ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​នីតិវិធី​នៃ​ការធ្វើ​សេចក្តីសម្រេច​លើ​សំណុំរឿង​វិវាទ​ក្នុង​យន្តការ​គណៈកម្មាធិការ​សុរិយោដី​ជូន​ដល់​មន្ត្រី​គណៈកម្មការ​សុរិយាដី​រាជធានី ខេត្ត​

(​កំពង់ឆ្នាំង​)៖ នា​ព្រឹក​ថ្ងៃ​អង្គារ ១២​កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០​នេះ នៅ​សាលប្រជុំ​សាលាខេត្ត​កំពង់ឆ្នាំង ឯកឧត្តម ទេព ធន រដ្ឋលេខាធិការ និង​ជា​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ឯកឧត្តម សាន់ យូ អភិបាលរង​ខេត្ត អញ្ជើញ​ជា​អធិបតី​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​នីតិវិធី​នៃ​ការធ្វើ​សេចក្តីសម្រេច​លើ​សំណុំរឿង​វិវាទ​ក្នុង​យន្តការ​របស់​គណៈកម្មាធិកា​រ​សុរិយោដី​ជូន​ដល់​មន្ត្រី​គណៈកម្មការ​សុរិយោដី​រាជធានី ខេត្ត​។​

​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣០ ខែកញ្ញា ដល់​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០ ដែលមាន​សិក្ខាកាម​សរុប​ចំនួន ៥០​នាក់ ដែលមាន​សមាស​ភាពជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​រាជធានី ខេត្ត អនុប្រធាន និង​មន្ត្រី​លេខាធិការដ្ឋាន​គណៈកម្មកា​រ​សុរិយោដី​ថ្នាក់​រាជធានី ខេត្ត​ទាំង ២៥ ដែល​ពុំ​ធ្លាប់​ទទួល​ការបណ្ដុះបណ្ដាល​។​

​គោលបំណង​នៃ​វគ្គ​បណ្ដុះបណ្ដាល​គឺ​ដើម្បី​ផ្ដល់​ចំណេះដឹង​ជូន​សិក្ខាកាម​ឱ្យបាន​ជ្រាប​អំពី​របៀប​នៃ​ការធ្វើ​សេចក្តីសម្រេច​លើ​វិវាទ​ដីធ្លី​ក្នុង​យន្តការ​គណៈកម្មការ​សុរិយាដី​។ ជាងនេះទៅទៀត​គឺ​ផ្ដល់ជូន​សិក្ខាកាម​នៅ​របៀប​ចាត់ការ​លើ​សំណុំរឿង​វិវាទ​ដីធ្លី​ដែល​មិនអាច​សម្រុះសម្រួល​បានជា​ពិសេស​ផ្ដល់ជូន​នូវ​របៀប​នៃ​ការសិក្សា​សំណុំរឿង​វិវាទ​ដីធ្លី​ដោយ​ផ្ដោតលើ​អង្គហេតុ អង្គច្បាប់​សេចក្តីសន្និដ្ឋាន និង​ការលើក​យោបល់​ស្នើសុំ​ការសម្រេច​ពី​ឯកឧត្តម លោកជំទាវ​អភិបាល នៃ​គណៈ​អភិបាល ដែលជា​ប្រធាន​គណៈកម្មការ​សុរិយោដី​រាជធានី ខេត្ត ក្នុង​គោលដៅ​ជំរុញ​ការដោះស្រាយ​វិវាទ​ដីធ្លី​ថ្នាក់​រាជធានី ខេត្ត ឱ្យ​កាន់តែ​ទទួលបាន​ច្រើន​ជា​អតិបរមា ប្រកបដោយ​យុត្តិធម៌ និង​ទទួលយកបាន​៕​ សម្រួលផ្សាយដោយ៖ ធូ កុសល