ឯកឧត្តម​អភិបាលខេត្តតាកែវ ជួបសំណេះសំណាលជាមួយយោធិន ដែលត្រូវដាក់ឲ្យចូលសោធននិវត្តន៍ ចំនួន ១៥នាក់

(តាកែវ)៖ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយយោធិន ដែលត្រូវដាក់ឲ្យចូលសោធននិវត្តន៍នៅព្រឹកថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ២០២០នេះ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានធ្វើការលើកទឹកចិត្តដល់បងប្អូនយោធិនដែលត្រូវដាក់ឲ្យចូលនិវត្តន៍ឲ្យខឹតខំប្រឹងប្រែងប្រកបមុខរបផ្សេងៗបន្ថែមទៀតដើម្បីចញ្ចឹមក្រុមគ្រូសារ ម្យ៉ាងទៀតមិនត្រូវមានសតិអារម្មណ៍មិនល្អនោះទេនៅពេលដែលត្រូវដាក់ឲ្យចូលនិវត្តន៍ ព្រោះការដាក់ឲ្យចូលនិវត្តន៍គឺជាការអនុវត្តន៍ទៅតាមច្បាប់ដែលបានចែង ហើយរាជរដ្ឋាភិបាលជាពិសេសអគ្គមេបញ្ជាការកងទ័ពជើងគោកនិងបន្តតាមដាន ពីសុខទុក្ខរបស់បងប្អូនហើយក៍និងបន្តជួយបងប្អូនគ្រប់ពេលវេលានៅពេលដែលបងប្អូនជូបបញ្ហាអ្វីមួយ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍បន្តថា ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី មិនអាចបំភ្លេចបានឡើយចំពោះយោធិនដែលចូលសោធននិវត្តន៏។ ព្រោះបងប្អូនយោធិនពិតជាបានចូលរួមចំណែកធ្វើពលីកម្មយ៉ាងធំធេងក្នុងបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ក្នុងពេលកន្លងមក ហើយក៏ជាគំរូវីរភាពមួយសម្រាប់ប្រជាជនកម្ពុជា ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា យោធិនគ្រប់រូបក្នុងកងយោធពលខេមរភូមិន្ទ បានចងចាំទុកដោយមិនអាចបំភ្លេចបាន និង បន្តរៀនសូត្រ ពីគំរូវីរភាពនេះ ទុកជាបទពិសោធន៍សំរាប់ធានាប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចជូនជាតិមាតុភូមិក្នុងពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត ។ ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា៖ គោលនយោបាយរបស់រាជរដ្ឋាភិបាលតែងតែយកចិត្តទុក្ខដាក់ គិតគូរចំពោះយោធិនយើងគ្រប់ពេលវេលាតាមរយះការកយកចិត្តទុកដាក់ ដោះស្រាយជីវភាពរស់នៅដល់ បង ប្អូន ទាំងស្មារតី សម្ភារៈ និង ថវិកា ក្នុងនោះរួមទាំងការតម្លើងប្រាក់បៀវត្ស និងការផ្តល់អត្ថប្រយោជន៏ផ្សេងៗទៀត ជាបន្តបន្ទាប់ ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានសំណូមពរដល់ អ៊ំ ពូ មីង ដែលត្រូវចូលនិវត្តន៍ទាំងអស់ ពេលទៅដល់មូលដ្ឋានវិញ ត្រូវចូលជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីបានទទួលការមើលថែទាំពីសមាគមអតីតយុទ្ធជនកម្ពុជា នៅតាមមូលដ្ឋានខេត្ត-ក្រុង ដែលបងប្អូនបានទៅរស់នៅ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការអនុត្តន៍គោលនយោបាយជាតិសំខាន់ៗ ចំពោះយោធិនពលី ពិការ មរណៈ បាត់បង់សមត្ថភាព យោធិនចូលនិវត្តន៍ អតីតយុទ្ធជន និងគ្រួសារ ដោយគោរពដឹងគុណដ៏ថ្លៃថ្លារបស់ពួកគាត់ជានិច្ច ។

បន្ទាប់ពីបញ្ចប់ពិធីជួបសំណេះសំណាលឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានឧបត្ថម្ភដល់និវត្តន៍ជន ១៥នាក់ ដោយក្នុងម្នាក់ៗ ទទួលបាន អង្ករ ២៥គីឡូ មី១កេះ ទឹកក្រូច ១កេះ និងថវិកា ២០ម៉ឺនរៀល។ បន្ថែមពីនេះដែរ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការតំបន់សឹករងតាកែវ ក៏បានចូលរួមឧបត្ថម្ភក្នុងនិវត្តន៍ជនម្នាក់ៗ ១០ម៉ឹនរៀលផងដែរ ៕

ដោយ៖ មន្ទីរព័ត៌មានខេត្តតាកែវ
សម្រួល៖ ខៀវ យុទ្ធវង្ស