វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ឌីជីថល​ចាំបាច់ (Digital Skill Essential) ជូន​ដល់​មន្ត្រីរាជការ​នៅតាម​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្តសៀមរាប !

(​សៀមរាប​)៖ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន សហការ​ជាមួយ​មន្ទីរ​ប្រៃសណីយ៍ និង​ទូ​រគ​មានគម​ន៍​ខេត្តសៀមរាប បានរៀបចំ​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ឌីជីថល​ចាំបាច់ (Digital Skill Essential) ជូន​ដល់​មន្ត្រីរាជការ​ចំនួន​២៥​នាក់​មកពី​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត រយ​:​ពេល​៦​ថ្ងៃ​ដោយ​គិត​ចាប់ពី​ថ្ងៃទី​២៨ ខែកញ្ញា ដល់​ថ្ងៃទី​០៣​ខែតុលា​ឆ្នាំ​២០២០ ។

​លោក ជា វិចិត្រ ប្រធាន​មជ្ឈមណ្ឌល​បណ្តុះបណ្តាល ជំនាញ​វិជ្ជាជីវៈ នៃ​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន បាន​មានប្រសាសន៍ថា វិទ្យាស្ថាន​ជាតិ​នេះ គឺជា​គ្រឺះ​ស្ថាន​ឧ​ត្ត​មសិ​ក្សា​ឯកទេស​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ព័ត៌មាន តែមួយគត់​នៅ​កម្ពុជា ដែល​បង្កើតឡើង​ដោយ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កំពុងតែ​ផ្ដល់​ការបណ្ដុះបណ្ដាល​ថ្នាក់​បរិញ្ញាបត្រ ពាណិជ្ជកម្ម​អេឡិចត្រូនិក ទូរគមនាគមន៍ និង​បណ្ដាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ ដែលជា​ជំនាញ​មាន​តម្រូវការ​ខ្ពស់​ក្នុង​ទីផ្សារការងារ​នា​យុគសម័យ​សេដ្ឋកិច្ច​ឌីជីថល និង​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី ៤ ផងដែរ​។

​លោក សុខ សីហា ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរ​គ​មានគម​ន៍​ខេត្តសៀមរាប មានប្រសាសន៍ថា ការបើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ឌីជីថល​ចាំបាច់ (Digital Skill Essential) នាពេលនេះ មាន​គោលបំណង​សំខាន់ គឺ​ផ្ដល់​ការពង្រឹង​សមត្ថភាព​បន្ថែម​ដល់​មន្ត្រីរាជការ​កាត់បន្ថយ​កម្លា​ត​ឌីជីថល និង​ចូលរួមចំណែក ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​គ​មនាគ​មន៍ និង​ព័ត៌មាន​នៅក្នុង​ការអភិវឌ្ឍ​ធនធានមនុស្ស ស្របតាម​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ទូរគមនាគមន៍ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ឆ្នាំ​២០២០ ។

​លោក បាន​បន្តទៀតថា សិក្ខា​មកា​ម​ដែល​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នាពេលនេះ នឹង​ទទួលបាន​ចំណេះដឹង​ដូចជា ៖ មូលដ្ឋាន​អំពី​កុំ​ព្យូ​រ​ទ័​រ (​ផ្នែក​ទន់ ផ្នែ​ង​រឹង ការគ្រប់គ្រង​ឯកសារ បណ្ដាញ សុវត្ថិភាព​កុំ​ព្យូ​រ​ទ័​រ​) កម្មវិធី​សម្រាប់​កិច្ចការរដ្ឋបាល (​កម្មវិធី​អត្ថបទ បញ្ជី​គណនេយ្យ និង​ការធ្វើ​បទ​បង្ហាញ​), អក្ខរកម្ម​ព័ត៌មាន និង​ទិន្នន័យ សុវត្ថិភាព​ប្រព័ន្ធ​ព័ត៌មាន និង​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន និង​និន្នាការ​បច្ចេកវិទ្យា​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល (​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច សេវាកម្ម​ហិរញ្ញវត្ថុ​ឌីជីថល ) ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​