក៏ដោយ​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ឲ្យ​ដឹងថា រាជរដ្ឋាភិបាល​កម្ពុជា មាន​រចនាសម្ព័ន្ធ​ច្បាស់លាស់​សម្រាប់​គ្រប់គ្រង​វិស័យ​សកម្មភាព មីន ដោយបាន​រៀបចំ​នូវឯ​ក​សា​ចាំបាច់​មួយចំនួន​ដូចជា ផែនការ​យុទ្ធសាស្ត្រ​ជាតិ​សកម្មភាព​មីន ២០១៨-២០២៥ ការអនុវត្ត​ផែនការ​សកម្មភាព​មីន បី​ឆ្នាំ ២០១៨-២០២០ និង​ផែនការ​គាំទ្រ​មួយចំនួនទៀត​ដែល​ចែង​អំពី​យុទ្ធសាស្ត្រ​នានា ឈានទៅ​សម្រេចបាន​នូវ​គោលបំណង​បំបាត់​ទាំងស្រុង​បញ្ហា​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ពី​កម្ពុជា​។ យុទ្ធសាស្ត្រ​ទាំងនោះ​រួមមាន ភូមិ​អស់​ការ​គម្រាម ការគ្រប់គ្រង​ហានិភ័យ​រយៈពេល​វែង និង​ការដោះស្រាយ​បញ្ហា​គ្រាប់បែក​ចង្កោម​ជាដើម​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ គណៈកម្មាធិការ​សកម្ម​ភាព​មីន​ខេត្ត និង​ក្រុមការងារ​រៀបចំ​ផែនការ សកម្មភាព​មីន​ខេត្តរតនគិរី ដែល​បាន​ដឹកនាំ និង​សម្របសម្រួល​វិស័យ​សកម្មភាព​មីន​/​គ្រាប់បែក​ចង្កោម​ក្នុង​ខេត្ត​ទទួលបាន​នូវ​លទ្ធផល​យ៉ាង​ល្អប្រសើរ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សហរដ្ឋអាមេរិក​ដែល​បានផ្តល់​នូវ​ជំនួយ​គាំទ្រ​ដល់​ប្រតិបត្តិ​ករ​បោសសម្អាត​គ្រាប់បែក​ចង្កោម​ទាំងអស់​នៅ​កម្ពុជា និង​ជាពិសេស​សម្រាប់​អង្គការ MAG និង​អង្គការ NPA ក្នុងការ​បោសសម្អាត​ក្នុង​ខេត្តរតនគិរី នេះ​។​
​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ម្ចាស់ជំនួយ និង​ប្រទេស​ជា​មិត្ត​ដ៏​ឆ្នើម​ដទៃទៀត រួមមាន​៖ អូស្ត្រាលី អង់គ្លេស ជប៉ុន អាល្លឺម៉ង់ ស្វី​ស ចិន ន័​រវេ​ស្ស កូរ៉េខាងត្បូង កាណាដា នូ​វែ​ល​ហ្សឺ​ឡង់ អៀរ​ឡង់ UNDP និង UNICEF ព្រមទាំង​មូលនិធិ អង្គការ​សង្គម​ស៊ីវិល និង​សប្បុរសជន​ផងដែរ​។​

​សូមបញ្ជាក់ថា ៖ ផ្អែក​តាម​ការស្រាវជ្រាវ​ទិន្នន័យ​មូលដ្ឋាន ចាប់ពី​ឆ្នាំ​២០០៩ រហូតមកដល់​ឆ្នាំ​២០២០ ខេត្តរតនគិរី មាន​ផ្ទៃដី​មាន​មីន​/​គ្រាប់​សរុប​ចំនួន ៦២.៥៩៧.៤៤៨ ម៉ែត្រការ៉េ ក្នុងនោះ​គ្រាប់បែក ចង្កោម​មាន​ផ្ទៃដី​ចំនួន ៥៨.៥៣០.១៧៩​ម៉ែត្រការ៉េ ស្មើនឹង ៩៤% ផ្ទៃដី​មាន​មីន​ចំនួន ២.៦៩០.៤៨៧ ម៉ែត្រការ៉េ ស្មើនឹង ៤% និង​ផ្ទៃដី​មាន​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ១.៣៧៦.៧៨២ ម៉ែត្រការ៉េ ស្មើនឹង ២%​។ ខេត្តរតនគិរី រង​ការទម្លាក់​គ្រាប់​ពី​សហរដ្ឋអាមេរិក​ក្នុងសម័យ​សង្គ្រាម​ចំនួន ២៤២.០៨៤ តោន ក្នុងនោះ​គ្រាប់បែក ចង្កោម​មាន​ចំនួន ២០.០៤៥ តោន​។​
​ចាប់ពី​ឆ្នាំ​១៩៧៩ រហូតដល់​ខែសីហា ឆ្នាំ​២០២០ មាន​ជនរងគ្រោះ​ដោយសារ​មីន​/​គ្រាប់​សរុប​ចំនួន ២៨៧ នាក់ ក្នុងនោះ​ដោយសារ​មីន​ចំនួន ១០៣ នាក់ គ្រាប់បែក​ចង្កោម​ចំនួន​០៣ នាក់ និង​យុទ្ធ​
​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ចំនួន ១៨១ នាក់​។​គិត​ត្រឹម​ខែសីហា ឆ្នាំ​២០២០ ផ្ទៃដី​មាន​មីន​/​គ្រាប់​បាន​បោសសម្អាត​រួច​នៅ​ខេត្តរតនគិរី មាន​ចំនួន ១៧.៩៧៣.១៣៣ ម៉ែត្រការ៉េ ក្នុងនោះ​ផ្ទៃដី​គ្រាប់បែក​ចង្កោម​ចំនួន ១៤.០៦៤.៥៤៦ ម៉ែត្រការ៉េ មានគ្រួសារ​ទទួលផល​ចំនួន ៤៣.៤២៥ គ្រួសារ ស្មើនឹង ២៣៣.០៦២ នាក់ រកឃើញ និង​កំទេចចោល​គ្រាប់មីន​ប្រឆាំង​មនុស្ស​ចំនួន ២៦១​គ្រាប់ គ្រាប់មីន​ប្រឆាំង​រថក្រោះ​ចំនួន ៨ គ្រាប់ គ្រាប់បែក​ចង្កោម ៥.៤៦៧ គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ចំនួន ៦.៨០៤ គ្រាប់​។​

​បច្ចុប្បន្ននេះ មាន​ប្រតិបត្តិ​ករ​ចំនួន ០២ កំពុង​ប្រតិបត្តិការ​បោសសម្អាត​មីន​/​គ្រាប់​នៅក្នុង​ខេត្តរតនគិរី រួមមាន​អង្គការ NPA និង​អង្គការ MAG ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី​