អាជ្ញាធរ​ខេត្តសៀមរាប បង្ហាញថា​ការឆ្លង​ដែន​ធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់ នៅតែ​ស្ថិតក្នុង​ក្តីកង្វល់​របស់​អាជ្ញាធរ និង​ស្ថាប័ន​មាន​សមត្ថកិច្ច !

(​សៀមរាប​)៖ មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​ប្រចាំត្រីមាស​ទី​៣ ឆ្នាំ​២០២០ ដែល​បាន​ធ្វើឡើង​នៅ​សាលា​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា​នេះ លោកស្រី យូ សុភា អភិបាលរង​ខេត្ត និង​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​គណ​:​ក​ម្មា​ធិ​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្ត បាន​លើកឡើងថា ការឆ្លង​ដែន​ធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់ នៅតែ​ស្ថិតក្នុង​ក្តីកង្វល់​របស់​អាជ្ញាធរ និង​ស្ថាប័ន​មាន​សមត្ថកិច្ច ព្រោះ​វា​ជា​ទម្ងន់​បន្ថែម​លើ​ដំណោះស្រាយ នៃ​វិបត្តិ​កូ​វីដ​-១៩ ព្រោះថា​មកដល់ពេលនេះ ច្រកទ្វារព្រំដែន​កម្ពុជា​-​ថៃ នៅតែ​បន្ត​បិទ​នៅឡើយ តែ​ការព្យាយាម​ឆ្លងដែន​ធ្វើ​ចំណាកស្រុក​ខុសច្បាប់​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ទើបនឹង​បាន​វិល​ចូល​ស្រុក​នោះ នៅតែ​បង្ក​ឲ្យ​មាន​ក្តីកង្វល់​ជា​បន្តបន្ទាប់ ។

​លោកស្រី យូ សុភា បានបញ្ជាក់​ទៀតថា មូលហេតុ​មួយចំនួន​នៃ​ការ​លួច​ឆ្លងដែន​ធ្វើ​ចំណាកស្រុក​ជាថ្មី​របស់​ពលរដ្ឋ​ខ្មែរ​ទាំងនោះ ក្រៅពី​ការអូសទាញ​របស់​ជន​ខិលខូច ក៏មាន​មួយចំនួន​ដែរ ជា​ពលករ​ស្របច្បាប់ ហើយ​ដែល​ចេញមក​ដោយ​ខុសច្បាប់ មិនបាន​បោះត្រា​ទិដ្ឋាកា​ចេញ​លើ​លិខិតឆ្លងដែន ក៏​បង្ខំចិត្ត​ត្រឡប់​ទៅវិញ ដោយ​បារម្ភ​ខ្លាច​ខូច​លិខិតឆ្លងដែន នឹងត្រូវ​សមត្ថកិច្ច​ចាប់កំហុស​បាន ដូច្នេះ​សូម​ឲ្យ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​អង្គភាព​មាន​សមត្ថកិច្ច ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ ពិសេស​ត្រូវ​រក​មេខ្យល់​ដែល​នាំ​ប្រជាពលរដ្ឋ​ឆ្លងដែន​ដោយ​ខុសច្បាប់ ដើម្បី​ចាប់​យកមក​ផ្ដន្ទាទោស​តាម​នីតិវិធី​នៃ​ច្បាប់ ។​

​លោកស្រី យូ សុភា បានបញ្ជាក់​បន្ថែមទៀត​ថា គណៈកម្មាធិការ​ប្រ​យ​ទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្ត បាន​សហការ​ជាមួយ​រដ្ឋបាលខេត្ត រៀបចំ​កម្លាំង​ទទួល​ពលរដ្ឋ​ខ្មែរ ដែល​បានធ្វើ​ចំណូលស្រុក​វិញ ប្រចាំការ​នៅតាម​បណ្តា​ច្រកទ្វារព្រំដែន ដូចជា​នៅ ប៉ោយប៉ែត ម៉ាឡៃ និង​អូរ​បី​ជាន់​ជាដើម ជាមួយនឹង​ការអនុវត្ត​តាម​វិធាន​សុវត្ថិភាព ដែល​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល ធ្វើ​ច​ត្តា​ឡី​ស័ក ឧបត្ថម្ភ​អាហារ ដឹកជញ្ជូន​ទៅកាន់​មូលដ្ឋាន តាមដាន​សុខភាព បង្ការ​ទប់ស្កាត់​រលក​ទី​២ ចូលក្នុង​សហគមន៍​ឱ្យបាន​ម៉ត់ចត់ ។​

​គួររំលឹកថា ប្រជាពលរដ្ឋ​ខេត្តសៀមរាប ដែល​បានធ្វើ​ចំណាកស្រុក​ទៅរក​ការងារ​ធ្វើ​នៅក្រៅ​ប្រទេស​មាន​ចំនួន​សរុប​ជិត ៥៣.០០០​នាក់ ក្នុងនេះ​ការធ្វើ​ចំណាកស្រុក​ដោយ​ស្របច្បាប់​មាន​ចំនួន​ជាង​២២.០០០​នាក់ ហើយ​បានធ្វើ​ចំណូលស្រុក​ត្រឡប់មកវិញ​មាន​ចំនួន​ជាង​៣​ម៉ឹ​ន​នាក់​ហើយ ៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​