រដ្ឋបាល​ខេត្តកណ្ដាល រៀបចំ​វេទិកា​ផ្សព្វផ្សាយ​ការរក្សា​ការពារ​ដី អាងទឹក​ព្រែក​រាំងជា​សម្បត្តិ​រដ្ឋ

(​ខេត្តកណ្តាល​)​ឯកឧត្តម នូវ ប៉េង​ច័ន្ទ​តារា អភិបាលរង​ខេត្ត កណ្តាល​តំណាង ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្តាល បាន​អញ្ជើញ​ជា​អធិបតី ក្នុង​វេទិកា​ផ្សព្វផ្សាយ​ការរក្សា​ការពារ​ដី អាងទឹក​ព្រែក​រាំង ជា​សម្បត្តិ​រដ្ឋ ស្ថិតនៅ​ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល ។​

​ឯកឧត្តម នូវ ប៉េង​ច័ន្ទ​តារា អភិបាលរង​ខេត្ត​បាន​ថ្លែង នៅ​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ ខណៈ​អាជ្ញាធរ​ស្រុក​ស្អាង​សហការ​ជាមួយ​មន្ទីរ​ធនធានទឹក និង​ឧ​ត្តុ​រ​និយម​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត​មន្ទីរ​ក​សិ​ម្ម និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បានរៀបចំ​វេទិកា​ផ្សព្វផ្សាយ​ការរក្សា​ការពារ​ដី អាងទឹក​ព្រែក​រាំង ជា​សម្បត្តិ​រដ្ឋ ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ ឃុំ​ទឹក​វិល ដែល​កំពុង​ជួប​បញ្ហា​ទំនាស់​វិវាទ​មេទឹក ដែលជា​ប្រភពទឹក (​អាង​ស្តុក​ទឹក ) ទុក​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​យកមកប្រើ​ប្រាស់ ធ្វើស្រែ​ប្រាំង​នៅ​រដូវ​ទឹកសម្រក និង​ប្រកប​កសិកម្ម​ផ្សេងៗ​។​
​ឯកឧត្តម​បាន​មានប្រសាសន៍ថា ស្រប​ពេលដែល​កំណើនសេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា​កើនឡើង មានការ​អភិវឌ្ឍន៍​ខ្ពស់ និង​កំណើនប្រជាជន​ដីធ្លី​ចាប់ផ្តើម​ហក់​ឡើង​មាន​ហាងឆេង​ដូចគ្នានេះដែរ អូរ ត្រពាំង បឹង អាង​ស្តុក​ទឹក ត្រូវបាន​គេ​ចូលកាន់​កាប់​រំលោភ​យក​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដែល​ធ្វើឱ្យ​ផ្ទៃ​បឹង ត្រពាំង​អាង​ស្តុក​ទឹក​ត្រូវ​រួម​តូច​បន្តិច​ម្តងៗ ។ ហើយ​បញ្ហា​នេះ​យើងទាំងអស់គ្នា​ត្រូវតែ​គិតគូរ ថែរក្សា ការពារ ដើម្បី​បម្រើ​ប្រយោជន៍​ប្រជាពលរដ្ឋ​ទាំងមូល​ក្នុង​ខេត្ត​។​

​ឯកឧត្តម​ស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន ស្រុក ភូមិ ឃុំ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ផ្ទៃ​អាង​ស្តុក​ទឹក​ព្រែ​ករាំង និង​សុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​អាស្រ័យ​ផល​នៅក្នុង​អាង​ស្តុក​ទឹក​នេះ ក៍​ដូច​ប្រជាកសិករ​ដែល​ធ្វើស្រែ​ចំការ ត្រូវ​រួមសហការ​គ្នា​ថែរក្សា ការពារ ទុក​ធ្វើជា​ប្រភពទឹក​ធ្វើស្រែ​ប្រាំង នឹង​ស្រែវស្សា ។ គឺ​ធ្វើយ៉ាងណា កុំ​ទន្ទ្រាន​ដី​រដ្ឋ​ធ្វើ​សម្បត្តិ​ឯកជន កុំ​ឲ្យ​ជឿ​ការ​ញុះ​ញ៉ុ​ង​អ្នកដ៍ទៃ យក​សម្បត្តិ​ធម្មជាតិ​ធ្វើ​អាជីវកម្ម ផ្ទាល់ខ្លួន គឺ​រួមគ្នា​ជួយ​សហការ ថែរក្សា​សម្បត្តិ​រួម​ដើម្បី​ផលប្រយោជន៍​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកណ្តាល សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​